adverise with khmeread Financial management skills

ជំហាន​ងាយៗ​ទាំង​៧​ដើម្បី​ធ្វើ​ឲ្យ​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​

​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​ប្រព័ន្ធ​អប់រំ​របស់​យើង​មិន​បង្រៀន​ពី​ជំនាញ​ជីវិត​? ខ្ញុំ​ពិតជា​ធ្លាប់​ឆ្ងល់​។ ខ្ញុំ​បង្រៀន​ផ្នែក​ទំនាក់ទំនង​នៅ​កម្រិត​សាកលវិទ្យាល័យ ប៉ុន្តែ​នៅមុន​ពេល​និស្សិត​ទាំងអស់​ចូលមក​រៀន​ថ្នាក់​របស់ខ្ញុំ ទម្លាប់​របស់​ពួកគេ​ត្រូវបាន​បង្កើតឡើង​ច្រើន​គួរសម​រួចទៅហើយៗ​ភាគច្រើន​នៃ​ទម្លាប់​ទាំងនោះ​គឺ​អាក្រក់​ទាំងអស់​។ 

​ឧទាហរណ៍​ជាក់ស្តែង ប្រហែល​ពួកគេ​ឃើញ​ឪពុកម្តាយ​ស្រែក​ជំ​ទាល​ដាក់គ្នា​ទៅវិញទៅមក​។ ឬ​ប្រហែល​ពួកគេ​ឃើញ​បញ្ហា​ហើយ​រត់គេច​ទាំងអស់គ្នា​។ ទាំងនេះ​មិនមែនជា​ជំនាញ​ល្អ​ដើម្បី​សម្រប​តាម​នោះទេ​។ វា​ពិតជា​គួរ​ឲ្យ​ស្តាយ​ណាស់​ដែល​ពួកគេ​មិនបាន​រៀន​ពី​ជំនាញ​ជីវិត​ឲ្យ​បាន​ប្រសើរ​នៅពេលដែល​ពួកគេ​រៀន​នៅ​សាលា​។  

​ជំនាញ​ជីវិត​មួយទៀត​ដែល​យើង​មិន​ធ្លាប់​រៀន​នៅ​សាលា​គឺ​របៀប​កាន់​លុយ​។ ជាថ្មី​ម្តងទៀត យើង​ច្បាស់​ជា​ធ្លាប់បាន​កត់សម្គាល់ឃើញ​ពី​របៀប​ដែល​ឪពុកម្តាយ​របស់​យើង​ប្រើប្រាស់​លុយ មិន​អ៊ីចឹង​?​។ តើ​ពួកគាត់​ជា​អ្នក​ចូលចិត្ត​ចាយ​? តើ​ពួកគាត់​ជា​អ្នក​ចូលចិត្ត​សន្សំ​លុយ​? តើ​ពួកគាត់​បង្រៀន​យើង​ពី​របៀប​វិនិយោគ​លុយ​ទេ​? តើ​ពួកគាត់​បង្រៀន​យើង​អំពី​ទីផ្សារ​ហ៊ុន ឬ​របៀប​សន្សំ​លុយ​សម្រាប់​ចូលនិវត្តន៍​ទេ​? ខ្ញុំ​ហ៊ាន​ភ្នាល់​ថា​ចម្លើយ​របស់​យើង​ភាគច្រើន​គឺ "​មិនដែល​ទាល់តែសោះ​"​។  

​មិនមែន​ដោយសារតែ​អ្នក​មិនបាន​រៀន​ពី​ជំនាញ​ហិរញ្ញវត្ថុ​នៅ​សាលា​មានន័យថា​អ្នក​មិនអាច​រៀន​ពី​វា​បាន​នោះទេ​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ដែល​អ្នក​អាច​ធ្វើតាម​ដើម្បី​ទទួលបាន​ជំនាញ​គ្រប់គ្រង​លុយ​ឲ្យ​កាន់តែ​ប្រសើរ​។ 

