adverise with khmeread 1

​ម្តាយ​របស់​អ្នកគ្រូ​អង់គ្លេស​ម្នាក់​ដែល​ធ្វើដំណើរ​ពី​វៀតណាម​ឆ្លង​មក​កម្ពុជា​តែ​ជួប​ករណី​បៀតបៀន​ផ្លូវភេទ​នៅ​ថៃ ខឹង​អាជ្ញាធរ​ថៃ​ដែល​កាត់ទោស​ជនល្មើស​ស្រាល​ពេក មិន​សម​នឹង​កំហុស​ប្រព្រឹត្ត​ដាក់​កូនស្រី​គាត់ ដែល​ឥឡូវ​ពិការ​ដេក​លើ​គ្រែ​

​    ​បុរស​ថៃ​ម្នាក់​ដែល​បាន​បំពាន​ផ្លូវភេទ​នារី​អាមេរិក​ម្នាក់​បន្ទាប់ពី​នាង​ធ្លាក់​ពី​ច្រាំង​ថ្ម​ចោទ​កម្ពស់ ៤៥ ម៉ែត្រ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​ត្រឹមតែ ៥ ឆ្នាំ​ប៉ុណ្ណោះ ដែល​នេះ​បានធ្វើឱ្យ​ឪពុកម្តាយ​ជនរងគ្រោះ​ខឹងសម្បារ​យ៉ាងខ្លាំង​។​

​    ​កញ្ញា Hannah Gavios វ័យ ២៣ ឆ្នាំ បាន​បាក់​ខ្នង ហើយ​ដេក​ទាំងអស់​សង្ឃឹម​នៅលើ​ថ្ម ខណៈ​ជនដៃដល់ Apai Ruangwong វ័យ ២៨ ឆ្នាំ​បាន​បំពារបំពាន​មកលើ​នាង​អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​    ​ទោះយ៉ាងណា កញ្ញា​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ព្រឹក​បន្ទាប់​កាលពី​ថ្ងៃទី ០២ ខែកញ្ញា ប៉ុន្តែ​នាង​បាន​បាត់​ញ្ញាណ​ពី​ជើង​របស់​នាង ហើយ​នាពេល​បច្ចុប្បន្ន​នាង​កំពុង​ទទួល​ការព្យាបាល​ដោយ​ចលនា​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ញូវយ៉ក​។​

​    ​យោងតាម New York Times ឱ្យដឹងថា ជនល្មើស Ruangwong ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១០ ឆ្នាំ​កាលពីដើម​នេះ ប៉ុន្តែ​ទោស​របស់គេ​ត្រូវបាន​បន្ថយ​អស់​ពាក់កណ្តាល​បន្ទាប់ពី​វា​បាន​សារភាព​កំហុស​ចំពោះ​ឥរិយាបថ និង​ការបង្ក​របួសស្នាម​រប​ស់​ខ្លួន​។​

​    ​អ្នកស្រី Gwen Gavois ដែលជា​ម្តាយ ដែល​បច្ចុប្បន្នកំពុង​រៃអង្គាសប្រាក់​សម្រាប់​ការថែទាំ​សុខភាព​របស់​កូនស្រី​គាត់ បាន​រិះគន់​ការកាត់ទោស​នេះ​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​ទោស​នេះ​ត្រូវបាន​បន្ថយ​មក ៥ ឆ្នាំ​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​ការសារភាព​ទោស​។ Hannah នឹងរង​ផល​លំបាក​ពី​ការវាយប្រហារ​នេះ​ពេញ​មួយជីវិត​របស់​នាង​"​។​

​    ​កញ្ញា Hannah Gavios នៅតែ​មិនទាន់មាន​អារម្មណ៍​នៅ​ក្បាលជង្គង់ ប្រអប់ជើង និង​គូថ​របស់​នាង ហើយ​បច្ចុប្បន្ន​នាង​កំពុង​រៀន​ដើរ​ម្តងទៀត​ជាមួយ​ឈើច្រត់ និង​ដង្កៀប​ជើង​។​

​    ​កញ្ញា​វ័យ ២៣ ឆ្នាំ​រូបនេះ​ជា​គ្រូបង្រៀន​អង់គ្លេស​នៅ​ប្រទេស​វៀតណាម ហើយ​នាង​ជួប​រឿង​អកុសល​នេះ​នៅពេល​នាង​បាន​ដើរលេង​នៅ​រមនីយដ្ឋាន Railay Beach ប្រទេស​ថៃ​កាលពី​ថ្ងៃទី ០១ ខែកញ្ញា​។​

​    ​ម្តាយ​របស់​នាង​គឺ​អ្នកស្រី Gwen និង​ឪពុក​ឈ្មោះ Aaron បាន​ចំណាយ​អស់​រាប់ពាន់​ដុល្លារ​ទៅហើយ​ដើម្បី​មកជួប​កញ្ញា​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ហើយ​ឥឡូវ​ពួកគេ​ត្រូវការ​រៃអង្គាសប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​កូន​ខ្លួន​អាច​ដើរ​ម្តងទៀត​ខណៈ​ការចំណាយ​ព្យាបាល​មិនមាន​នៅក្នុង​ធានារ៉ាប់រង​ទេ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់