1

កីឡាករ Neymar ត្រូវបាន​បង្គាប់​ឲ្យ​ចូលខ្លួន​ក្នុង​តុលាការ​ជុំវិញ​ការផ្ទេរ​រូបគេ​ពី​ក្រុម Santos មក Barcelona

ទីក្រុង Madrid៖ តុលាការជាតិ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​កោះហៅ​កីឡាករ Neymar ដើម្បី​ធ្វើ​កសិណសាក្សី​ក្នុងការ​ស៊ើបអង្កេត​ពី​ការចោទប្រកាន់​ភាពមិន​ប្រក្រតីពាក់ព័ន្ធ​នឹង​ការផ្ទេរ​រូបគេ​មក​ក្លឹប Barcelona នៅ​ថ្ងៃទី​២ ខែកុម្ភៈខាងមុខនេះ​។​

​តុលាការ​​និយាយថា អតីត​ប្រធាន​ក្លឹប​អ្នកមាន​បុណ្យ​លោក Sandro Rosell និង​ប្រធាន​ក្លឹប​បច្ចុប្បន្ន​លោក Josep Bartomeu និង​ឪពុកម្តាយ​របស់​កីឡាករ Neymar ក៏​នឹងត្រូវ​បង្ហាញខ្លួន​មុខចៅក្រម​ផងដែរ​។​

​កាលពី​ឆ្នាំមុន​តុលាការជាតិ​បាន​ច្រានចោលរួចមកហើយនូវ​សំណើរ​របស់​ Neymar ឲ្យ​តុលាការ​បោះបង់​ចោលការ​ស៊ើបអង្កេត​ករណី​ភាពមិនប្រក្រតីនេះ​។​

​តុលាការ​កំពុង​ពិនិត្យមើល​ពាក្យបណ្តឹង​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិនិយោគ​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​អះអាងថា​ពួកគេ​រង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​នៅពេល​ក្រុម Barcelona និង​កីឡាករ វ័យ ២៣ ឆ្នាំ Neymar  បដិសេធ​នូវ​តម្លៃ​ខ្លួន​ពិត​នៅពេល​រូបគេ​បាន​ផ្ទេរ​ពី​ក្រុម Santos ក្នុង​ឆ្នាំ ២០១៣។​

​ពាក្យបណ្តឹង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ខែមិថុនា​​ដោយ​ក្រុម​អ្នកវិនិយោគ DIS ដើម្បីឱ្យមានការ​កោះហៅ​កីឡាករ Neymar និង​ឪពុកម្តាយ​របស់គាត់ និងក្រុម Barcelona រួមជាមួយនឹង​លោក Rosell និង លោក Bartomeu ដែលជាជនជាប់ចោទ​។​

​ក្រុម​អ្នកមាន​បុណ្យ​មុនដំបូង​និយាយថា​តម្លៃ​ខ្លួន​កីឡាករ​នេះ​គឺ​ត្រឹមតែ ៥៧.១ លាន​យ៉ូ​រ៉ូ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​ក៏បាន​សារភាពថា​ពួកគេ​បាន​ទិញសរុប​ក្នុងតម្លៃ​ជាង ៨០ លាន​យ៉ូ​រ៉ូ ជាមួយនឹង​ប្រាក់​មួយចំនួនធំ​បាន​ទៅ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ Neymar Sr​។​

​ករណី​មួយទៀត​ដែល​កំពុងធ្វើការ​ស៊ើបអង្កេតទាក់ទងនឹងការផ្ទេរ​កីឡាករ​រូបនេះ​ក៏​នឹងត្រូវ​ធ្វើឡើង​ក្នុង​តុលាការក្រុង Barcelona ដែរ ខណៈដែល​ចៅក្រមក្នុងប្រទេស​ប្រេ​ស៊ី​ល​ក៏បានកំពុងពិនិត្យ​មើល​លើ​កិច្ចព្រមព្រៀង​នេះដែរ​។ ក្រុម Santos បាន​ដាក់​បណ្តឹងឧទ្ធរណ៍​ទៅ FIFA ដើម្បី​ពិនិត្យ​ពី​ហេតុការណ៍​ដែលបាន​កើតឡើងរួចហើយដែរ​។​

​កីឡាករ Neymar បាន​ស្ថិតក្នុង​បញ្ជី​សម្រាំង​កីឡាករ​ល្អ​ទាំង​បីនាក់​សម្រាប់​បេក្ខភាព Ballon d'Or ឆ្នាំ ២០១៥ ប៉ុន្តែ​ពានរង្វាន់​នេះ​ត្រូវបាន​មិត្ត​រួម​ក្រុម​កីឡាករ​កំពូល Messi ដណ្តើម​បានជា​លើក​ទី​ប្រាំ​៕

ប្រភព៖ អ៊ីអេសភីអ៊ិន

មតិយោបល់