១- បង្កើត​គម្រោង​ថវិកា ហើយ​អនុវត្តតាម​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​
​តើ​អ្នក​ដឹងថា​លុយ​ទាំងអស់​របស់​អ្នក​ទៅ​ទីណា​ទេ​? តើ​អ្នក​ដឹងថា​អ្នក​ចាយលុយ​អស់​ប៉ុន្មាន​ទេ​លើ​រឿង​ដូចជា ទៅ​ញ៉ាំ​អី​ខាងក្រៅ មើល​កុន ទិញ​ស្រា​បៀរ ឬ ទិញ​ខោអាវ​? មនុស្ស​ភាគច្រើន​មិនដឹង​នោះទេ​។ តើ​អ្នក​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់​ទៀត ដែល​គ្រាន់តែ​បួងសួង​រាល់ថ្ងៃ​កុំ​ឲ្យ​ខ្លួនឯង​ដក​លុយ​ចេញពី​កុង​ធនាគារ​មែន​ទេ​? ប្រសិនបើ​អ៊ីចឹង​មែន ត្រូវ​ចាប់ផ្តើម​បង្កើត​គម្រោង​ថវិកា​របស់​អ្នក​។ ត្រឡប់​ទៅ​មើលសៀវភៅ​ធនាគារ​ឬ​សៀវភៅ​កត់ត្រា​កាលពី​ឆ្នាំមុន ហើយ​សរសេរ​ចុះ​ពី​ចំនួន​លុយ​ដែល​បាន​ចំណាយ​ទៅតាម​ប្រភេទ​នីមួយៗ​។ អ្នកនឹង​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការចំណាយ​ឥតប្រយោជន៍​ដោយ​មិនដឹង​ខ្លួន​របស់​អ្នក​នាពេល​កន្លងទៅ​។  

២- ក្លាយជា​អ្នកទិញ​ដែល​ម៉ឺងម៉ាត់
​នៅពេល​អ្នក​ទៅ​ផ្សារ​ទិញ​របស់របរ តើ​អ្នកមាន​រាយ​នាម​របស់​ត្រូវ​ទិញ​ក្នុង​បញ្ជី​ត្រឹមត្រូវ​ទេ​? តើ​អ្នកមើល​លើ​តម្លៃ​ទំនិញ​ទេ​? តើ​អ្នក​ប្រើ​ប័ណ្ណ​គូ​ប៉ុង​បញ្ចុះតម្លៃ​ទេ​? មាន​ប្រភព​អន​ឡាញ និង​កម្មវិធី​ទូរស័ព្ទ​ច្រើនណាស់​ដែល​អាចជួយ​អ្នក​ផ្តោត​បាន​ច្រើន​លើ​អ្វីដែល​អ្នក​ចង់​ចំណាយ​។ 

​កុំ "​ដេក​ដើរ​" ពេញ​មួយជីវិត​។ ត្រូវ​ដឹង​គ្រប់​សេន​ដែល​អ្នក​បាន​ចំណាយ​! នៅពេល​មនុស្ស​មិន​ធ្វើបែបនេះ​ទេ លុយ​របស់​ពួកគេ​នឹង​ចេះតែ​ហោចទៅៗ​។ វា​ចំណាយពេល​ប្រឹងប្រែង​តែ​បន្តិច​ប៉ុណ្ណោះ​ដើម្បី​ស្វែងរក​ប័ណ្ណ​បញ្ចុះតម្លៃ ធ្វើ​បញ្ជីរាយនាម​របស់​ត្រូវ​ទិញ ពិនិត្យមើល​តម្លៃ​នៅ​ផ្សារ​ដែល​អ្នកដើរ​ទិញ​ឥ​វ៉ាន់ ប៉ុន្តែ​ធ្វើបែបនេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យូរអង្វែង​សម្រាប់​អ្នក​។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ខ្លាំង​ផងដែរ​ចំពោះហិរញ្ញវត្ថុរបស់អ្នក។​

