adverise with khmeread 1

ជិត​ដល់​បុណ្យ​អ៊ុំ​ទូក​ហើយ​! នេះ​ជា​ល្បិច​គួរ​ពិចារណា ៥ យ៉ាង​ដែល​អាចជួយ​អ្នករក្សា​លុយ​ក្នុង​ហោប៉ៅ​បាន​កាន់តែច្រើន​

    ​លុយ​ប្រៀប​បី​ដូចជា​ហ្គាស​អ៊ីចឹង​។ ក៏ប៉ុន្តែ លុយ​អាច​អស់​លឿន​ជាង​ហ្គាស​ទៅទៀត​។ ប្រសិនបើ​អ្នករស់នៅ​ពឹង​ផ្អែកលើ​ប្រាក់ខែ វា​ពិតជា​ពិបាក​ក្នុងការ​ចាប់ផ្តើម​សន្សំ​លុយ​សម្រាប់​អនាគត ដែល​អ្នក​បាន​គ្រោងទុក​អស់​រាប់​ឆ្នាំ​ណាស់​។ ប៉ុន្តែ​វា​មិនមែន​ថា​មិនអាច​ទៅរួច​នោះទេ​។ ជាមួយនឹង​ការផ្លាស់ប្តូរ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ចំពោះ​ទម្លាប់​ចាយវាយ​ប្រចាំថ្ងៃ​របស់​អ្នក អ្នកនឹង​មើលឃើញថា​អ្នកមាន​ប្រាក់​លើសពី​គ្រប់គ្រាន់​ទៅទៀត​នៅក្នុង​ហោប៉ៅ​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចង់​សន្សំ​ប្រាក់ សូម​អាន​បន្ត​។ 

​    ​១- គិតពី​តម្លៃ​តាម​ម៉ោង​នីមួយៗ​
​    ​នៅពេល​ខ្ញុំ​នៅ​ជា​មនុ​ស្សវ័យ​ជំទង់​ធ្វើការ​នៅ​ជុំរុំ​រដូវក្តៅ​មួយ ខ្ញុំ​តែងតែមាន​ការភ្ញាក់ផ្អើល​នៅពេលដែល​អ្នក​រួមការ​ងារ​ភាគច្រើន​របស់ខ្ញុំ​មក​ធ្វើការ​ជាមួយនឹង​នំប៉័ង​ក្តៅៗ​រសជាតិ​ឈ្ងុយឆ្ងាញ់ ទឹកក្រូច​ធម្មជាតិ និង​កាហ្វេ​មួយថង់​រៀងរាល់​ព្រឹក​។ យើង​រកលុយ​បាន​ប្រហែល​តែ ១០ ដុល្លារ​ទេ​ក្នុង​មួយ​ម៉ោង ដូច្នេះ​មនុស្ស​ដែល​យក​ការចំណាយ​លើ​របស់​ទាំងនេះ​ឲ្យ​ក្លាយជា​ទម្លាប់​ប្រចាំថ្ងៃ​បាន​ចំណាយ​រួចទៅហើយ​នូវ​ទឹកប្រាក់ ដែល​ពួកគេ​អាច​នឹង​រកបាន​ក្នុង​មួយ​ម៉ោង​ដំបូង​នៃ​ថ្ងៃ​ធ្វើការ​នីមួយៗ មុនពេល​ពួកគេ​ចូល​មកដល់​កន្លែងធ្វើកា​រ​។ 

​    ​ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ សូម​បញ្ឈប់​ការទិញ​ដោយ​មិនបាន​គ្រោងទុក​ទាំងនេះ​។ រាល់​ពេលដែល​អ្នក​ចង់​ទិញ​អ្វីមួយ សូម​គិត​ចំពោះ​ខ្លួនឯង​ថា "​តើ​ខ្ញុំ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​បង់​នូវ​ការចំណាយ​មួយ​នេះ​?"​។ ប្រសិនបើ​ចំនួន​ពេលវេលា​រកលុយ​បង្គ្រប់​ការចំណាយ​នោះ​ធ្វើ​ឲ្យ​អ្នក​ស្រឡាំងកាំង អ៊ីចឹង​សូម​ទុក​របស់​នោះ​ទៅលើ​ធ្នើរ​អីវ៉ាន់​គេ​វិញ រួច​ដើរចេញ​ហាង​ភ្លាម​។ 

