កូនស្រីច្បងពីរនាក់របស់អ្នកនាង Angelina Jolie ឈ្មោះ Shiloh និង Zahara បាននាំគ្នាធ្វើគន្លងសប្បុរសធម៌ម្តាយរបស់ខ្លួនតាមរយៈការចែកទានដល់គ្រួសារកុមារក្រីក្រកម្ពុជា។
កូនស្រីច្បងទាំងពីររបស់តារាហូលីវូដរូបនេះត្បិតតែរស់នៅទ្រនំដ៏ប្រណីតក៏ពិតមែនប៉ុន្តែបានបង្កើតភាពស្និទ្ធស្នាលជាមួយ កុមារក្រីក្រមួយចំនួនពេលកំពុងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈម្តាយរបស់ខ្លួនកំពុងផលិតភាពយន្តថ្មីរឿង "First They Killed my Father"។
ក្មេងស្រីកម្ពុជាឈ្មោះ សួន លីដា អាយុ ១៦ ឆ្នាំ ដែលមានបងប្អូនប្រុសស្រី ១២នាក់ បានដើរសំដៅរក Shilosh អាយុ ៩ ឆ្នាំ និង Zahara អាយុ ១០ ឆ្នាំ នៅពេលកូនស្រីចិត្តល្អទាំងពីរនាក់នេះ និងឪពុក Brad Pitt ឈប់ទិញការ៉េមញ៉ាំនៅក្រុងសៀមរាប។ ខណៈនោះកូនចូលីទាំងពីរចាប់ផ្តើមកើតអារម្មណ៍ក្តុកក្តួលអាណិតអាសូរយ៉ាងខ្លាំងចំពោះក្មេងៗទាំងនោះ រហូតដល់បានកើតគំនិតជួយទិញខោអាវស្បែកជើងដល់ពួកគេតែម្តង។
Shiloh និង Zahara បាននាំក្មេងៗក្រីក្រចេញក្រៅទៅទិញខោអាវតម្លៃសរុប ២០០ ដុល្លារ ទៅលេងហ្គេម និងទិញកង់ថ្មីពីរគ្រឿងឱ្យថែមទៀត។
លីដាបានប្រាប់កូនស្រីចូលីថា "យើងមានកង់កញ្ចាស់តែមួយទេនៅក្នុងគ្រួសារទាំងមូល ដូច្នេះកង់នេះគឺជាកាដូដ៏អស្ចារ្យសម្រាប់ពួកខ្ញុំ។ Shiloh និង Zahara ព្រមទាំងគ្រួសារគឺជាមនុស្សល្អណាស់។ យើងស្គាល់ពួកគាត់យូរហើយៗឥឡូវពួកគាត់បានជួយយើង។ ខ្ញុំបានលេងជាមួយ Shiloh និង Zahara។ ពួកគេជួបយើងក្នុងក្រុងសៀមរាប ហើយយើងបានប្រលែងលេងជាមួយគ្នា។ ពួកគេបាននាំយើងទៅលេងហ្គេមក្នុងមជ្ឈមណ្ឌលអង្គរ ពួកគេទាំងអស់សុទ្ធតែជាមនុស្សល្អ។ ខ្ញុំចូលចិត្តណាស់ពួកគេពេលលេងបាល់ជាមួយគ្នា"៕
