វាមានរយៈពេល ៦ថ្ងៃហើយ បន្ទាប់ពីគេបើកឱ្យដាក់ពាក្យតាមអនឡាញសម្រាប់ការប្រឡងដ៏ប្រកួតប្រជែងបំផុតរបស់ចិន នោះគឺការប្រឡងជ្រើសរើមន្ត្រីស៊ីវិល ហើយបេក្ខជនដាក់ពាក្យចំនួនជាង ៥៣០.០០០ នាក់បានដាក់ពាក្យដើម្បីប្រជែងយកតំណែងការងាររដ្ឋចំនួន ១៤.៧០៤ កន្លែង ជាមួយតំណែងពេញនិយមបំផុតបានទាក់ទាញបេក្ខជនដាក់ពាក្យចំនួនជាង ២.៣០០ នាក់។
ការងារជាង ២៧.០០០ កន្លែងនៅនាយកដ្ឋាននិងទីភ្នាក់ងាររដ្ឋាភិបាលជាង ១២០ ត្រូវបានផ្សព្វផ្សាយក្នុងឆ្នាំ ២០១៦ នេះ ពោលគឺធ្លាក់ចុះជាងឆ្នាំមុនបន្តិចបន្តួច។
ស្ថិតិត្រឹមថ្ងៃព្រហស្បតិ៍ទី២៧តុលាបង្ហាញថា តំណែងការងារនៅបណ្តានាយកដ្ឋានរដ្ឋាភិបាលកណ្តាល និងបណ្តាទីភ្នាក់ងារនានា គេឃើញមានការប្រជែងយ៉ាងស្វិតស្វាញ ជាមួយតំណែងមួយមានបេក្ខជនដាក់ពាក្យដណ្តើមជាមធ្យម ៥២ នាក់ ធៀបនឹង ១៩ នាក់ក្នុងមួយតំណែងនៅវិទ្យាស្ថានកម្រិតទាបផ្សេងទៀត។ ទោះយ៉ាងណា មានតំណែងការងារគ្មានប្រជាប្រិយភាពចំនួន ៨៨៥ កន្លែងពុំមានបេក្ខជនណាម្នាក់ដាក់ពាក្យនោះឡើយ។
លោកឈាវ ហុងបូ នាយកបណ្ឌិត្យសភាហូទូ ជាវិទ្យាស្ថាននៅប៉េកាំងមួយដែលមានជំនាញឯកទេសខាងបណ្តុះបណ្តាលសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាននិយាយ "ដោយគិតទៅដល់ដំណើរការចុះឈ្មោះកាលពីឆ្នាំមុន ចំនួនសរុបនៃអ្នកមកធ្វើតេស្តឆ្នាំនេះរំពឹងឡើងដល់ ១,៤ លាននាក់"។
ការិយាល័យរដ្ឋនៃមន្ត្រីស៊ីវិលចិនបានចេញកំណត់សម្គាល់មួយកាលពីថ្ងៃអង្គារ ដើម្បីរំលឹកដល់បេក្ខជនទាំងអស់ឱ្យ "ដាក់ពាក្យសុំតំណែងការងារតាមរបៀបសមហេតុសមផល" ដោយជំរុញឱ្យពួកគេផ្ទៀងផ្ទាត់សមត្ថភាពរបស់ខ្លួនទៅនឹងលក្ខខណ្ឌតម្រូវរបស់ការងារនោះ។
រដ្ឋាភិបាលចិនបាននិយាយថា ការប្រឡងជ្រើសរើសមន្ត្រីស៊ីវិលជាតិក្នុងឆ្នាំ ១៩៩៤ មានមនុស្សមានសមត្ថភាព ៤៤.០០០ នាក់ប៉ុណ្ណោះមកដាក់ពាក្យសុំតំណែងការងារចំនួន ៤៩០ កន្លែង។ ចំនួនបេក្ខជនដាក់ពាក្យបានកើនឡើង ៣០០ ដងក្នុងរយៈពេលតែ ២ ទសវត្សរ៍ គឺក្នុងឆ្នាំ ២០១៣ ចំនួនបេក្ខជនដាក់ពាក្យប្រឡងបានឡើងដល់កម្រិតខ្ពស់បំផុត គឺ ១,៥ លាននាក់។ អំឡុងរយៈពេល ២ ឆ្នាំចុងក្រោយចំនួនបេក្ខជនដាក់ពាក្យបានធ្លាក់ចុះជាបន្តបន្ទាប់វិញ ជាមួយបេក្ខជនដាក់ពាក្យប្រឡងមានចំនួន ១,៤ លាននាក់ក្នុងឆ្នាំ ២០១៤ និង ១,៣ លាននាក់ក្នុងឆ្នាំ ២០១៥៕