​    ​២- សាក​ឲ្យ​ស្គាល់​អ្វីៗ និង​បទពិសោធន៍​ផ្សេងៗ យូរៗ​ម្តង តែ​កុំ​ឲ្យ​ក្លាយជា​ទម្លាប់​
​    ​ប្រសិនបើ​អ្នក​បន្ថែម​ទម្លាប់​ផឹក​កាហ្វេ​ម៉ាក​ល្បី Starbucks តម្លៃ ៣ ដុល្លារ​រៀងរាល់ថ្ងៃ​របស់​អ្នក​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ អ្នក​អាច​នឹងមាន​ការតក់​ស្ល​ត់​ដែល​ដឹងខ្លួន​ថា អ្នក​បាន​ចំណាយ​ខ្ទង់ ៧០០ ទៅ ១០០០ ដុល្លារ​រៀងរាល់ឆ្នាំ​លើ​ការ​ហ្វេ ដែល​អ្នក​ផឹក​មិនបាន ២០ នាទី​ផង​នោះ​។ ពេលនោះ​ការតាំង​ចិត្ត​ដំបូងបង្អស់​របស់​អ្នក​គឺ​ត្រូវ​បញ្ឈប់​ការទិញ​កាហ្វេ​។ ប៉ុន្តែ​ជីវិត​រស់នៅ​នឹងមាន​ន័យ​អ្វី​ទៅ ប្រសិនបើ​អ្នក​មិនអាច​បំពេញ​ក្តី​រីករាយ​ខ្លួនឯងបាន​សូម្បីតែ​ផឹក​កាហ្វេ​នោះ​? ជំនួស​ឲ្យ​ការទិញ​កា​ហ្វ​ផឹក​ក្លាយទៅជា​ទម្លាប់ សូម​កាត់បន្ថយ​មក​ផឹក​វា​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺ​បាន​ហើយ​។ ត្រូវ​សន្សំសំចៃ "​ថ្ងៃ​ផឹក​កាហ្វេ​របស់​អ្នក​" ទុក​សម្រាប់​រាល់ពេល​ព្រឹក​ដ៏​មមាញឹក ជាជាង​យក​ពេលវេលា​ពេល​រាល់​ព្រឹក​ផឹក​តែ​កាហ្វេ ដែលជា​ទម្លាប់​របស់​អ្នកនោះ​។ 

​    ​៣- សូម​គិតថា​ម៉ោង​សម្រាក​គឺជា​លុយ​ដែល​បាត់​
​    ​ប្រសិនបើ​ចៅហ្វាយ​របស់​អ្នកផ្តល់​ការងារ​បន្ថែម​ម៉ោង សូម​ទទួលយក​វា​ភ្លាម​។ ក្រោយពី​ចេញពី​ធ្វើការ អ្នក​ច្បាស់​ជា​ចង់ទៅ​ផ្ទះ​សម្រាក​លើ​គ្រែ​មើល​ទូរទស្សន៍​ពេល​ល្ងាច​យ៉ាង​រំភើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករក​លុយ​បាន ១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង និង​ទទួលបាន​ទ្វេដង​សម្រាប់​ការធ្វើការ​លើស​ម៉ោង ហើយ​ចៅហ្វាយ​អ្នកផ្តល់​ការងារ​បន្ថែមចំនួន ២ ម៉ោង​ទៀត តើ​សម​ទេ​ដែល​ត្រូវ​បោះចោល​លុយ ៦០ ដុល្លារ​ទៅ​មើល​រឿង ដែល​អ្នក​បានឃើញ​លើ​កញ្ចក់​ទូរទស្សន៍​ជិត ១០០ ដងនោះ​? តាមន័យ​បច្ចេកទេស អ្នក​មិនបាន​បាត់បង់​លុយ​មួយ​សេន​ណា​ទេ ប៉ុន្តែ​អ្នក​បាន​បាត់​លុយ​សក្តានុពល​របស់​អ្នក​។ វា​ជា​រឿង​មួយ​ផ្សេង​នៅពេល​អ្នក​ខកខាន​ឱកាស​ដែល​កន្លងទៅ ប៉ុន្តែ​ការមិន​រវីរវល់​នឹង​ឱកាស​អនាគត ដែល​អ្នក​នៅតែ​អាច​ទាញយក​ប្រយោជន៍​ពី​វា​បាន​គឺជា​រឿង​ខ្ជះខ្ជាយ​បំផុត​។ 

