adverise with khmeread 1

អាវុធហត្ថបង្ហាញមុខជនល្មើស២២នាក់មុនពេលបញ្ជូនទៅតុលាការ

    ភ្នំពេញ ៖ ជនសង្ស័យ​២២​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហាញមុខ និង​បញ្ជូន​ជនសង្ស័យ​ទាំងអស់ ទៅ​តុលាការ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ ក្នុងនោះ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​១២​នាក់ ចោរលួច​៧​នាក់ និង​ចោរឆក់​៣​នាក់ ដើម្បី​ចាត់ការ​តាមច្បាប់​កាល​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំង​១២​នាក់ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​នៅ ថ្ងៃទី​១០-១១​និង​១៣​ខែមករា ឆ្នាំ​២០១៦​ក្នុង​ខណ្ឌដង្កោខណ្ឌមានជ័យ និង ខណ្ឌ​សែន​សុខ​។ រីឯ​ចោរលួច​៧​នាក់​គឺជា​ក្រុមចោរ​ដើរ​លួច​ម៉ូតូ​តាម​ផ្ទះ​និង​ទីកន្លែង​សាធារណៈ​ផ្សេងៗ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១១​និ​១២ ខែមករា ឆ្នាំ​២០១៦​ក្នុង​ខណ្ឌដូនពេញ ខណ្ឌ​ព្រែក​ព្នៅ និង ខណ្ឌមានជ័យ​។​
    ចំណែក​ចោរឆក់​៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ កាបូប​លុយ និង​សម្ភារៈ​ផ្សេង​របស់​ប្រជាពលរដ្ឋ​និង​ជនបរទេស​តាម​ដងផ្លូវ​នោះ ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្នុង​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០១៦​ក្នុងនោះ មាន​២​នាក់ ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​១៥៤ កែង​១៩ សង្កាត់​ជ័យ​ជ​នះ ខណ្ឌដូនពេញ បន្ទាប់ពី​ពួកគេ​ឆក់​ទូរស័ព្ទដៃ​របស់​ជនបរទេស និង​ម្នាក់ទៀត​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​១៧២ កែង​១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពី​វា​និង​បក្សពួក​បាន​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស​ដូចគ្នា ។​
    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​៣​ខាងលើ​បាន​ឲ្យ​ដឹងថា ពួកគេ និង​បក្ខពួក​មួយចំនួនទៀត​ធ្លាប់​ប្រព្រឹត្ត​អំពើ​ឆក់​ជាច្រើនលើក​មកហើយ ហើយ​ក្នុងនោះ​មាន​ម្នាក់ ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​រយៈពេល​៧​ខែ​ផងដែរ កាលពី​ឆ្នាំ​២០១៣​។​
   បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២២​នាក់​ត្រូវបាន​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​ជា​បន្តបន្ទាប់​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ រីឯ​សម្ភារៈ​របស់​ជនរងគ្រោះ​ដែល​ដកហូត​ត្រូវបាន​អាវុធហត្ថ​បានប្រគល់​ជូន​ដល់ដៃ​ម្ចាស់​ដើម​វិញ​រួចហើយ ៕​

adverise with khmeread

មតិយោបល់