Untitled 1

ល្ពៅ​ឆឹង​នេះ​នៅ​ថៃ​លក់​មួយ​គីឡូក្រាម​ថ្លៃ ២៣០ បាត ប៉ុន្តែ​វិធី​ធ្វើ​ងាយ​ដូច​បក​ចេក​!

    ​ល្ពៅ​ឆឹង​ជា​នំ​ពេញនិយម​មួយ​ក្នុងចំណោម​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ក្នុងប្រទេស​ថៃ ដែល​វា​មាន​រសជាតិ​ឆ្ងាញ់​រហូតដល់​ថ្នាក់​ភ្ញៀវ​បរទេស មកលេង​ស្រុក​នេះ​ក៏​លាន់មាត់​សរសើរ និង​ទិញ​យកទៅ​ស្រុកកំណើត​ផ្ញើ​បងប្អូន​ទៀតផង​។ បើ​ចង់ដឹងថា​ល្ពៅ​ឆឹង​នេះ​ឆ្ងាញ់​កម្រិតណា សូម​សាកល្បង​វិធី​ធ្វើ​ដូចខាងក្រោម​។​

​    ​គ្រឿងផ្សំ​៖
​    ​- ល្ពៅ (​កន្លះ​គីឡូ​)
​    ​- ស្ករស ឬ​ស្ករត្នោត (​តាម​ចំណូលចិត្ត​)
​    ​- អំបិល បន្តិច​
​    ​- កំបោ (​ដាក់​ក្នុង​បរិមាណ​សមស្រប​)
​    ​- ល្ង (​ស​, ខ្មៅ ដាក់​ក៏បាន មិន​ដាក់​ក៏បាន​)
​    ​- បឺ​រ​សាប (​ដាក់​ក៏បាន មិន​ដាក់​ក៏បាន តាម​ចំណូលចិត្ត​)
​    ​- ទឹកស្អាត​

​    ​វិធី​ធ្វើ​៖ 
​    ​១. ដំបូង​ត្រូវ​លាង​ល្ពៅ​ផ្នែក​ខាងក្រៅ​ឱ្យ​ស្អាត ហើយ​កោស​យក​គ្រាប់​ល្ពៅ​ចេញ​។ កាត់​ល្ពៅ​ជា​ដុំៗ​សិន បន្ទាប់មក​ចិត​ល្ពៅ​ឱ្យ​ស្ដើង​ល្មម​។​
​    ​២. លាយ​ទឹកស្អាត​ជាមួយ​កំបោ​។ ហើយ​ដាក់​ល្ពៅ​ដែល​ចិត​រួច​ចូលក្នុង​ទឹក​កំបោ​មួយសន្ទុះ​ធំ​(១០​ទៅ​១៥​នាទី​)​។ រួច​ស្រង​ចេញ​លាង​ជាមួយ​ទឹកស្អាត​។​
​    ​៣. ហាល​ឱ្យ​ស្ងួត ឬ​យក​ក្រដាស​ជូត​មាត់​ផ្ដិត​ឱ្យ​ស្ងួត​ល្អ​ក៏បាន​។​
​    ​៤. បំពង​ល្ពៅ​ឱ្យ​ក្រៀម​ល្អ​។​
​    ​៥. បើកភ្លើង​ឱ្យ​ក្ដៅ​ខ្ទះ រួច​ដាក់​ទឹក​ប្រហែល​មួយ​ពែង​ចូលក្នុង​ខ្ទះ ហើយ​ដាក់​ស្ករ បឺ​រ​សាប និង​អំបិល កូរ​ឱ្យ​រលាយ​ចូលគ្នា​ឱ្យ​សព្វ​(​ឡើង​ជើង​ក្រង តែ​កុំឱ្យ​ខ្លោច​)​។ រួច​អ្នក​អាច​បិទ​ភ្លើង​បាន ហើយ​ចាក់​ល្ពៅ​ដែល​បំពង​រួច​ចូល​ឆា​ត្រឡប់​ចុះ​ត្រឡប់​ឡើងជា​មួយ ទឹក​ស្ករ​ឱ្យ​សព្វ​ហើយ​រោយល្ង​ពីលើ​ជាការ​ស្រេច​៕

អ្នកនឹងចូលចិត្ត

មតិយោបល់