​    ​៤- ចំណាយ​ឲ្យ​ចំ​អ្វីដែល​សំខាន់​
​    ​លុយ​នឹង​ពុំមាន​ន័យ​អ្វី​ឡើយ​ដរាបណា​អ្នកផ្តល់​អត្ថន័យ​ដល់​វា​។ ប្រសិនបើ​អ្នកមាន​លុយ ១ លាន​ដុល្លារ​ក្នុង​ធនាគារ ប៉ុន្តែ​មិន​ព្រម​ប៉ះពាល់​វា​ទាល់តែសោះ អ៊ីចឹង​វា​បានត្រឹមតែ​ជា​ចំនួន​លេខ​នៅលើ​កុំព្យូទ័រ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​លុយ ១០០ ដុល្លារ​ក្នុង​ហោប៉ៅ​របស់​អ្នក និង​បាន​ចំណាយ​វា​លើ​អាហារ​ដ៏​រ៉ូ​មែន​ទិ​ក​ជាមួយនឹង​ភរិយា​របស់​អ្នក អ៊ីចឹង​អ្នក​បាន​ចំណាយលុយ ១០០ ដុល្លារ​មិន​ត្រឹមតែ​លើ​អាហារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទៅលើ​ការបង្កើត​អនុស្សាវរីយ៍ ដែល​នឹង​ចងចាំ​ជានិច្ច​និរន្ត​ទៀតផង​។ លុយ​មួយ​ដុល្លារ​អាច​នឹងមិន​ប្រើប្រាស់​លើ​អ្វី​បាន​ច្រើន​ទេ ប៉ុន្តែ​សូម​ទាញ​អត្ថប្រយោជន៍​ឲ្យ​អស់ពី​គ្រប់​លុយ​ដែល​អ្នក​រកបាន​។ 

​    ​៥- គិតពី​លុយ​ដែល​បាន​សន្សំ​ឲ្យ​ដូចជា​លុយ​ដែល​រកបាន​
​    ​ការ​ងាក​ទៅ​គិត​អំពី​ការមិន​ចំណាយលុយ​តាម​ទម្លាប់ និង​ជះ​លុយ​ខ្ជះខ្ជាយ​លើ​របស់​ឥត​ចាំបាច់ នឹង​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​គិត​អំពី​លុយ​ដែល​បាន​សន្សំ​។ ឧទាហរណ៍ អ្នក "​បាន​សន្សំ​លុយ​" ៥០០ ដុល្លារ​នៅ​ឆ្នាំនេះ​តាមរយៈ​ការមិន​ទិញ​នំ​ដូ​ណាត់​រៀងរាល់​ព្រឹក ប៉ុន្តែ​អ្នក​គួរ​ចាត់ទុក​វា​ជា​លុយ "​រកបាន​" តាមរយៈ​ការមិន​ទិញ​នំ​ដូ​ណាត់​រៀងរាល់​ព្រឹក​ទៅវិញ ទើប​ល្អ​។ វា​ប្រហែល​មិនមែនជា​លុយ​ដែល​រកបាន​មែន ប៉ុន្តែ​តើ​អ្នកមាន​ចាប់អារម្មណ៍​ទេ​ថា​អ្នក​បាន​បោះបង់ចោល​ទម្លាប់​ទិញ​នំ​ដូ​ណាត់​ដោយ​មិនបាន​ប្រឹង​អ្វី​បន្តិច​សោះ​នោះ​? តាមរយៈ​នេះ អ្នក​បាន​កំពុង​ខ្នះខ្នែង​បោះបង់ចោល​ទម្លាប់ ដែល​អ្នក​បាន​បង្កើតឡើង ហើយ​អ្នក​ថែមទាំង​អាច​សន្សំ​លុយ​បាន​ខ្លះ​ក្នុង​ហោប៉ៅ​របស់​អ្នក​ទៀត​។ សូម​គិត​មើលទៅ​មើលថា​តើ​អ្នក​ជក់បារី​អាច​រកលុយ​បាន​ច្រើន​ប៉ុនណា ប្រសិនបើ​ពួកគេ​បោះបង់ចោល​ទម្លាប់​ដ៏​គួរ​ឲ្យ​ខ្ពើម​មួយ​នេះ​! នៅពេលណា​ដែល​អ្នក​រកលុយ​បាន​តាមរយៈ​ការបោះបង់ចោល​អ្វីដែល​មិនចាំបាច់ អ្នកនឹង​អាច​ចាយវាយ​ដោយ​សេរី​លើ​អ្វីៗ ដែល​ធ្វើ​ឲ្យ​ជីវិត​មានន័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់