1

ចាំមើល​អស្ចារ្យ​កម្រិតណា​! ចិន​ត្រៀម​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ J-20 នៅក្នុង​ពិព័រណ៍​យន្តហោះ​សប្តាហ៍​ក្រោយ​

    ​កងទ័ពអាកាស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​នឹង​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនាន់​ថ្មី​របស់ខ្លួន​នៅ​ពិព័រណ៍​មួយ​នៅ​សប្តាហ៍​ក្រោយ ដែលជា​ការបង្ហាញ​ជា​សាធារណៈ​ជា​លើកដំបូង​នៃ​យន្តហោះ​ចម្បាំង ដែល​ចិន​សង្ឃឹមថា នឹង​កាត់បន្ថយ​គម្លាត​យោធា​ជាមួយ​សហរដ្ឋអាមេរិក​។​

​    ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា យន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី​ប្រាំ J-20 និង J-31 ដែល​ចិន​កំពុង​អភិវឌ្ឍ​នេះ គឺមាន​ការចាំបាច់​ណាស់​សម្រាប់​កងកម្លាំង​អាកាស​ចិន​ដើម្បី​ប្រែក្លាយ​ពី​កងទ័ព​ដែល​ការពារ​ខ្លួន​ស្ទើរ​ទាំងស្រុង​មកជា​កងទ័ព​មួយ ដែល​អាចធ្វើ​ប្រតិបត្តិ​ការវាយលុក​គេ​ផង និង​ការពារ​ខ្លួនឯង​ផង​។​

​    ​កងទ័ពអាកាស​រំដោះប្រជាជន​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ J-20 នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ពិព័រណ៍​អាកាសចរណ៍​អន្តរជាតិ និង​អវកាស​ចិន​នៅ​សប្តាហ៍​ក្រោយ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Zhuhai​។​

​    ​អ្នកនាំពាក្យ​ទ័ពអាកាស​ចិន លោក Shen Jinke បាន​និយាយថា ការផលិត​យន្តហោះ J-20 បាន​ដំណើរ​ដូច​ការគ្រោងទុក ហើយ​វា​នឹង​ជួយ​ដល់​បេសកកម្ម​ទ័ពអាកាស​ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិសុខ​ជាតិ​។​

​    ​រីឯ​យន្តហោះ J-31 កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​នៅឡើយ ហើយ​ចិន​សង្ឃឹមថា យន្តហោះ​នេះ​នឹង​ប្រជែង​ជាមួយ​យន្តហោះ​បំបាំងកាយ F-35 របស់​សហរដ្ឋអាមេរិក​នៅក្នុង​ទីផ្សារ​លក់ដូរ​អន្តរជាតិ​។ នេះ​បើ​យោងតាម​អ្នក​សង្កេត​យោធា និង​របាយការណ៍​នានា​ពី​ប្រទេស​ចិន​៕

ប្រភព ៖ សិង្ហបុរី

អ្នកនឹងចូលចិត្ត

មតិយោបល់