adverise with khmeread Unnamed

ហួសហេតុណាស់! ជនបរទេសពីរនាក់បើកឡាន​ យកដបទឹកសុទ្ធគប់កូនប្រជាការពាររហស្សនាម "ខ្លា ស២" ហើយឆ្លៀតជេរប្រមាថទៀត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជនបរទេស​២​នាក់ បាន​ជិះ​រថយន្ត​ម៉ាក TUNDRA មួយគ្រឿង​ហើយ​បាន​ខឹងសម្បារ ប្រជា​ការពារ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​និង​កូន​យឺតៗ​គេច​ជង្ហុក​នៅខាងមុខ បណ្ដាលឱ្យ​ទើសមុខទើសមាត់​ពេក បាន​យក​ដប​ទឹក​សុទ្ធ​មួយ គប់​​ត្រូវ​ក្បាល​កូន​ប្រជា​ការពារ​រូបនោះ ដែល​កំពុងធ្វើដំណើរ​ដោយ​មិនដឹង​ខ្លួន​។​

    ដោយសារតែ​ការ​មើលងាយមើលថោក​ដូច​សម្រាម ពី​សំណាក់​បុរស ជនជាតិ​បារាំង​ទាំងពីរ​នាក់​នោះ បានធ្វើឱ្យ​ប្រជា​ការពារ​រូបនោះ មានការ​ក្ដៅក្រហាយ​ក៏បាន​ស្រែក​ប្រកាស តាម​វិទ្យុទាក់ទង​ឱ្យ​តាម​បណ្ដាល​គោលដៅ​នានា ជាពិសេស​កម្លាំង​ប៉ូលិស​គ្រប់​ប៉ុស្ដិ៍ ជួយ​ស្ទាក់ចាប់ រថយន្ត​នោះ​ដែលជា​ហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ក្រោយ​ពេលដែល ជនជាតិ​បារាំង​នោះ បើករថយន្ត​រត់​បាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ទើប​ដេញតាម​ចាប់បាន​។​

    ភ្លាមៗ​នោះ បុរស​ជនជាតិ​បារាំង​ខាងលើ ចេះ​និយាយ​ភាសា​ខ្មែរ​ប៉ៃឡាំៗ បាន​ជេរប្រមាថ​ប្រជា​ការពារ​ខាងលើ និង​អ្នក​ដែល​ទៅ​ឃាត់​រថយន្ត​ពួកគេ​នោះ យ៉ាង​ចាស់ដៃ​ថែមទៀត លុះ​ពេល​ប៉ូលិស​ប្រុង​នាំខ្លួន និង​នាំយក រថយន្ត​ទៅកាន់​ប៉ុស្ដិ៍​ទើប​ជនជាតិ​បារាំង​នោះ ព្រម​បន្ទន់ឥរិយាបទ​សុំទោស​ប្រជា​ការពារ​ខាងលើ ជាការ​បញ្ចប់រឿង​។​

    ហេតុ​ការ​ណ៏​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១​ និង​៤៥​នាទី រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ស្ថិតក្នុង​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ជនជាតិ​បារាំង​បង្ករឿង​ទាំងពីរ​នាក់​នោះ មិនបាន​ប្រាប់​ឱ្យដឹង​ឈ្មោះ​នោះឡើយ ពួកគេ​ជិះ​រថយន្ត​ម៉ាក TUNDRA ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-9869 ដោយឡែក​ប្រជា​ការពារ​ខាងលើ ក៏​មិនបាន​ប្រាប់ឱ្យ​ដឹង​ឈ្មោះ​ដែរ គ្រាន់តែ​ដឹងថា​គាត់​មាន​រហស្សនាម "​ខ្លា​.​ស​២"​។​

    ប្រជា​ការពារ​រូបនោះ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​ប្រពន្ធ​និង​កូន ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​មិនបាន​ដឹងថា​ជនជាតិ​បារាំង​ទាំងពីរ​នាក់​នោះ ជិះ​រថយន្ត​តាម ក្រោយ​នោះឡើយ។​

    លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ដោយសារតែ​ផ្លូវ​មាន​ស្ថានភាព​ខូច មាន​ជង្ហុក​គាត់​បាន​បន្ថយល្បឿន​យឺតៗ និង​គេច​ជង្ហុក​។ ​ខណៈនោះ​ទំនង​ជនជាតិ​បារាំង​នោះ មានការ​ខឹង សម្បារ​ពី​រឿង​ដែល​គាត់​ជិះ​ម៉ូតូ​យឺតៗ ទើសមុខទើសមាត់​ពួកគេ មិនអាច​បើករថយន្ត​បាន​លឿន ទើប​ពេល ទៅដល់​ទន្ទឹម ពួកគេ​បាន​ចុច​កញ្ចក់​រថយន្ត រួច​បាន​យក​ដប​ទឹក​សុទ្ធ គប់​សំដៅ​ពួកគាត់ បណ្ដាល​ឱ្យ​ត្រូវ ក្បាល​កូនប្រុស​គាត់ ដែល​នេះ​គឺជា​ការមើល​ងើយ​មើលថោក​មួយ​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយ​គប់​ក្បាល​កូន​គាត់​ហើយ ជនបរទេស​ខាងលើ​បាន​មិនបាន​ឈប់​នោះទេ បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន រត់គេចខ្លួន​ទើប​គាត់​បាន​ស្រែក ប្រកាស​តាម​វិទ្យុទាក់ទង ឱ្យ​តាម​បណ្ដា គោលដៅ​និង​នគរបាល​តាម​ប៉ុស្ដិ៍​នានា ជួយ​ពួនស្ទាក់​ឃាត់​រថយន្ត​នោះ​។​ ដែលជា​ហេតុ​បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​មួយ​ខណ្ឌ​តែម្ដង។​

    ពេលនោះ​កម្លាំង​សណ្ដាប់ធ្នាប់ កម្លាំង​ប្រជា​ការពារ រួមជាមួយ​កម្លាំង​ប៉ូលិស​បាននាំគ្នា​ដេញតាម​ចាប់ ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ទើប​ចាប់បាន​ទាំង​រថយន្ត និង​ជន​ជាត់​បារាំង​ទាំង​ ២ នាក់​នោះ​។​

    ប៉ុន្តែ​អ្វីដែល​រឹតតែ​បង្ក​ឱ្យ​មានការ​ក្ដៅក្រហាយ​ថែមទៀត​នោះ គឺ​ក្រោយពេល​ឃាត់​បាន ជនជាតិ​បារាំង​ទាំងនោះ ចេះ​និយាយ​ភាសា​ខ្មែរ​ច្រើន ប៉ុន្តែ​គ្រាន់តែ​ប៉ៃឡាំៗ បាន​ស្រែក​ជេរប្រមាថ តិះដៀល ទៅលើ​ប្រជា​ការពារ និង​បាន​និយាយថា​ "អញ​ក៏​ជា​ខ្មែរ​ដែរ ព្រោះ​អញ​បាន​ចូលសញ្ជាតិ​ខ្មែរ​រួច ហើយ ។ ម្យ៉ាង​ពួក​ឯង​នាំគ្នា​មកឃាត់​រថយន្ត​របស់​អញ​បែបនេះ​តើ​មាន​កំហុស​អី ពួក​អា​ប្រជាជន​ឯង​គ្រប់គ្នា​នឹង កុំមក​ចង់​លេង​ជាមួយ​អញ​អញ​មិន​ខ្លាច​ពួក​ឯង​ទេ ហើយ​ឡាន​អញ​មិនបាន​ប៉ះ​ឯង​ទេ ហេតុ​អ្វី​បានមក​ឃាត់ ឡាន​អញ ហើយ​អញ​មិនបាន​គប់​នោះទេ​គ្រាន់តែ​បោះចោល រួច​ត្រូវ​តើ​?"។​

    នេះ​គឺជា​ការ​មើលងាយ ខ្លាំងណាស់ ដោយ​អត់ទ្រាំ​ពុំបាន​គាត់​បាន​ក៏​នាំទៅ ចាត់ការ​តាមច្បាប់ ទើប​ជនជាតិ​បារាំង​នោះ បន្ទន់ឥរិយាបទ​មក​វិញ ដោយបាន​ហៅ​គាត់​ថា​បងៗ​វិញ និង​បាន​លើកដៃ​សំពះសុំទោស ជាច្រើន​ដង​ទើប គាត់ សុខចិត្ត​លើកលែងទោស និង​បញ្ចប់រឿង​ត្រឹមនោះ​ទៅ៕​

 

adverise with khmeread

មតិយោបល់