adverise with khmeread 1

បែកធ្លាយ​ខ្សែអាត់​សំឡេង​សម្ងាត់​របស់​អតីត​មេដឹកនាំ គីម ជុងអ៊ីល និយាយ​លេងសើច​ពី​កម្ពស់​តឿ​របស់ខ្លួន និង សើចចំអក​ឱ្យ​ភាពយន្ត​ដែល​ឪពុក​ខ្លួន​ផលិត​

​    ​ឯកសារ​ថ្មី​មួយ​បាន​លាតត្រដាង​ពី​របៀប​ដែល​អតីត​មេដឹកនាំ​កូរ៉េខាងជើង​គឺ​លោក គីម​ជុងអ៊ីល លេងសើច​នឹង​កម្ពស់​តឿ​របស់គាត់ និង​រអ៊ូរទាំ​នឹង​មនុស្ស​នៅក្នុង​រដ្ឋ​អាថ៌កំបាំង​នេះ​ថា "​ចិត្តចង្អៀត​ចង្អល់​"​។​

​    ​ខ្សែអាត់​សំឡេង​សម្ងាត់​មួយ​នេះ​ត្រូវបាន​លួច​ថត​ទុក​ដោយ​អ្នកដឹកនាំ​កូរ៉េខាងត្បូង​គឺ​លោក Shin Sang-ok និង​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Choi Eun-hee ដែល​ត្រូវបាន​ចាប់ជំរិត និង​បង្ខំ​ឱ្យ​ផលិត​ភាពយន្ត​ឱ្យ​កូរ៉េខាងជើង​។​

​    ​រឿងរ៉ាវ​របស់​អ្នក​ទាំងពីរ​គឺជា​ប្រ​ធា​បទ​ភាពយន្ត​ឯកសារ "The Lovers and the Despot" ដែល​រ៉ាយរ៉ាប់​អំពី​រឿង​ចំនួន ១៧ ដែល​ពួកគេ​ផលិត​ឱ្យ​លោក គីម​ជុងអ៊ីល ដែល​ចង់​ផ្លាស់ប្តូរ​កូរ៉េខាងជើង​ទៅជា​ប្រទេស​ខ្លាំង​ខាង​ភាពយន្ត​។​

​    ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ក៏​បង្ហាញ​អំពី​ការជួបជុំ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ក្រោយ​អ្នក​ទាំងពីរ​គេចខ្លួន​បន្ទាប់ពី​នៅក្រោម​អំណាច​កូរ៉េខាងជើង​អស់ ៨ ឆ្នាំ​ផងដែរ​។​

​    ​លោក គីម​ជុងអ៊ីល ដែល​បាន​ចូលកាន់​កាប់​តំណែង​ពី​ឪពុក​របស់លោក ធ្លាប់ជា​អ្នកគ្រប់គ្រង​វិស័យ​ភាពយន្ត​របស់​ប្រទេស ហើយ​គាត់​ងប់​ង​ល់​នឹង​ភាពយន្ត​ជាខ្លាំង​។ គាត់​ចូលចិត្ត​ភាពយន្ត James Bond និង​ភាពយន្ត Rambo ដំបូង​គេ​ផងដែរ​។​

​    ​ដោយ​គាត់​ឃើញថា កូរ៉េខាងជើង​មិនសូវមាន​អ្នក​ផលិត​ភាពយន្ត​មានគំនិត​ច្នៃប្រឌិត ដូច្នេះ​គាត់​ក៏មាន​គំនិត​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​ចាប់ជំរិត​តារា​សម្តែង​ដ៏​ជោគជ័យ និង​អ្នក​ផលិតភាព​យន្ត​របស់​កូរ៉េខាងត្បូង​។​

​    ​ក្នុង​ឆ្នាំ ១៩៧៨ គាត់​បាន​ចាប់ពង្រត់​អ្នកដឹកនាំ​រឿង​គឺ​លោក Shin Sang-ok និង​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Choi Eun-hee ហើយ​បង្ខំ​អ្នក​ទាំងពីរ​ឱ្យ​ផលិត​រឿង​សម្រាប់​ខ្លួន​នៅក្នុង​ស្រមោល​ងងឹត​របស់​កូរ៉េ​កុម្មុយនីស្ត​។​

​    ​បន្ទាប់ពី​ចាប់ពង្រត់ អ្នក​ទាំងពីរ​ត្រូវបាន​រក្សា​ឱ្យនៅ​ឆ្ងាយ​ពីគ្នា ហើយ​យកទៅ​បង្ខាំង​ទុកឱ្យ​នៅ​ម្នាក់​ម្ខាង​អស់​រយៈពេល ៥ ឆ្នាំ​។​

​    ​នៅ​ទីបំផុត​នៅក្នុង​ឆ្នាំ ១៩៨៣ អ្នក​ទាំងពីរ​ត្រូវបាន​បញ្ចុះបញ្ចូល​បានសម្រេច ហើយ​ពួកគេ​ក៏បាន​ចាប់ផ្តើម​ផលិតភាព​យន្ត​ឱ្យ​លោក គីម​ជុងអ៊ីល​។ អ្នក​ទាំងពីរ​បាន​ផលិត​រឿង​ចំនួន ១៧ ឱ្យ​អតីត​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​រហូតដល់​ពួកគេ​គេចខ្លួន​ក្នុង​ឆ្នាំ ១៩៨៦​។​

