ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ាស៊ីនបូមទឹកត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង២០នាទី ត្រង់ចំណុចផ្ទះលេខ៣៤៥ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហេង វិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបេះត្រកួន ស្នាក់នៅផ្ទះជួលក្រោយផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាពលួចយកម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះឈ្មោះ អាង សមិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ៣៤៥ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង និងដែកឆ្កឹះសោចំនួន០១។
ប៉ូលិសបន្តថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង២០នាទី ជនរងគ្រោះឈ្មោះ អាង សមិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ កំពុងតែជួសជុលរថយន្តនៅក្នុងបរិវេណផ្ទះលេខ៣៤៥ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ក៏ស្រាប់តែឮសម្លេងស្រែកថា ចោរៗ រួចជនរងគ្រោះក៏បានរត់ចេញមកខាងក្រៅរបងផ្ទះបានឃើញម៉ាស៊ីនបូមទឹករបស់ខ្លួន នៅខាងក្រៅរបងមុខផ្ទះ ហើយឃើញប្រជាពលរដ្ឋជាច្រើនកំពុងដេញតាមចាប់។
ពេលជនសង្ស័យឈ្មោះ ហេង វិសិដ្ឋ កំពុងរត់ ជនរងគ្រោះក៏រត់ដេញតាមទៅដែរបានចម្ងាយប្រហែល៤០០ម៉ែត្រ ក៏ឃាត់ បានជនសង្ស័យឈ្មោះ ហេង វិសិដ្ឋ ហើយសមត្ថកិច្ច ដែលជិះម៉ូតូល្បាតតាមផ្លូវជួយអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង និងដែកសម្រាប់ឆ្កឹះសោចំនួន០១ យកមកធ្វើ ការសាកសួរនៅប៉ុស្តិ៍ដង្កោតាមនីតិវិធីច្បាប់។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងឈ្មោះ ហេង វិសិដ្ឋ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕
