ភ្នំពេញ ៖ ថ្នាក់ដឹកនាំស្ថាប័នកីឡាជាតិពាក់ព័ន្ធនានាបានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខពីម្ចាស់ ទឹកម្ចាស់ដី និងពិនិត្យមើលការហ្វឹកហាត់សមលើកចុងក្រោយ នៅទីលានបាល់ទាត់កីឡដ្ឋានជាតិ កាលពីល្ងាច ម្សិលមិញ សម្រាប់បើកការប្រកួតកីឡាជាតិជាផ្លូវការដ៏ធំសម្បើមជាប្រវត្តិសាស្ត្រលើកទី១របស់ខ្លួន ដែលនឹង ចូលមកដល់ នាល្ងាចថ្ងៃសុក្រនេះ។
ការសាកល្បងបើកការប្រកួតកីឡាជាតិលើកចុងក្រោយនេះ ត្រួតពិនិត្យមើលផ្ទាល់ពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
ការសាកល្បងនោះមានការបង្ហាញពីក្បាច់ប្រយុទ្ធរបស់កងយោធពលខេមរភូមិន្ទចំនួន២៣០ នាក់ ក្បាច់គុនល្បុក្កតោចំនួន២០០នាក់ ការបង្ហាញកាយសមស្របរបស់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា២០០នាក់។
ការបង្ហាញពីរបាំដែលសម្តែងដោយក្រុមសិល្បៈក្រសួងវប្បធម៌ចំនួន២៥០នាក់ និងស្គរ តូច-ធំចំនួន១០០ស្គរ។ជាមួយគ្នានេះក៏មានការលោតឆ័ត្រយោងដោយក្រុមកងពលតូចពិសេសឆ័ត្រយោង ចំនួន៨នាក់ដោយលោត ក្នុងកំពស់ ២,៣០០ម៉ែត្រ ដែលនាំទង់ជាតិកម្ពុជាចំនួន២ទង់កីឡាជាតិចំនួន២ និង ទង់អូឡាំពិកចំនួន២ និងអ្នកលោតអមចំនួន២នាក់ទៀតផង។
ការហាត់សមនេះ ក៏មានការរត់ភ្លើងគុបដោយកីឡាករចាស់ៗដូចជាលោក កែវ ថុន ដែលមានវ័យ៨៨ឆ្នាំ លោក អ៊ាត គឹមហេង វ័យ៧៥ឆ្នាំ លោកតូ រិទ្ធិយ៉ា អ្នករត់ម៉ារ៉ាតុងជើងចាស់ លោក សោម សារ៉ន ហៅមាំង លោក ប៉ែន ផាត អ្នកទាត់បាល់ជើងចាស់ កីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក និង កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតេក្វាន់ដូអាស៊ីដែលជាអ្នកបន្តយកភ្លើងគុបទៅដុត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា នេះជា ព្រឹត្តិការណ៍ដ៏ធំ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ហើយក៏ជាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីសម្រួច គោលដៅដ៏សំខាន់មួយ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នា ឆ្នាំ២០២៣ ខាងមុខ ដែលព្រះរាជាណា ចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។
លោកបាន ស្នើសុំឱ្យយុវជន និង ប្រជាពលរដ្ឋនានាចូលរួមទស្សនា និងគាំទ្រដោយសេរី និងឲ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី១នេះ បានដំណើរការ ពីថ្ងៃទី២៥តុលា ដល់៥វិច្ឆិកា ដោយ គ្រោងចំណាយថវិកាជាតិប្រមាណ១លានដុល្លារអាមេរិក ដោយលោក ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ផងដែរ៕
