adverise with khmeread Untitled 1

ប្រាប់​ក្មេងក្មាង​ឱ្យធ្វើ​រឿង​ទាំងអស់នេះ ពេល​មកលេង​បុណ្យ​អ៊ុំ​ទូក នោះ​នឹងមិន​បារម្ភ​វង្វេង​បាត់​ពួកគេ​ទេ​!

    ​រាល់​រដូវ​បុណ្យទាន​ធំៗ ដូចជា​បុណ្យ​អ៊ុំ​ទូក​ជាដើម ដែល​សម្បូរ​ដោយ​មនុស្ស​ណែនណាន់តាន់តាប់ គេ​តែង​សង្កេតឃើញ​ករណី​បាត់​ក្មេង​កើត​ឡើងជា​ញឹកញយ​។ ពេល​បាត់​ក្មេង​ម្តងៗ មានតែ​អាណា​ព្យ​បាល ឬ​មនុស្ស​ធំ​ទេ ដែល​ភ័យ​ជាង​នរណាៗ​ទាំងអស់ ហើយ​ពួកគាត់​បានធ្វើ​គ្រប់​វិធី​ដើម្បី​ស្វែងរក​កូន​ឬ​ក្មួយ​ជាទី​ស្រឡាញ់​មកវិញ​តាម​វិធី​ដូចជា ប្តឹង​ប៉ូលិស ប្រកាស​តាម​វិទ្យុ សុំ​ពិធីករ​លើ​ឆាក​តន្ត្រី​ឱ្យជួយ​ប្រកាស​ឈ្មោះ​ភិនភាគ​កូនក្មួយ​ដែល​បាត់ ។​ល​។ ប៉ុន្តែ​វិធី​ទាំងនេះ​បានត្រឹមតែ​ធ្វើឱ្យ​ឪពុកម្តាយ​មាមីង​ភ័យ​ស្លន់ស្លោ​រឹតតែ​ខ្លាំង និង​អន្ទះសារ​ស្ទើរ​ស្លាប់​តែប៉ុណ្ណោះ​។ ចុះ​ធ្វើ​ដូចម្តេច​ដើម្បី​បំបាត់​ការបារម្ភ​បែបនេះ​ឱ្យនៅ​តិច​បំផុត​ក្នុងករណី​បាត់​ក្មេង​? 

​    ​ថ្ងៃនេះ​ខ្មែរ​រីដ​សូម​ណែនាំ​វិធី​មាន​ប្រយោជន៍​មួយចំនួន​ដូចខាងក្រោម​ដើម្បីឱ្យ​អាណាព្យាបាល​ទាំងឡាយ​យកទៅ​ប្រាប់​ក្មេងៗ​ពី​ឥឡូវ​ទៅ​ទម្រាំ​ដល់​ថ្ងៃបុណ្យ​អ៊ុំ​ទូក​ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ១៣​ដល់​១៥ វិច្ឆិកា ដូច្នេះ​ក្មេងៗ​នឹង​ដឹង​ពី​របៀប​ជួយ​ខ្លួនឯង​ពេល​វង្វេង​បាត់​ពី​អាណាព្យាបាល​៖

​    ​* ករណី​ក្មេង​ចេះ​និយាយ​ដឹង​ខុសត្រូវ​ស្រាប់​
​    ​១. ឱ្យ​ពួកគេ​ទន្ទិញ​ឈ្មោះ​ភូមិ​ស្រុក​ដែល​ខ្លួន​រស់នៅ ស្រណុក​សមត្ថកិច្ច​ជួយ​យក​ពួកគេ​ទៅដល់​កន្លែង​រស់នៅ​រប​ស់​ពួកគេ មិន​ពិបាក​ស្រាវជ្រាវ​ច្រើន​។ 

​    ​២. ស៊ក​អាសយដ្ឋាន លេខ​ទូរស័ព្ទ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ក្នុង​ហោប៉ៅ​របស់​ក្មេង ពេល​ប៉ូលិស​ឬ​ប្រជាជន​បានឃើញ​ក្មេង គឺ​នឹង​ឃើញ​អាសយដ្ឋាន​ទាំងអស់នោះ​ហើយ​។​

​    ​៣. ឱ្យ​ពួកគេ​ទន្ទេញ​ឱ្យ​ចាំ​អាសយដ្ឋាន (​លេខ​ផ្ទះ​លេខ​ផ្លូវ​សង្កាត់​) ហើយ​ឱ្យ​ពួកគេ​ជិះ​ម៉ូតូឌុប​មក​ផ្ទះ​វិញ (​ករណីនេះ​រាង​គ្រោះថ្នាក់​បន្តិច បើ​ប៉ះចំ​អ្នករត់ម៉ូតូឌុប​ខិលខូច នាំ​ក្មេង​យកទៅលក់ ឬ រំលោភ​)​។ បើ​មិន​អ៊ីចឹង ណែនាំ​ក្មេង​ឱ្យ​រកម​នុស្ស​ពាក់​ឯកសណ្ឋាន​នរគ​បាល ហើយ​ប្រាប់​អាសយដ្ឋាន​ទាំងនោះ​ដល់​ពួកគាត់​ដើម្បី​ជូន​មក​ផ្ទះ​វិញ​។ 

​    ​៤. ប្រាប់​ក្មេងៗ​ឱ្យ​ឡើងទៅ​ឆាក​តន្ត្រី ហើយ​ប្រាប់​ពិធីករ​ថា កំពុង​វង្វេង​ពុក​ម៉ែ​មាមីង ហើយ​ចង់ឱ្យ​រក​ពួកគាត់​។ 

​    ​៥. តាម​មតិ​ខ្មែរ​រីដ អ្នករៀបចំ​ពិធីបុណ្យ​គួរ​មាន​ឆាក​សា​គួ​មួយ​ឬ​ពីរ​ឡើង ហើយ​សរសេរ​ស្លាក​ធំៗ​ថា "​ឱ្យ​ក្មេង​រត់​មករក​ឆាក​នេះ បើ​វង្វេងគ្នា​" ពេលនោះ​អាណាព្យាបាល​ដែល​នាំ​ក្មេងៗ​មកលេង ត្រូវ​ណែនាំ​កូនៗ​ឱ្យ​ហើយ​ថា បើ​វង្វេង​ត្រូវ​រត់​មករក​ឆាក​ហ្នឹង​ទាំងអស់គ្នា​។ 

​    ​* ករណី​ក្មេង​មិនទាន់​ដឹង​ខុសត្រូវ និង​មិនទាន់​ចេះ​និយាយ​ច្បាស់លាស់ គឺ​មានតែ​ប្រុងប្រយ័ត្ន​ការពារ​ក្មេង​ឱ្យបាន​ដិតដល់​ជាង​ក្មេង​ធំ​ប៉ុណ្ណោះ​។ 

​    ​ចុះ​ប្រិយមិត្ត​វិញ​មានមតិ​យោបល់​អ្វី​ដែរ​ទេ​? 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់