adverise with khmeread Unnamed

ភ្លៀង​ខ្លាំងពេក! គ្រូបង្រៀន​ម្នាក់​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាលឱ្យ​បាត់បង់ជីវីត

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ និងម៉ូតូ​ថ្ងៃទី​២៨​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​១៥​នាទី​យប់ ចំណុច​ភូមិ​ថ្នល់ទទឹង ឃុំដំណាក់​​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៣០-៣១ បណ្ដាល​ឱ្យ​ស្លាប់ម្នាក់ ​(ប្រុស) ​នៅ​កន្លែងកើតហេតុ ខូចខាត ម៉ូតូ​១​គ្រឿង។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​ និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ViVA ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល ​1J-8141​ អ្នក​បើកបរ​ដោយ​ឈ្មោះ​ ​ឈួន ឈឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ មុខរបរ​គ្រូបង្រៀន ដែល​បើ​កបរ​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (ភ្នំពេញ-​ព្រះសីហនុ)​។​

    លុះដល់​ចំណុច​ខាងលើ​បាន​ទៅបុក​ចំ​ពីក្រោយ​រថយន្ត​០១​គ្រឿង​មិនដឹង​ម៉ាក (បើក​រត់​គេចខ្លួនបាត់) ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឱ្យ​ស្លាប់​បុរសម្នាក់នៅ​កន្លែងកើតហេតុ និង​ខូចខាត​ម៉ូតូ​១​គ្រឿង។ ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើក​គេចខ្លួនបាត់។​

    ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ពេល​មាន​ភ្លៀង​ខ្លាំង​។ ​ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ទាប់មក​កម្លាំង​ជំនាញ​បាន​វាស់វែង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់