adverise with khmeread 14875335 1158560447564162 1954139242 n

ព័ត៌មាន​លម្អិត​! ស្តីពី​រថយន្ត​ដឹក​កម្មករ​បើក​ជែង​រ៉ឺ​ម៉ក​មិន​ផុត​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​ ៦​ ​របួស​កម្មករ​រោងចក្រ របួស ​៧២​ នាក់​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​៧២​នាក់​បាន​រងរបួស​ធ្ងន់​ ​៤៣​ នាក់ ហើយ​ក្នុងចំណោម​៤៣​នាក់​នោះ​មាន ​៣​ នាក់​រងរបួស​ធ្ងន់​ខ្លាំង ឈានដល់​ការវះកាត់ និង​កម្មករ​ ២៩ ​នាក់​ទៀត​រងរបួស​ស្រាល បន្ទាប់ពី​មាន​ហេតុការណ៍ ក្រឡាប់​រថយន្ត​ដឹក​កម្មករ កាលពី​វេលា​ម៉ោង​៦ ​និង​១០​នាទី ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ នៅលើ​ដង​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​លេខ​៨​និង​លេខ​៩ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ 

    យោងតាម​របាយការណ៍​ដែល​ស្រង់​ស្ថិតិ​ជនរងគ្រោះ​ដោយ​អ្នកជំនាញ​បេឡា​ជាតិ​របបសន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​បានឱ្យដឹងថា កម្មករ​រងគ្រោះ​មាន​ចំនួន​សរុប ​៧២ ​នាក់ ក្នុងនោះ​រងរបួស​រង​របួសធ្ងន់ ​៤៣ ​នាក់ ហើយ​ក្នុងចំណោម​ ៤៣ ​នាក់​នោះ​មាន ​៣ ​នាក់ រងរបួស​ធ្ងន់​ខ្លាំង​ឈានដល់​ការវះកាត់ និង​កម្មករ​ ២៩ ​នាក់​ទៀត​រងរបួស​ស្រាល។​

    យោងតាមរបាយការណ៍​បា​នឱ្យ​ដឹង​ទៀ​ថា បច្ចុប្បន្ន​កម្មករ​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​ និង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ចំនួន ​៦៣ ​នាក់ និង ​៩ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ និង​សង្គ្រោះ​នៅ​ពហុព្យាបាល​ឯកជន​យីហោ​ សុខ លាភ។​

    រហូតមកទល់​ពេលនេះ​នៅ​មិនទាន់មាន​សេចក្តី រាយការណ៍​ណាមួយ​ដែល​កម្មករ​រងគ្រោះ​ឈានដល់​បាត់បង់​ជីវិត​នោះទេ។​

    ចំណែក​សមត្ថកិច្ច​បាន​ឱ្យដឹងថា កម្មករ​ទាំងនោះ​មាន​លំនៅដ្ឋាន​ក្នុងភូមិ​នានា នៃ​ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ពួកគាត់​ជា​កម្មករ​បំរើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ សំលៀកបំពាក់​យីហោ យូ​ឌី​អេស (UDS) ជាប់​ផ្លូវជាតិ​លេខ​៦ ជិត​ស្ពាន​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។ 

    សមត្ថកិច្ច​បន្តថា ក្រុមកម្មករ​រងគ្រោះ​ក្នុងចំណោម​កម្មករ​សរុប​ប្រមាណ ជាង​៨០​នាក់​បានធ្វើ​ដំណើរ​ដោយ​រថយន្ត​១​គ្រឿង​ចំណុះ​២​តោន​កន្លះ ចាក​ចេញពី​លំនៅដ្ឋាន ឆ្ពោះ​មកកាន់​កន្លែង​បំពេញការងារ​រោងចក្រ។​

    លុះ​មកដល់​ជិត​កន្លែងកើតហេតុ តៃកុង​រថយន្ត បាន​ព្យាយាម​វ៉ា​រ៉ឺម៉ក​កង់​៣​មួយគ្រឿង​នៅខាងមុខ​ដោយ​វ៉ា​ខាងឆ្វេង តែ​រថយន្ត​ជ្រុល​បម្រុង​បុក សួនច្បារ​បែងចែក​ទ្រូងផ្លូវ ទើប​តៃកុង​សម្រេចចិត្ត​បួង​ចង្កូត​មក​ស្តាំ​វិញ​ទាំង​បង្ខំ ក៏​បណ្តាលឱ្យ​ក្រឡាប់​ចាក់ចោល​កម្មករ​រ​ណូ​ក​រណេល​ពេញ​ផ្លូវ​តែម្តង។​

    បន្ទាប់ពី​មាន​ហេតុការណ៍​បែបនេះ ក្រុមកម្មករ​ដែល​រង​របួស​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ រថយន្ត​ដែល​ដឹក​កម្មករ​នោះ មាន​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​២​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5727 ដោយ​ផ្សា​ជា​ទ្រុង​ដឹក​កម្មករ​បាន​រហូតដល់​ជាង​៨០​នា​ក់ឯ ណោះ។ 

    គួរបញ្ជាក់​ផងដែរ​ថា ជា​ញឹកញយ​រថយន្ត​ដឹក​កម្មករ​បែបនេះ​តែងតែ​បង្ក​ហានិភ័យ​ជាយថាហេតុ ​បង្ក​ជា​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​កម្មករ​ កម្ម​ការ​នី​ ដែល​ធ្វើដំណើរ​លើ​រថយន្ត បាន​រងរបួស​ធ្ងន់​និង​ស្រាល និង​មានពេលខ្លះ​ឈានដល់​ស្លាប់​ក៏មាន។​

    អ្វីដែល​គេ​សង្កេតឃើញ​ពី​ដើមចម​ឱ្យមាន​បញ្ហា​គ្រោះថ្នាក់​បែបនេះ គឺ​ការដឹកជញ្ជូន​ខុស​លក្ខណៈ​បច្ចេកទេស​លើស​ចំណុះ គួបផ្សំ​និង​ការបើកបរ​លឿន​ទាំង​ប្រថុយប្រថាន​ផងដែរ៕

 

adverise with khmeread

មតិយោបល់