adverise with khmeread Index

អធិការប៉ូលិសស្រុកស្វាយអន្ទរត្រូវបានចាប់ខ្លួន

    ព្រៃវែង ៖ លោក​ពុំ កាន់ អធិការ​ប៉ូលិស​ស្រុក​ស្វាយ​អ​ន្ទ​រ លោក ពុំ កាន់ ត្រូវបាន​ចាប់ខ្លួន ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នេះ ក្រោយពី​មាន​ករណី​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ ហើយ​ផ្ទុះអាវុធ​រហូត​ស្លាប់​មនុស្ស​ម្នាក់ កាលពីរ​សៀ​ល​ថ្ងៃទី​១៣​មករា​ឆ្នាំ​២០១៦​។​

      លោក​ឧ​ត្ត​ម​សេនីយ៍​ស្រេង ជា​ស្នងការ​ប៉ូលិស​ខេត្តព្រៃវែង បាន​បញ្ជាក់ថា នៅពេលនេះ​លោក​អធិការ ត្រូវបាន​យកមក​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្រោយ​ចាប់ខ្លួន​កាលពី​ម្សិលមិញ​ក្នុងករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​ដល់​ពលរដ្ឋ​។​

     គួររំលឹកថា លោក ពុំ កាន់ អធិការ​ប៉ូលិស​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែង​ជល់​មាន់ និង​បៀរ​អាប៉ោង ពេលនោះ​ស្រាប់តែ​លោក​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ឡើងលើ ស្រាប់តែ​រា​កៃ​គ្រាប់កាំភ្លើង​នោះ​ហោះ​ផ្លាត​ទៅ​ត្រូវ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​ពរ​កូន បណ្តាលឱ្យ​ដួល​សម្លាប់​មួយ​រំពេច ។​

    ការបង្ក្រាប​ល្បែង​ស៊ីសង​ខាងលើនេះ បានធ្វើ​ឡើង នៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា បុរស​ម្នាក់​ដែល​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល​នោះ ឈ្មោះ​កិត អី​ម អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា និង​ប្រពន្ធ​ឈ្មោះ ស៊ឹម ម៉េង អាយុ​៣៤​ឆ្នាំ រស់​ស្រុក​ជាមួយគ្នា​។​

    បើតាម​អ្នកភូមិ ខណៈដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ទីតាំង​ជល់​មាន់ ពេលនោះ​អ្នកមើល​និង​អ្នកលេង បាននាំគ្នា​រត់ចេញ​យ៉ាង​ប្រសេចប្រសាច រំពេច​នោះ​ស្រាប់តែ​ស្នូរ​គ្រាប់កាំភ្លើង​១​គ្រាប់​បាន​ផ្ទុះឡើង។ បន្តិចក្រោយមក​ស្រាប់តែ​បុរស​ម្នា​ក់បាន​ដួល​ដេក​នឹង​ដី​នៅក្នុង​ថ្លុកឈាម ក្រោយពី​គ្រាប់កាំភ្លើង​នោះបាន​ហោះ​ទៅ​ទម្លុះ​ក្បាល​របស់គាត់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ។​


    ដោយឡែក​ប្រពន្ធ​បុរសរងគ្រោះ​ពេលនោះ​បាន​ស្រែកថា "​ហេតុ​អី​បាញ់​ប្តី​ខ្ញុំ​អញ្ចឹង​" ។ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ឆ្លើយតប​ទេ ។ រីឯ​កូនតូច​ដែល​ត្រូវ​ប្តី​បី​ក្រ​កង​នោះ​ក៏​រងរបួស​បន្តិចបន្តួច​ផងដែរ​៕​

adverise with khmeread

មតិយោបល់