៣- កត់ត្រា​សមតុល្យ​ការចំណាយ​ចូលក្នុង​សៀវភៅ​តូច​របស់​អ្នក
​កុំ​ខ្វល់​រឿង​មិត្តភក្តិ​សើចចំអក​រឿង​គ្រាន់តែ​ចំណាយ​តិចតួច ក៏​កត់​ត្រាទុក​ដែរនោះ​។ ប្រសិនបើ​អ្នក​មិន​ធ្វើបែបនេះ​ទេ អ្នក​នឹងមិន​ខ្វល់​ពី​ការចំណាយ​របស់​អ្នក​នោះទេ​។ ពេលណា​ដែល​អ្នក​បានធ្វើ​បែបនេះ អ្នកនឹង​មានការ​ប្រយ័ត្នប្រយែង​ជាង​មុន​រឿង​ចាយវាយ ហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នក​ចាយ​ដៃ​ធំ​ដែរ​។ 

៤- ត្រូវមាន​ផែនការ និង​ទស្សនៈវិស័យ
​ដើម្បី​សម្រេច​អ្វីមួយ អ្នក​ត្រូវតែមាន​ផែនការ តើ​មែន​ទេ​? ប្រសិនបើ​អ្នក​ចង់ទៅ San Francisco ប៉ុន្តែ​អ្នក​ពុំមាន​ឧបករណ៍ Mapquest ឬ GPS ដើម្បី​គណនា​ប្រវែង​ផ្លូវ​របស់​អ្នក អ្នកនឹង​មិនអាច​ទៅដល់​ទីនោះ​បានទេ​! ផ្ទុយ​មកវិញ អ្នកនឹង​បានត្រឹមតែ​បើកបរ​គ្មាន​គោលដៅ និង​មិនដឹងថា​បើក​ទៅដល់​ទីណា​នោះទេ​។ 

​ការប្រៀបធៀប​នេះ​គឺ​នឹង​កើតឡើង​ចំពោះ​អ្នក​ប្រសិនបើ​អ្នក​ពុំមាន​ផែនការ​ហិរញ្ញវត្ថុ​។ អ្នក​តែង​សួរ​ខ្លួនឯង​ញឹកញាប់​ថា "​តើ​លុយ​ខ្ញុំ​ទៅ​ទីណា​អស់ហើយ​?" ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ផែនការ និង​កញ្ចប់​ថវិកា​ច្បាស់លាស់ នោះ​អ្នកនឹង​ដឹង​ច្បាស់​ថា​លុយ​របស់​អ្នក​បាន​ទៅ​ទីណា​។  

៥- គិត​ឲ្យ​ដូចជា​អ្នកវិនិយោគ​ម្នាក់
​ដូចដែល​ខ្ញុំ​បាន​និយាយ​ពី​ខាងលើ​អ៊ីចឹង ប្រព័ន្ធ​អប់រំ​របស់​យើង​មិនបាន​បង្រៀន​យើង​ពី​របៀប​ចាយលុយ​នោះទេ ជាពិសេស​នៅពេល​និយាយ​ដល់​របៀប​ធ្វើ​ឲ្យ​លុយ​កើតកូន​។ ប៉ុន្តែ​យើង​ត្រូវតែ​គិត​អំពី​រឿងនេះ​។ តើ​អ្នកមាន​បំផុត​លើ​ពិភពលោក គ្រាន់តែ​សន្សំ​លុយ ៥០០ ដុល្លារ​ក្នុង​មួយខែ រួច​ទុក​វា​ចោល​បែបនេះ​មែន​ទេ​? ជាការ​ពិត​គឺ​មិនមែន​នោះទេ​! ពួកគេ​រៀន​ពី​របៀប​ប្រែក្លាយ​លុយ ៥០០​ដុល្លារ​ឲ្យ​ទៅជា ១០០០ ដុល្លារ​ក្នុង​មួយខែ​។ បន្ទាប់មក​ទៅជា ១០.០០០ ដុល្លារ​។ បន្ទាប់មកទៀត ១០០.០០០ ដុល្លារ​។ រួច​ចេះតែ​រៀន​បង្កើត​លុយ​តទៅទៀត​ឥត​ឈប់​។ អ្នក​យល់​ហើយ​មែន​ទេ​? 

