Manchester united training session

Jose Mourinho បកស្រាយ​មូលហេតុ​ដែល Schweinsteiger ត្រឡប់មក​ហ្វឹកហាត់​ក្នុង​ឈុត​ធំ​វិញ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho និយាយថា គាត់​បាន​នាំ Bastian Schweinsteiger ត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ឈុត​ធំ​វិញ​គឺ​នៅក្នុង​គោលបំណង​ដើម្បី​បង្គ្រប់​ចំនួន​កីឡាករ ប៉ុន្តែ​មិនបាន​បិទទ្វារ​ចោល​តារាបាល់ទាត់​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ត្រឡប់​ចូលទៅ​កាន់ការ​បង្ហាញ​សកម្មភាព​សម្រាប់​បិសាច​ក្រហម​នោះឡើយ​។​

​    ​តារាបាល់ទាត់​ដែល​បានរួម​ចំណែក​ឱ្យ​បាល់ទាត់​អាល្លឺម៉ង់​លើក​ពាន​ពិភពលោក (World Cup) រូបនេះ បាន​ត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ម្តងទៀត ជាមួយនឹង​មិត្ត​រួម​ក្រុម​ជម្រើស​ដំបូង​ដទៃទៀត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ត្រូវបាន​ទម្លាក់​តួនាទី​ដោយ Mourinho និង​បាន​បង្ខំ​ឱ្យទៅ​ហ្វឹកហាត់​ជាមួយនឹង​ឈុត​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​។​

​     ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​សញ្ជាតិ​ព័​ទុយ​ហ្គា​ល់​បាន​អះអាងថា ការសម្រេចចិត្ត​ក្នុង​ការនាំ​ខ្សែបម្រើ​ជើងចាស់​វ័យ ៣២​ឆ្នាំ​រូបនេះ​ត្រឡប់មកវិញ​ធ្វើឡើង​តាម​លក្ខណៈ "​វិជ្ជាជីវៈ​" ដែល​អនុញ្ញាត​ដល់​គាត់​បង្ហាញ​វត្តមាន​គ្រប់គ្រាន់​ក្នុង​ម៉ោង​ហ្វឹកហាត់​នៅ Carrington​។​

​    ​Mourinho បានបញ្ជាក់​ទៅកាន់​សន្និសីទកាសែត​មុន​ជំនួប​ជាមួយនឹង Fenerbahce នា​រាត្រី​នេះ​របស់​បិសាច​ក្រហម​ថា "Schweinsteiger គឺ​ត្រឡប់មកវិញ​។ យើង​សម្រេចចិត្ត​បែបនេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​។ យើង​បាន​ទូរស័ព្ទ​ទៅ​គាត់​កាលពី​ថ្ងៃ​សុក្រ​មុន ដូច្នេះ​គាត់​អាច​ចូលរួម​ជាមួយ​ក្រុម​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​។ វា​ជាការ​សម្រេចចិត្ត​មួយ​ដោយ​ផ្អែកទៅលើ​ការពិត ដែល​យើង​ស្ថិតនៅក្នុង​អំឡុងពេល​មួយ​នៃ​រដូវ​កាល ដែល​ពិតជា​លំបាក​ឱ្យ​កីឡាករ​គ្រប់គ្នា​នៅ​ជាមួយគ្នា​។ បញ្ហា​ការងារ​យុទ្ធសាស្ត្រ ដែល​ខ្ញុំ​ចង់​ធ្វើ គឺជា​មួយ​កីឡាករ​ចំនួន ២១​នាក់ អ៊ីចឹង​បើ​មាន ២៣ ទៅ ២៤ នាក់​គឺ​មិនអាច​កើតឡើង​បានទេ​"​។​

​    ​Schweinsteiger គឺជា​កីឡាករ​មាន​វិជ្ជាជីវៈ​គំរូ​មួយរូប អំឡុង​ការធ្លាក់​ចេញពី​តួនាទី​របស់គាត់ ដោយ​មិនបាន​និយាយ​ចេញទៅ​ក្រៅ និង​បាន​បន្ត​គាំទ្រ​ក្រុម​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ហើយ Mourinho សរសើរ​គាត់​លើ​រឿង​មួយ​នេះ​៕

 

មតិយោបល់