14886324 1104422026339378 189370943 n

ថ្លើមធំហួស! ជនជាតិម៉ាឡេស៊ី​ហ៊ានប្រើម៉ាស៊ីន Drone បង្ហោះ​ថត​ភូមិគ្រឹះនាយករដ្ឋមន្រ្ដី

    ភ្នំពេញ ៖ បុរស​អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ​៤ ​នាក់ ត្រូវបាន​កម្លាំង​កង​អង្គរក្ស​ឃាត់ខ្លួន និង​បញ្ជា​ឱ្យ​លុប​រូបភាព​មួយចំនួន​ចេញពី​ម៉ាស៊ីន​ថត ក្រោយ​ពេលដែល​ពួកគេ​នាំគ្នា​ប្រើប្រាស់​ម៉ាស៊ីន​ថត​ប្រភេទ Drone ​មក​បង្ហោះ និង​ម៉ាស៊ីន​ថត​គ្រប់​ដៃ​យកមក​ថតរូប​ភាព​មួយចំនួន នៅ​ជុំវិញ​ភូមិគ្រឹះ​របស់នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែលជា​តំបន់ហាមឃាត់ កាលពី​វេលា​ម៉ោង​១១ និង​៥៣​នាទី​ព្រឹក​ថ្ងៃទី​៣១ តុលា ២០១៦ ស្ថិតនៅត្រង់​លើ​សួនច្បារ​វិមានឯករាជ្យ​ (​ខាងមុខ​ភូមិគ្រឹះ​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

​    តាម​ប្រភពពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ​៤​ នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​ថត​គ្រប់​ដៃ បាន​ដើរ​រថ​ត​រូបភាព​ទេសភាព​នៅលើ​សួនច្បារ​វិមានឯករាជ្យ​ផ្នែក​ខាងកើត គឺ​ចំ​ខាងមុខ​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

    ​តែ​ការដើរ​ផ្តិត​យក​រូបភាព​ដោយ​ម៉ាស៊ីន​ថត​ដៃ​នោះ គឺធ្វើឡើង​ដោយ​មិនមាន​ការហាមឃាត់​ឡើយ ព្រោះ​ពួកគេ​ជា​ភ្ញៀវទេសចរ ដែល​ចូល​មកលេង​កម្សាន្ត​នៅ​ស្រុក​យើង។ ក៏ប៉ុន្តែស្រាប់​តែមាន​ម្នាក់​ក្នុងចំណោម​គ្នា​ពួកគេ​ទាំង ​៤ ​នាក់​បាន​យក​ម៉ាស៊ីន​ថត​ប្រភេទ Drone មក​បង្ហោះ​ថត​យក​រូបភាព​ពីលើ​អាកាស​ថែមទៀត។​

    ​តាម​ប្រភព​ដដែល​បន្តថា ការ​បង្ហោះ​ម៉ាស៊ីន​ថត​ប្រភេទ Drone របស់​ពួកគេ​នោះ ក៏បាន​បង្ហោះ​ថត​យក​រូបភាព​មួយចំនួន​ពីលើ​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ត្រូវ​ក្រុម​កង​អង្គរក្ស​ដែល​យាម​នៅ​ទី​នោះបាន​ប្រទះឃើញ នឹងធ្វើ​ការហាមឃាត់​ប​ញ្ឈ​ប់​ការថត​របស់គេ​នោះ​តែម្តង។​

​    ក្រោយ​ពេលដែល​កម្លាំង​ក​ង​អង្គរក្ស​បាន​ឃាត់ខ្លួន​អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ទាំង ​៤ ​នាក់​នោះ រួចហើយ​កម្លាំង​កង​អង្គរក្ស​ក៏បាន​ធ្វើការ​ណែនាំ និង​តម្រូវឱ្យ​ពួកគេ​លុប​រូបភាព​មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​មួយចំនួន ដែល​ត្រូវ​ហាមឃាត់​ផងដែរ និង​ជាពិសេស គឺ​រូបភាព​ថត​ពីលើ​ភូមិគ្រឹះ​តែម្តង​។​

​    ក្រោយ​ពេលដែល​ធ្វើការ​ឃាត់ខ្លួន​បុរស​អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ទាំង​ ៤ ​នាក់ ដើម្បី​ធ្វើការ​ណែនាំ និង​តម្រូវឱ្យ​លុប​រូបភាព​មួយចំនួន ដែល​ពួកគេ​បាន​ថត​ដោយ​ម៉ាស៊ីន​ថត​ប្រភេទ Drone ដែល​ពាក់ព័ន្ធ​ទៅនឹង​តំបន់ហាមឃាត់​មួយចំនួន​រួចហើយនោះ កម្លាំង​កង​អង្គរក្ស ក៏បាន​អនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់​ទៅវិញ៕

មតិយោបល់