adverise with khmeread Untitled 1

មន្ត្រី​អាវុធហត្ថ​ដែល​បាញ់​ពលរដ្ឋ​ម្នាក់​រងរបួស​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ ​(មានវីដេអូ)

    បាត់ដំបង​ ​៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​បាញ់​ពលរដ្ឋ​ម្នាក់​រងរបួស​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ បន្ទាប់ពី​ត្រូវបាន​ឃាត់​ខ្លួន​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​ហាង​ស៊ុប​យីហោ​ពន្លឺ​ត្បូង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា លោក​អនុសេនីយ៍ទោ ទែន ភាន ជា​ជំនួយការ​មន្ទីរ​ភស្តុភារ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ប្រើប្រាស់​អាវុធខ្លី​ម៉ាក K54 លេខ​31001971 បាន​បាញ់​ចំនួន​២​គ្រាប់ (​មិន​ផ្ទុះ ០១​គ្រាប់​) លើ​ជនរងគ្រោះ មានឈ្មោះ ព្រឿ​ន រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​ចុងភៅ​សណ្ឋាគារ​ក្លាស់​ស៊ី មាន​ទីលំនៅ​ភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ បណ្តាល​ត្រូវចំ​កំភួនជើង​ខាងឆ្វេង ចំនួន ០១​គ្រាប់ បណ្តាលឱ្យ​រងរបួស។​

    មន្ត្រី​ដដែល​បន្តថា មូលហេតុ​ដោយ​ជនសង្ស័យ​ខឹង​ជាមួយ​ជនរងគ្រោះ ដែល​បាន​រោទ៍​ម៉ូតូ​ជាច្រើនលើក​នៅមុខ​ផ្ទះ​រប​ស់​ខ្លួន។​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​បញ្ជូនមក​ប​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។​

    លុះដល់​ម៉ោង​២​រសៀល ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​តាម​នីតិវិធី​។​

    សូមបញ្ជាក់ថា កងរាជអាវុធហត្ថ​ជាម​ន្ត្រី​ប្រតិបត្តិ​ច្បាប់ កាលណា​អនុវត្ត​តួនាទី​របស់ខ្លួន​មិន​ស្រប​នឹង​ច្បាប់​ត្រូវ​ទទួលទោស​ដូច​ប្រជាពលរដ្ឋ​ផងដែរ​។ សិទ្ធិ​នៃ​ការប្រើប្រាស់​ត្រូវបាន​ផ្សព្វផ្សាយ​និង​អប់រំ​ជាប្រចាំ​ដល់​នាយ នាយរង និង​ពល​អាវុធហត្ថ​ទូទាំងប្រទេស៕

 

adverise with khmeread

មតិយោបល់