អតីតវីរៈតារាបាល់ទាត់នៃទឹកដី Old Trafford លោក David May បានអះអាងថាកីឡាករខ្សែប្រយុទ្ធ Gareth Bale នឹងមិនចូលរួមលេងក្រុម Manchester United នោះឡើយបើស្ថិតក្រោមការដឹកនាំរបស់លោក Luis van Gaal ដោយលោកពោលពាក្យឌឺដងថា "ត្រូវរង់ចាំមួយលានឆ្នាំទៀត"។
បច្ចុប្បន្នអតីតខ្សែការពារក្រុមបិសាចក្រហមរូបនេះគឺជាអ្នកវិភាគបាល់ទាត់អាជីពម្នាក់ឲ្យស្ថានីយ៍ទូរទស្សន៍របស់ក្រុម Manchester United (MUTV) ។ គាត់បានអះអាងថា "ដូចជាគ្មានឃើញកីឡាករខ្សែប្រយុទ្ធ Gareth Bale របស់ក្រុមអធិរាជស Real Madrid ឬក៏កំពូលតារាបាល់ទាត់កំពូលៗរបស់ពិភពលោកដ៏ទៃទៀតមានចំណាប់អារម្មណ៍ចង់មកលេងឲ្យក្រុមបិសាចក្រហមបច្ចុប្បន្ននេះឡើយ។ ជាពិសេសប្រសិនបើពួកគេមិនអាចដណ្តើមកៅអីទៅលេងនៅពានរង្វាន់កំពូលប្រចាំតំបន់អ៊ឺរ៉ុប Champions League នារដូវកាលក្រោយបានទេនោះ"។
លោក David May គឺជាអតីតកីឡាករបាល់ទាត់មួយរូបនេះធ្លាប់បានឈ្នះពានរង្វាន់លីកកំពូលប្រទេសអង់គ្លេស Premier League ពីរលើក និងខាប់ក្នុងស្រុក FA Cup ពីរលើកឲ្យក្រុម Manchester United ។ ហើយក៏ជាសមាជិកម្នាក់ដែលបានលើកពានកំពូល Champions League វគ្គផ្តាច់ព្រ័ត្រដែលប៉ះជាមួយក្រុម Bayern Munich នាអំឡុងឆ្នាំ ១៩៩៩ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញផងដែរ៕