​    ​ខ្សែ​ភាព​ឯកសារ "The Lovers and the Despot" ដែល​ផលិត​ដោយ​លោក Ross Adam និង Rob Cannan សម្លឹង​ទៅ​មើល​ពេលវេលា​របស់​អ្នក​ទាំងពីរ​នៅក្នុង​រដ្ឋ​ឯកោ​មួយ​នេះ ដែល​រួមបញ្ចូល​ទាំង​ខ្សែអាត់​សំឡេង​សម្ងាត់​រវាង​ជំនួប​ពួកគេ​ជាមួយ គីម​ជុងអ៊ីល​។​

​    ​ចំពោះ​ពួកគេ លោក​គីម​ជុងអ៊ីល​បាន​និយាយ​បើកចំហ​អំពី​ការខកចិត្ត​របស់គាត់​ជាមួយ​ឧស្សាហកម្ម​ភាពយន្ត​អត់​បានការ​របស់​ប្រទេស​ខ្លួន និង​កង្វះ​អ្នកមាន​សមត្ថភាព​។​

​    ​យោងតាម CNN ឱ្យដឹងថា ប្តី​ប្រពន្ធ​នេះ​លួច​ថត​សំឡេង គីម​ជុងអ៊ីល ដោយ​ប្រើ​ម៉ាស៊ីន​ចាក់​កាសែត​តូច​មួយ​ដែល​លាក់ទុក​ក្នុង​កាបូបដៃ​របស់​អ្នកស្រី Choi​។​

​    ​លោក គីម​ជុងអ៊ីល បាន​ប្រាប់​អ្នក​ទាំងពីរ​ថា "​យើង​មិនមាន​ខ្សែភាពយន្ត​ដែល​អាច​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​បានទេ​។ វា​ជា​ភាពយន្ត​អន់ៗ​ទាំងអស់​។ ប៉ុន្តែ​នៅ​កូរ៉េខាងត្បូង​វិញ ពួកគេ​មាន​បច្ចេកវិជ្ជា​ល្អ​ជាង​។ ពួកគេ​ដូចជា​និស្សិត​មហាវិទ្យាល័យ​អ៊ីចឹង ខណៈ​យើង​គ្រាន់តែ​ជា​សា​លាម​តេ្ត​យ្យ​ប៉ុណ្ណោះ​។ មនុស្ស​នៅទីនេះ​ពិតជា​ចង្អៀតចង្អល់​ណាស់​"​។​

​    ​គាត់​បាន​បន្តថា "​ហេតុ​អី​បានជា​រឿង​របស់​យើង​មាន​មនោគមវិជ្ជា​ដដែលៗ​? ហេតុអ្វី​បានជា​មាន​ឈុត​យំ​ច្រើន​ម្ល៉េះ​? ពួកគេ​ដូច​កង្កែប​ក្នុង​អណ្តូង មើល​តែ​រឿង​ខ្លួនឯង ហើយ​ពួកគេ​ចូលចិត្ត​ណាស់​រឿង​អ៊ីចឹងៗ​"​។​

​    ​បើ​យោងតាម​អ្នកស្រី Choi ឱ្យដឹងថា នៅក្នុង​កំណត់ហេតុ​ផ្ទាល់ខ្លួន​មួយ លោក​គីម​បាន​លេងសើច​ចំពោះ​កម្ពស់​តឿ​របស់គាត់​នៅពេល​គាត់​បាន​ជួប​អ្នកស្រី​ជា​លើកដំបូង​។ អ្នកស្រី​បាន​និយាយថា "​មើល​មក​ខ្ញុំ​មើល​! តើ​ខ្ញុំ​តឿ​មែន​អត់​?"​។​

​    ​ក្នុង​ឆ្នាំ ១៩៨៦ អ្នក​ទាំងពីរ ដែល​លោក​គីម​ជុងអ៊ីល​ទុកចិត្ត​ហើយ​នោះ ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ទីក្រុង​វី​យែ​ន កន្លែង​ដែល​អ្នក​ទាំងពីរ​រត់គេច​ខ្លួន ហើយក៏​បាន​ទៅដល់​សហរដ្ឋអាមេរិក​។​

​    ​មួយឆ្នាំ​មុន​នោះ ពួកគេ​បាន​នាំយក​ខ្សែអាត់​សំឡេង​នេះ​ទៅ​ក្រសួងការបរទេស​អាមេរិក​ក្នុង​ឆ្នាំ ១៩៨៥​។​

​    ​ខ្សែអាត់​នោះ​ពិតជា​សំខាន់​សម្រាប់​ការ​ស៊ើបការណ៍​សម្ងាត់​ខណៈ​វា​ត្រូវបាន​ជឿថា ជា​សំឡេង​របស់លោក​គីម​ជុងអ៊ីល​ដំបូង​គេ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បានឮ​។​

​    ​លោក Shin បាន​ស្លាប់​ក្នុង​ឆ្នាំ ២០០៦ ខណៈ​អ្នកស្រី Choi កំពុង​រស់នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​៕

ប្រភព៖ dailymail

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់