​អ្នក​មិនអាច​រំពឹង​មាន​អនាគត​ហិរញ្ញវត្ថុ​រឹងមាំ​ទេ ប្រសិនបើ​អ្នក​មិន​គិតពី​របៀប​ឲ្យ​លុយ​កើតកូន​នោះ​។ ដូច្នេះ ប្រសិនបើ​អ្នក​គិត​ដូចជា​អ្នកវិនិយោគ អ្នក​ច្បាស់​ជា​នឹង​ឃើញ​ស៊ុត​របស់​អ្នក​កើត​កាន់តែច្រើន​។ 

៦- ធ្វើការ​ជាមួយ​ដៃគូ​ឬ​គូស្នេហ៍​ផ្អែកលើ​គោលដៅ​ហិរញ្ញវត្ថុ​តែមួយ
​ប្រសិនបើ​អ្នក​រៀបការ​ហើយ​ឬ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ដែល​លុយ​ចាយ​រួមគ្នា អ៊ីចឹង​អ្នក​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​។ ដោយសារតែ​ខ្ញុំ​ធ្លាប់​បង្រៀន​ផ្នែក​ទំនាក់ទំនង​ ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ជម្លោះ​ធំ​បំផុត​ក្នុង​ទំនាក់ទំនង​ស្នេហា​គឺ​លុយ​នេះ​តែម្តង​! ជា​ញឹកញាប់ មនុស្ស​ម្នាក់​នឹង​ក្លាយជា​អ្នក​សន្សំ និង​ម្នាក់ទៀត​នឹង​ក្លាយជា​អ្នកចំណាយ​។ រឿង​បែបនេះ​មិនអាច​ធ្វើ​ឲ្យ​កើត​លុយ​នោះទេ​! ដូច្នេះ​វា​សំខាន់​ណាស់​ដែល​អ្នក​ទាំងពីរ​ត្រូវ​ប្រឹងប្រែង​ជាមួយគ្នា​ផ្អែកលើ​គោលដៅ​ហិញ្ញ​វត្ថុ​ដូចគ្នា​។ 

​អង្គុយ​ចុះ​ជាមួយគ្នា​រួច​ធ្វើ​គម្រោង​ថវិកា​។ ជួប​ជាមួយ​អ្នកផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ដូច្នេះ​អ្នក​អាច​រៀន​ពី​របៀប​វិនិយោគ​លុយ​របស់​អ្នក​ប្រកបដោយ​ភាព​ឆ្លាត​វៃ​បំផុត​។ ប៉ុន្តែ​ប្រសិនបើ​មិន​ចង់​ជួប​អ្នកផ្តល់​ប្រឹក្សា​ហិរញ្ញវត្ថុ​ទេ ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នក​ទាំងពីរ​មាន​គោលដៅ​ហិរញ្ញវត្ថុ និង​ទស្សនៈវិស័យ​រួមគ្នា​។ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នឹង​វា​ឲ្យ​បានល្អ​! 

៧- ប្តេជ្ញា​សន្សំ​លុយ
​នៅពេល​និយាយ​ដល់​ការ​ប្រកាន់ខ្ជាប់​អ្វីមួយ​ឲ្យ​បាន ការប្តេជ្ញាចិត្ត​គឺជា​រឿង​សំខាន់បំផុត​។ អ្នក​មិនអាច​ធ្វើ​អ្វីមួយ​នៅ​ពាក់កណ្តាល​ទី​បានទេ​។ អ្នក​មិនអាច "​ជួនកាល​" ធ្វើ​អ្វីមួយ និង "​ជួនកាល​មិន​ធ្វើ​អ្វីមួយ​នោះទេ​"​។ អ្នក​ត្រូវតែមាន​ភាពច្បាស់លាស់​ឥត​ងាករេ​! អ្នក​ត្រូវតែ​ប្តេជ្ញា​សម្រេច​អ្វីមួយ​គឺ​សម្រេច​ឲ្យ​បាន​។ ហេតុដូច្នេះ​ហើយ​បានជា​អ្នក​ដាច់ខាត​ត្រូវតែ​រៀន​ប្តេជ្ញា​សន្សំ​លុយ ដើម្បី​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នកមាន​ភាពល្អ​ប្រសើរឡើង​ក្នុងពេល​អនាគត​៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់