កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ពិធីការិនីពោរពេញដោយទេពកោសល្យ កញ្ញាដួង ហ្សូរីដាបានធ្វើការឆ្លើយតបទៅកាន់អ្នកគាំទ្រជាច្រើនដែលចោទសួរអំពីគន្លឹះថែរក្សាសក់ឱ្យស្អាតដូចនាងតាមរយៈ Inbox ក្នុងហ្វេសប៊ុកផ្លូវការរបស់នាង។
នាងបានចាប់ផ្តើមឆ្លើតតបជាមួយនឹងឃ្លាជាភាសាអង់គ្លេសលើហ្វេសប៊ុកដែលមានន័យថា អរុណសួស្តីអ្នកទាំងអស់គ្នា...!!! អរុណសួស្តីមិត្តនារីស្រស់ស្អាតទាំងអស់គ្នា...!!!
នាងបាននិយាយថា "មាន Fans ជាច្រើនជាពិសេសស្រីៗ Inbox មកសួរអំពីវិធីយ៉ាងណាទើបអាចបានសរសៃសក់ស្អាតហើយវែង ពណ៌ខ្មៅក្រឹបដូចនាងខ្ញុំនោះ ..? ហើយក៏មានអ្នកខ្លះនិយាយលេងបន្លំមែនថា ចង់បានសក់វែង វែងបានតើ គឺដាក់សក់តភ្លាមៗលើក្បាលទៅបានវែងហើយ..!!!"
នាងបន្តទៀតថា "សម្រាប់សក់តបន្ថែម នាងខ្ញុំក៏មានដូចគ្នា ប៉ុន្តែជាទូទៅមិនសូវបានប្រើទេព្រោះសក់ធម្មជាតិខ្ញុំវែងស្រាប់ហើយ ប្រើតែក្នុងករណីត្រូវមូលរួញ ឬធ្វើសក់ច្រើន ដើម្បីជៀសវាងការប៉ះផ្ទាល់ជាមួយសសៃសក់ធម្មជាតិខ្ញុំប៉ុណ្ណោះ។
ពេលនេះខ្ញុំសុំចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដោយមិនបានបិតបាំង ចង់ល្អអីតែម្នាក់អែងនោះទេ..! ក្រៅអំពីសក់ខ្មៅដូចរាល់ថ្ងៃ ខ្ញុំក៏ធ្លាប់លាបពណ៍ ហៃឡាញ ឆ្កឹះសក់ និងលេងម៉ូតជាច្រើនដូចយុវតីយើងនាពេលបច្ចុប្បន្ន កំពុងតែនិយមនាពេកឥឡូវនេះដែរ ប៉ុន្តែជាង ៥-៦ឆ្នាំចុងក្រោយនេះ ខ្ញុំបានរក្សាពណ៌សក់ធម្មជាតិ (ខ្មៅ) ដោយមិនដែលរវីរវល់រឿងប្តូរពណ៍សក់ទៀតឡើយ"។
រួចក្រោយមកនាងក៏បាននិយាយឡង់សេដើម្បីបង្អួតអ្នកគាំទ្រនាងទៀតថា នាងសង្កេតឃើញថាសក់របស់នាងអាចជៀសផុតពីបញ្ហា សក់ជ្រុះមិនដុះមកវិញ សក់ស្តើងហើយផុយស្រួយ បែកចុង មានអង្គែ ។ល។ បន្ទាប់ពីបានអនុវត្តវិជ្ជាគុនថ្មីរបស់នាងរួចមកនោះ។
តោះនាំគ្នាមើលពីវិធីថ្មីរបស់កញ្ញាដួង ហ្សូរីដាដូចខាងក្រោម៖
វិធីថែទាំសក់:
- កក់សក់ ៣ដង/សប្តាហ៍ ជាមួយការបន្ទន់សក់ បន្ថែមប្រេងអូលីវ
- អប់សក់ជាមួយស្រាបៀរដែលមានជាតិស្រូវសាឡីច្រើន បន្ថែមប្រេងអូលីវ (អប់ត្រជាក់ មិនប្រើម៉ាស៊ីនក្តៅអប់ទេ)
- រាល់ពេលកក់ហើយ ផ្លុំឱ្យស្ងួតល្មម បន្ថែមប្រេងអូលីវដាក់បាតដៃតិចៗលាបចុងសក់
- ព្យាយាមជៀសវាងការកិបរួញ កៀបត្រង់ ដោយកំដៅក្តៅខ្លាំងពេក (ធ្វើឱ្យសក់ស្រួយបែកចុង)
- ព្យាយាមកុំធ្វើម៉ូតសក់ណាដែលសាប់សក់ឱ្យជំពាក់ ហើយប្រើស្ពៃណែតច្រើនពេក
- កុំឱ្យស្សាហ៍ប្តូរពណ៌សក់ច្រើនពេក បើចង់ប្តូរពីពណ៌មួយទៅពណ៌មួយ សូមទុកឱ្យបាន៣ខែសិនចាំប្តូរ
- បើអាចជៀសបាន កុំជ្រើសយកការប្រើពណ៌លាងសក់ដើម្បីឱ្យបានពណ៌សក់ដូចតម្រូវការ
- ឧស្សាហ៍តម្រឹមសក់ក្នុងអំឡុងពេល ៣ខែម្តង
- ញ៉ាំទឹកអោយបានច្រើន ទឹកមិនត្រឹមតែផ្តល់សំណើមឱ្យស្បែកទេ ថែមទាំងជួយឱ្យស្បែកក្បាលមានសំណើមជាតិទឹកគ្រប់គ្រាន់ មិនធ្វើឱ្យស្បែកក្បាលស្ងួត មានអង្កែរ ដែលបណ្តាលឱ្យជ្រុះសក់។
- ប្រសិនបើអ្នកមិនមែនជាបុគ្គលដែលពូកែញុំបន្លែ ផ្លែឈើ សម្បូរវីតាមីនច្រើនទេ អាចជ្រើសរើសប្រភេទអាហារបំពេញបន្ថែម (Supplements) មួយចំនួនមកទទួលទានដែលអាចជំនួយដល់ សក់ ស្បែក ក្រចក ប៉ុន្តែជាទូទៅអាចធ្វើឱ្យយើងឡើងគីឡូតិចតួច។
ក្រោយពីធ្វើការណែនាំវិធីថែរក្សាសក់រួច នាងក៏បាននិយាយបញ្ជាក់ដែរថា វិធីរបស់នាងអាចនឹងមិនត្រូវជាមួយសក់របស់មនុស្សគ្រប់គ្នាទេ ហើយថាប្រសិនបើលោកអ្នកមានបញ្ហាសក់ក្បាលធ្ងន់ធ្ងរ ដូចជាការជ្រុះសក់មិនដុះឡើងវិញ រឺបញ្ហាដទៃទៀត សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ កុំបន្តប្រើប្រាស់ផលិតផលមួយចំនួនទៀត៕
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ គួរធ្វើសាកល្បងតាមកញ្ញា ដួង ហ្សូរីដា ឬទេ?
