3

ស្ត្រី​អាមេរិក​ម្នាក់​ត្រូវ​ប្តី​ពឹង​ទិញ​ឆ្នោត​ឱ្យ ១០ ដុល្លារ គាត់​ខឹង​ប្តី​ខ្មោច​ល្បែង​ពេក​ក៏​ទិញ​ឆ្នោត​ក្រុមហ៊ុន​ផ្សេង​ឱ្យ តែ​មិន​នឹកស្មានថា​គាត់​ត្រូវ​អរគុណ​ខ្មោច​ល្បែង​របស់គាត់ ព្រោះ​វា​ត្រូវ ១ លាន​ដុល្លារ

    ​យោងតាម​ប្រភពព័ត៌មាន CNN កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យដឹងថា ស្ត្រី​រស់នៅ​រដ្ឋ North Carolina ម្នាក់​បាន​ត្រៀម​នឹង​បង្រៀន​ប្តី​របស់គាត់​នូវ​មេរៀន​ដ៏​សំខាន់​មួយ​ទៅហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​ឯណេះ​ទេ​ជា​អ្នក​ដែល​ត្រូវបាន​ប្តី​របស់គាត់​បង្រៀន​ទៅវិញ​។​

​    ​អ្នកស្រី Glenda Blackwell មកពី​តំបន់ Leicester មានការ​នឿយហត់​នឹង​ប្តី​របស់គាត់​ជាខ្លាំង ដោយ​សារបាន​ចាយលុយ​ខ្ជះខ្ជាយ​ទៅលើ​សន្លឹកឆ្នោត ហើយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ប្តី​របស់​អ្នកស្រី​ក៏បាន​សុំឱ្យ​អ្នកស្រី​ទៅ​ទិញ​ឆ្នោត Powerball​។ ផ្ទុយទៅវិញ អ្នកស្រី​បាន​ទិញ​ឆ្នោត​កោស Carolina Millions តម្លៃ ១០ ដុល្លារ​ទៅវិញ​។​

​    ​អ្នកស្រី​បាន​ប្រាប់​កាសែត WLOS ថា "​ខ្ញុំ​បាន​ទៅ​ទិញ​ឆ្នោត​មហា​អន់ និង​កោស​រួច​ទៀត ដើម្បី​បង្ហាញ​គាត់​ថា ឆ្នោត​គ្មាន​ត្រូវ​ស្អី​ទេ​។ ជួនកាល​ខ្ញុំ​ចង់តែ​វាយ​គាត់​ទេ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា បង​បានត្រឹមតែ​បង្ហិន​លុយ​ប៉ុណ្ណោះ​"​។​

​    ​តើន​រណា​ទៅ​ដឹង​ទៅ​! សន្លឹកឆ្នោត​កោស​រួច​ដែល​អ្នកស្រី​បាន​ទិញ​នោះ​គឺជា​សន្លឹកឆ្នោត​ត្រូវ​រង្វាន់​ដល់​ទៅ ១ លាន​ដុល្លារ​។ ក្រោយ​រឿង​បែបនេះ​បានកើត​ឡើង អ្នកស្រី​បាន​និយាយថា "​ខ្ញុំ​ត្រូវ​លេបសម្តី​របស់ខ្ញុំ​វិញ​ហើយ ព្រោះ​សម្តី​នោះ​សម​នឹង​លេប​វិញ​ណាស់​។ ខ្ញុំ​រីករាយ​ខ្លាំងណាស់​"​។​

​    ​អ្នកស្រី​បានជ្រើសរើស​ជម្រើស​បើក​លុយ​តែម្តង​ឱ្យអស់​តែម្តង ដោយ​បានតែ​ចំនួន ៤១៥.៥០៣ ដុល្លារ​ប៉ុណ្ណោះ (​ព្រោះ​បើក​ទាំង​ដុល​អ៊ីចឹង​ត្រូវ​កាត់​ពន្ធ​ច្រើន​)​។ គាត់​នឹង​ប្រើប្រាស់​លុយ​នេះ​សម្រាប់​ទិញ​ផ្ទះមួយ​ខ្នង និង​ដី​មួយចំនួន ហើយ​ឱ្យ​កូនស្រី​របស់គាត់​ខ្លះ និង​តម្កល់​លុយ​សម្រាប់​ថ្លៃ​មហាវិទ្យាល័យ​សម្រាប់​ចៅស្រី​ពីរ​នាក់​របស់គាត់​៕

ប្រភព CNN 

អ្នកនឹងចូលចិត្ត

មតិយោបល់