adverise with khmeread Unnamed

គណៈកម្មការ​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ ប្រកាសថា​មាន​អត្ត​ព​លិ​ក​ចូលរួមបាន​ជាង ​៦​ ពាន់​នាក់​ហើយ​

    ភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ លើក​ទី​២១​ឆ្នាំ បានប្រកាស​ជា​ផ្លូវ ការ នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ថា គិត​មកដល់ពេលនេះ មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​បាន​ចំនួន​ជាង​៦​ពាន់​នាក់​ហើយ ក្នុងនោះ​អត្ត​ព​លិ​ក​អន្តរជាតិ មកពី​៦៩​ប្រទេស ខណៈ​ការរំពឹងទុក​នឹង​អាច​កើនឡើង​ដល់​ជាង​៨០០០​នាក់​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ទិវា​អន្តរជាតិ​នៃ​ការប្រកួត​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ គឺជា​ខួប​លើក​ទី​២១​ឆ្នាំ ដែល​គ្រោង​ធ្វើឡើង នា​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ ។​

    លោក​បន្ថែមថា សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូល​រួមមាន​ចំនួន​កើន​ឡើងជា​លំដាប់ ដោយសារ​ការយល់ដឹង​ពី​ការលេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ហើយ​តាមរយៈ​ការបង់ថ្លៃ​ចូល រួម​នេះ​ក៏​ជាការ​រួមចំណែក​ជួយ​ដល់​កិច្ចការ​សង្គម និង​មនុស្សធម៌ ដូចជា​ការជួយ​ដល់​កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​កុមារ អង្គ​ការជួយ​ជនរងគ្រោះ​ដោយសារ​មីន និង​អង្គការ​ដទៃទៀត​សរុប​ចំនួន​៨​។​

    លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​រត់ប្រណាំង​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ មានប្រសាសន៍ថា "​ឆ្នាំនេះ​យើង​នឹង​សម្រិតសម្រាំង​ការងារ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ និង​កាត់បន្ថយ​ការចំណាយ​នានា ដើម្បី​សល់​ប្រាក់​ជួយ​សង្គម​ឲ្យ​បាន​ច្រើន​។ កាលពី​ឆ្នាំមុន ព្រឹត្តិការណ៍​នេះ​ប្រមូលបាន​ជាង ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក ដើម្បី​ជួយ​អង្គការ​សង្គម ហើយ​បើ​ឆ្នាំនេះ មាន​ចំនួន​អ្នកចូលរួម​កើនឡើង យើង​រំពឹងថា បាន​ថវិកា​ច្រើន​ជួយ​សង្គម​"​។​

    លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក​ពិត​ជាមាន​មោទនភាព​ណាស់ ដែល​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​ព្រឹត្តិ ការណ៍​កីឡា​រត់ប្រណាំង​អន្តរជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​។ 

    លោក​បន្ថែមថា សុខភាព និង​សុខមាលភាព​របស់​អតិថិ ជន​របស់​យើង គឺជា​កត្តា​សំខាន់បំផុត ដូច្នេះហើយ​ការគាំទ្រ​ដល់​កម្មវិធី​មួយ ដែល​អាចជួយ​លើកកម្ពស់​សុខភាព ដូចជា​ទិវា​រត់ប្រណាំង​នេះ គឺ​ស្របគ្នា​ល្អ​បំផុត​ទៅតាម​គោលដៅ​រយៈពេល​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍​។​

    សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល មេ​នូ​ឡាយ​ហ្វ៍ ជួយឧបត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​រត់ប្រណាំង អន្តរជាតិ​នេះ ដោយ​មេ​នូ​ឡាយ​ហ្វ៍​ជួយ​រយៈ​៥​ឆ្នាំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ការ​ពី​ឆ្នាំមុន មេ​នូ​ឡាយ​ហ្វ៍ បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ចំនួន​២៥០០០​ដុល្លារ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​៕


 

adverise with khmeread

មតិយោបល់