1

វេជ្ជបណ្ឌិត​រុស្ស៊ី​ដាល់​អ្នកជំងឺ​មួយ​ដៃ​ស្លាប់​ភ្លាមៗ​ដោយសារ​លូកលាន់​គ្រូពេទ្យ​ស្រី​

​    ​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​តក់​ស្ល​ត់ ពេល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​សម្លាប់​អ្នកជំងឺ​ដោយ​ការ​ដាល់​ចំ​កណ្តាល​មុខតែ​មួយ​ដៃ​ប៉ុណ្ណោះ​។ 

​    ​វីដេអូ​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការវាយប្រហារ​លើ​អ្នកជំងឺ​នៅ​ភាគ​ខា​ត្បូង​ទីក្រុង Belgorod ត្រូវបាន​ចាក់ផ្សាយ​ម្តង​ហើយ​ម្តងទៀត​នៅលើ​ទូរទស្សន៍​រដ្ឋ និង​បាន​ល្បី​មួយ​រំពេច​នៅលើ YouTube ខណៈដែល​បណ្តាញ​ផ្សព្វផ្សាយ​រុស្ស៊ី​បានដាក់​រហស្សនាម​ជនដៃដល់​នេះ​ថា "​គ្រូពេទ្យ​ប្រដាល់​"​។ 

​    ​ឧប្បទ្ទវ​ហេតុនេះ​បាន​លើក​ជា​ចម្ងល់​ជុំវិញ​វប្បធម៌​បិទបាំង​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​រដ្ឋ ខណៈដែល​ក្រុម​អ្នកស៊ើប​អង្កេត​ទើបតែ​បានប្រកាស​ពី​ការស៊ើបអង្កេត​ករណីនេះ​នៅ​ជាច្រើន​ថ្ងៃក្រោយ​កើតហេតុ បន្ទាប់ពី​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​បញ្ចេញ​តាម​អន​ឡាញ និង​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​ព្រោងព្រាត​។ 

​    ​ក្នុង​វីដេអូ វេជ្ជបណ្ឌិត​មាឌ​ឌាំ​ង​ក្នុង​ឈុត​គ្រូពេទ្យ​បាន​ទាញ​អ្នកជំងឺ​ប្រុស​ដោះអាវ​ចេញពី​គ្រែ​ពិនិត្យ រួច​សួរ​អ្នកជំងឺ​ថា "​ហេតុអ្វី​ឯង​ស្ទាប​គិលាណុបដ្ឋាយិកា​?" ហើយ​ច្រាន​អ្នកជំងឺ​ចេញពី​កន្លែង​ចេញចូល​មាត់ទ្វារ​។ 

​    ​នៅពេល​អ្នកជំងឺ​ត្រឡប់​ចូល​បន្ទប់​វិញ វេជ្ជបណ្ឌិត​ចិត្តសឿង​រូបនោះ​ក៏​ដាល់​អ្នកជំងឺ​ចំ​កណ្តាល​មុខ​ផ្ងារ​ក្រោយ​ខ្ពោក​។ នៅ​ខណៈនោះ​វេជ្ជបណ្ឌិត​មាឌធំ​បាន​កំពុង​ប្រតាយប្រតប់​ជាមួយ​បុរស​ម្នាក់ទៀត​ដែល​មក​កំដរ​អ្នកជំងឺ​ដែល​ដួល​ទៅនឹង​ដី​។ ហើយ​ប៉ុន្មាន​នាទី​ក្រោយ​ទើប​ពួក​គ្រូពេទ្យ​ចាប់អារម្មណ៍​ថា​អ្នកជំងឺ​ដេក​ស្តូកស្តឹង​គ្មាន​ចលនា រួច​ក៏​ស្ទុះ​ទៅ​ជួយសង្គ្រោះ​តែ​អ្នកជំងឺ​បាន​ស្លាប់​បាត់ទៅហើយ​។ 

​    ​គណៈកម្មាធិការ​ស៊ើបអង្កេត​នៃ​ទីក្រុង Belgorod បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ថា ឧប្បទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ថ្ងៃទី ២៩ ខែធ្នូ​ឯណោះ​។ 

​    ​សេចក្តីថ្លែងការណ៍​នោះ​លើកឡើងថា "​មូលហេតុ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​គឺ​ដោយសារ​ការប៉ះទង្គិច​ទៅលើ​លលាដ៍ក្បាល និង​ខួរក្បាល​ពេល​បោក​ក្បាល​ទៅនឹង​ឥដ្ឋ​យ៉ាងខ្លាំង​"​។ 

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​និយាយថា​គ្រូពេទ្យ​នោះ​ឈ្មោះ Ilya Zelendinov ជំនាញ​វះកាត់ ហើយ​អ្នកជំងឺ​មាន​ឈ្មោះថា Yevgeny Bakhtin អាយុ ៥៦ ឆ្នាំ​។ ហើយ​គ្រូពេទ្យ​រូបនេះ​អាច​នឹង​ជាប់គុក ២ ឆ្នាំ​ពីបទ​ធ្វេស​ប្រហែល​មិន​យកចិត្តទុកដាក់​នឹង​អ្នកជំងឺ​ពេល​គាត់​ដួល​ទៅនឹង​ដី​៕

 

វីដេអូ៖ 

 

ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់