adverise with khmeread 1

​ទីបំផុត Ronaldo សារភាព​ហើយ​ថា​នរណា​ជា​ខ្សែការពារ​ដែល​ខ្លួន​ពិបាក​ញាក់​ដាច់​បំផុត​

​    ​Cristiano Ronaldo បាន​ប្រសិទ្ធ​នាម​អតីត​ខ្សែការពារ​ស្លាប​ឆ្វេង Arsenal និង Chelsea គឺ​កីឡាករ Ashley Cole គឺជា​គូប្រកួត​ដ៏​តឹង​បំផុត​ដែល​គាត់​ធ្លាប់​ប្រឈមមុខ​។​

​    ​អ្នក​ទាំង​ពីរបាន​ប្រឈមមុខ​ដាក់គ្នា​ជាច្រើនលើក​ជា​ច្រើនសារ​អំឡុងពេល ៦ ឆ្នាំ​របស់ Ronaldo នៅ​អង់គ្លេស ខណៈ​ក្លឹប Manchester United និង Chelsea ប៉ះគ្នា​នៅ Premier League​។​

​    ​Ronaldo បាន​ប្រាប់​ទស្សនាវដ្ដី Coach Mag ថា "​នៅ​អំឡុង​ឆ្នាំ​នោះ ខ្ញុំ​បាន​ជួប​ប្រកួត​យ៉ាង​អស្ចារ្យ​ជាមួយ Ashley Cole គាត់​មិន​ទុកពេល​ឱ្យ​អ្នក​ដកដង្ហើម​សូម្បី​មួយ​វិនាទី​"​។​

​    ​គាត់​បាន​បន្តថា "​គាត់​ជា​កីឡាករ​ពិបាក​ញាក់​ដាច់​បំផុត នៅពេល​គាត់​កំពុង​ឡើង​ជើង រត់លឿន និង ពូកែ​ធាក់​ដណ្តើមយក​បាល់​។ លេង​ជាមួយ​គាត់​មិនដែល​ជាការ​ប្រកួត​ស្រួល​ម្តងណា​ឡើយ​"​។​

​    ​Ronaldo ក៏ត្រូវ​បាន​សួរថា​តើ​កីឡាករ​ណា​ដែល​គាត់​ស្ងើចសរសើរ​ជាងគេ ហើយ​បើទោះជា​អ្នក​ទាំងពីរ​មិនមែនជា​មិត្តភក្តិ​ល្អ គាត់​បាន​ទទួលស្គាល់ថា គាត់​មានការ​គោរព​ចំពោះ Lionel Messi ច្រើន​។​

​    ​Ronaldo បាន​បន្ថែមថា "​មារ​ការគោរព​គ្នា​ទៅវិញទៅមក​រវាង​ខ្ញុំ និង Lionel Messi​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលចិត្ត​បង្កើត​រឿង​ដែលថា​យើង​ជា​គូប្រជែង​ដ៏​ធំ ប៉ុន្តែ​យើង​មិនមែន​នោះទេ​។ វា​មិន​ដូចជា​យើង​ជា​មិត្តភក្តិ​ល្អ​នោះទេ ប៉ុន្តែ​មានការ​គោរព​រវាង​ភាគី​ទាំងពីរ​"​។​

​    ​គាត់​ក៏បាន​សរសើរ​អតីត​គ្រូបង្វឹក​គឺ​លោក Sir Alex Ferguson ដោយ​រូបគេ​បាន​និយាយថា "​ខ្ញុំ​មើលឃើញ​លោក Sir Alex Ferguson ជា​ឪពុក​ម្នាក់​។ រាល់​គ្រូបង្វឹក​ទាំងអស់​សុទ្ធតែ​សំខាន់ ប៉ុន្តែ​នៅពេល​ខ្ញុំ​មកដល់ Real Madrid ខ្ញុំ​ក្លាយជា​បុរស​ម្នាក់​។ នៅពេល​ខ្ញុំ​មកដល់​ក្លឹប Manchester United ដំបូង ខ្ញុំ​គ្រាន់តែ​ជា​ក្មេងប្រុស​ម្នាក់​ប៉ុណ្ណោះ​"​។​

​    ​រូបគេ​បាន​បន្តថា "​រំពេច​នោះ អ្នក​ស្ថិតនៅ​ក្លឹប​ដ៏​ធំជាងគេ​នៅក្នុង​ពិភពលោក ហើយ​នៅពេលនោះ ខ្ញុំ​ត្រូវការ​មនុស្ស​ដែល​ដូច​លោក Sir Alex"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់