Shanghai tower 7

អគារ​ខ្ពស់​ចេះ​បត់បែន​ខ្លួន​តម្លៃ ២,៤ ពាន់​លាន​ដុល្លារ​របស់​ចិន​មួយ​នេះ​ទើបតែ​ជាប់​ជា​អគារ​ស្អាត​បំផុត​លើ​ពិភពលោក​

    ​ក្រុមហ៊ុន​អចលនទ្រព្យ Emporis ទើបតែ​ប្រកាស​ម្ចាស់​ពានរង្វាន់ 2015 Skyscraper Awards របស់ខ្លួន ដែល​កាត់សេចក្តី​អគារ​កប់​ពពក​ថ្មី​ដោយ​ផ្អែកទៅលើ​ការ​រចនា និង​មុខងារ​។​

​    ​អគារ The Shanghai Tower ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​ទីក្រុង​សៀង​ហៃ បានមក​ស្ថិតនៅ​ចំណាត់ថ្នាក់​កំពូល​លើ​គេ​។ ដោយ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០១៥ អគារ​កម្ពស់ ១២៧ ជាន់​មួយ​នេះ​ចេះ​បង្វិលខ្លួន​បត់បែន​យ៉ាង​អស្ចារ្យ​។ គណៈកម្មការ​វិនិច្ឆ័យ​អគារ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អគារ​នេះ​បានឈ្នះ​ពានរង្វាន់​ខាងលើ​ដោយសារ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​ល្អឥតខ្ចោះ ដោយ​រួមទាំង​ការ​រចនា និង​មុខងារ​។​

​    ​ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ពានរង្វាន់ អគារ​ត្រូវតែមាន​កម្ពស់​យ៉ាងហោចណាស់​ចាប់ពី ១០០ ម៉ែត្រ​ឡើងទៅ​។ អគារ The Shanghai Tower មាន​កម្ពស់​ដល់​ទៅ ៦៣១ ម៉ែត្រ​ឯណោះ ដែល​នេះ​បាន​ជួយ​ឱ្យ​អគារ​នេះ​ក្លាយជា​អគារ​ខ្ពស់​លំដាប់​ទី​ពីរ​របស់​ពិភពលោក បន្ទាប់ពី​អគារ Burj Khalifa នៅ​ទីក្រុង​ឌុយ​បៃ​។ អគារ​ដ៏​អស្ចារ្យ​នេះ​ត្រូវការ​ពេលវេលា​ជិត ៧ ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់ ហើយ​តម្លៃ​កសាង​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រហែល ២,៤ ពាន់​លាន​ដុល្លារ​។​

​    ​កម្ពស់​អគារ​នេះ ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក Gensler និង​ស្ថាបត្យករ​ចិន លោក Jun Xia មិន​ត្រឹម​តែមាន​លក្ខណៈ​គួរឱ្យ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​ជណ្តើរយន្ត​ដ៏​លឿន​ជាងគេ​នៅលើ​ពិភពលោក ភោជនីយដ្ឋាន​ដ៏​ខ្ពស់​ជាងគេ​របស់​ពិភពលោក កន្លែង​គយគន់​ទេសភាព​មួយ និង​អាង​ហែល​ទឹក​មួយ ជាមួយ​ទេសភាព​ដ៏​ស្រស់ស្អាត​របស់​ទីក្រុង​ទៀតផង​។ នៅ​ខាងក្នុង​អគារ មាន​ការិយាល័យ ហាង​លក់ទំនិញ និង​ភោជនីយដ្ឋាន​។​

​    ​ជ័យ​លេ​ភី​អគារ​លំដាប់​ទី​ពីរ​គឺ​បាន​ទៅ​អគារ Evolution Tower ក្នុង​ទីក្រុង​ម៉ូស្គូ ដែលមាន​ផ្ទៃ​កញ្ចក់​ខាងមុខ​អាច​បត់បែន​បាន​ស្រដៀង​នឹង​អគារ Shanghai Tower៕

ប្រភព៖ Businessinsider

អ្នកនឹងចូលចិត្ត

មតិយោបល់