1

ស្ត្រី​គ្រប់រូប​ដែល​ចង់បាន​ការងារ​ក្រៅ​ស្រុក​គួរ​ដឹង​! មេខ្លោង​ថៃ​បោក​នារី ៨០ នាក់​ទៅធ្វើជា​ស្រីខូច​នៅ​ស្វ៊ី​ស ហើយ​នេះ​ជា​ល្បិច​ចងជើង​ពួកនាង​នៅ​ស្វ៊ី​ស​

    ​ការស៊ើបអង្កេត​មួយ​ដោយ​រដ្ឋអាជ្ញា​សាធារណៈ​របស់​ស្វ៊ី​សបាន​សន្និដ្ឋានថា ស្ត្រី​ថៃ​ចំនួន ៨០ នាក់​ត្រូវបាន​ជួញដូរ​ទៅកាន់​ប្រទេស​ស្វ៊ី​ស ហើយ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​ស្រីខូច​ពី​ឆ្នាំ ២០១១ ដល់ ២០១៤​។​

​    ​ប៉ូលិស​ទីក្រុង Bern បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា មេខ្លោង​ជា​ស្ត្រី​ជនជាតិ​ថៃ​អាយុ ៥៧ ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង Zurich កាលពី​ខែតុលា ឆ្នាំ ២០១៤​។​

​    ​បន្ទាប់ពី​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ ប៉ូលិស​បាន​សន្និដ្ឋានថា ការស៊ើបអង្កេត​បានរ​ក​ឃើញថា ចាប់តាំងពី​ឆ្នាំ ២០១១ មេខ្លោង​រៀបចំ​ចាត់ចែង និង​ចេញ​លុយ​ឱ្យ​ស្ត្រី ៨០ នាក់ ភាគច្រើន​មកពី​គ្រួសារ​ក្រីក្រ​ក្នុងប្រទេស​ថៃ ដើម្បី​មក​ប្រទេស​ស្វ៊ី​ស "​ក្រោមលេស​បោក​កុហក​ផ្សេងៗ​"​។​

​    ​ស្ត្រី​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ផ្ទះបន​នានា​នៅក្នុង​ទីក្រុង Bern, Solothurn, Lucerne, Basel-City, St Gallen និង Zurich ហើយ​បន្ទាប់មក​បង្ខំ​ពួកគេ​ឱ្យធ្វើ​ការ​ជា​ស្រីខូច​ដើម្បី​សងលុយ​ធ្វើដំណើរ​របស់​ពួកគេ​ដែល​បាន​ជំពាក់​។​

​    ​ប៉ូលិស​បាន​និយាយថា ពួកគេ​ត្រូវបាន​ប្រាប់ថា ត្រូវប្រគល់​លុយ​ដែល​ពួកគេ​រកបាន​ទាំងអស់​ទៅឱ្យ​អ្នកគ្រប់គ្រង​ផ្ទះបន ដែល​បាន​រក្សា​លុយ​អស់​ពាក់កណ្តាល​ទៅហើយ​សម្រាប់​ខ្លួនឯង​។ រីឯ​ពាក់កណ្តាល​ទៀត​ត្រូវ​សងបំណុល​របស់​ពួកគេ​ដែលមាន​ចាប់ពី ២៥.០០០ ទៅ ៣០.០០០ ហ្វ្រ​ង់​។​

​    ​ស្ត្រី​ទាំងនោះ​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់ ហើយ​មិនអាច​ចេញ​ក្រៅ​ផ្ទះបន​បានឡើយ​។ ប៉ូលិស​បាន​ប្រាប់ថា មេខ្លោង​វ័យ ៥៧ ឆ្នាំ​ខាងលើ​បច្ចុប្បន្នកំពុង​ជាប់គុក​៕

ប្រភព៖ ថៃ

អ្នកនឹងចូលចិត្ត

មតិយោបល់