Article p 083738d3 0b5d 455f a441 6bde32374241 rnbqubrudab309f61f42f0ee851 832 634x356

Jose Mourinho ត្រូវ FA ចោទ​ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​សម្រាប់​សម្តី​របស់លោក​និយាយ​ដាក់​អាជ្ញាកណ្តាល​

    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ត្រូវបាន​សមាគម​បាល់ទាត់​អង់គ្លេស​ចោទ​ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​សម្រាប់​សម្តី​របស់លោក​អំ​ពី​អាជ្ញាកណ្តាល Anthony Taylor នៅមុន​ការប្រកួត​ស្មើ​ជាមួយ Liverpool​។​

​    ​ការតែងតាំង​មន្ត្រី​អាជ្ញាកណ្តាល​ដែល​រស់នៅ Altrincham សម្រាប់​ជំនួប​រវាង​ក្រុម​ទាំងពីរ​កាលពី​ថ្ងៃទី ១៧ តុលា​បាន​លើក​ជា​មន្ទិល​នៅ​មជ្ឈដ្ឋាន​ខ្លះ ហើយ​លោក Keith Hackett អតីត​ប្រធាន​ស្ថាប័ន​ជ្រើសរើស​មន្ត្រី​អាជ្ញាកណ្តាល​សម្រាប់​ការប្រកួត​លក្ខណៈ​អាជីព បាន​អះអាងថា ការ​តែ​តាំង​អាជ្ញាកណ្តាល​រូបនោះ​ឱ្យ​កាត់សេចក្តី​ការប្រកួត​នោះ​នឹងដាក់​សម្ពាធ​ធ្ងន់ធ្ងរ​ហួសហេតុ​លើ​អាជ្ញាកណ្តាល​នោះ​។​

​    ​ពេល​លោក Mourinho យកសម្តី​នោះមក​បន្ថែមល្បោយ​ពីលើ​នៅមុន​ការប្រកួត អ្នកចាត់ការ​បិសាច​ក្រហម​រូបនេះ​និយាយថា "​ខ្ញុំ​គិតថា​អាជ្ញាកណ្តាល Taylor ជា​អាជ្ញាកណ្តាល​ល្អ ប៉ុន្តែ​ខ្ញុំ​គិតថា មនុស្ស​ម្នាក់​ជាមួយ​គោលបំណង​មួយ​កំពុង​ដាក់​សម្ពាធ​នេះ​មកលើ​រូបគាត់ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា វា​នឹង​លំបាក​សម្រាប់​គាត់​ដើម្បី​កាត់សេចក្តី​ឱ្យបាន​ល្អ​"​។ 

​     លោក Mourinho ត្រូវបាន FA ទាក់ទង​សុំ​អង្កេត​សម្តី​របស់លោក ហើយ​ឥឡូវ​ស្ថាប័ន​បាល់ទាត់​អង់គ្លេស​បាន​ចោទ​លោក​ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​ទៅហើយ​។ 

​    ​សេចក្តីថ្លែងការណ៍​រប​ស់ FA លើកឡើងថា "Jose Mourinho ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​ក្នុង​ការគោរព​សម្តី  ដែល​លោក​បាន​និយាយ​ទាក់ទង​នឹង​ការតែងតាំង​អាជ្ញាកណ្តាល​កាត់សេចក្តី​ការប្រកួត នៅមុន​ជំនួប​រវាង Liverpool និង Manchester United នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា ២០១៦​។ តាម​ការចោទប្រកាន់ សម្តី​របស់លោក​គឺ​មិន​សមរម្យ និង​/​ឬ ធ្វើឱ្យ​ការប្រកួត​ខូច​កិ​ត្ដិ​យស​កេរ្តិ៍ឈ្មោះ ដែល​ផ្ទុយទៅនឹង​ច្បាប់ FA Rule E3(1)​។ លោក Mourinho មាន​ពេល​ត្រឹម​ម៉ោង ៦ ល្ងាច​ថ្ងៃ​ចន្ទ​ទី​៣១ ខែតុលា ២០១៦ ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​"៕

មតិយោបល់