adverise with khmeread Untitled 1

ស្រៀវឆ្អឹងណាស់! បុរសម្នាក់រយះជើងធ្ងន់ធ្ងរ ហើយបុរសម្នាក់បាត់បង់ជីវីត ដោយសាររថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍អូស​ជាង​១០០​ ម៉ែត្រ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មួយគ្រឿង​ម៉ាក​ស្មាស់​រី​វ៉ូ ឆ្លងផ្លូវ មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍ បើក​លឿន​ជ្រុល​មក​បុក​ពីក្រោយ អូស​ជាង​១០០​ ម៉ែត្រ​បណ្តាលឱ្យ​បុរស​ម្នា​ក់បាន​ស្លាប់​និង​បុរស​ម្នាក់ទៀត​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង៩​យប់​ថ្ងៃទី២ វិច្ឆិកា ​ឆ្នាំ​២០១៦ ទីតាំងនៅ​ខាងត្បូង​បន្ទាយ​កងពលតូច​លេខ​៧០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​ប្រជាពលរដ្ឋ​បានឃើញ បុរស​២​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-4482​ ជិះ​ចេញពី​ផ្លូវ​បេតុង​ការ​រដ្ឋា​ន​សំណង់ បុរី ធូ​លន ទិសដៅ​ពី​កើ​តទៅ​លិច ឡើងមក​ផ្លូវជាតិ​លេខ​៣។​

    ខណៈ​មកដល់​ពាក់កណ្តាល​ថ្នល់ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក មិន​ស្គាល់​ស្លាក​លេខ ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍​ពណ៌​សលាយ​ក្រហម​បើក​តាម​ប​ណ្តោ​ជាតិ​លេខ​៣ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន មើលមិនឃើញ​ម៉ូតូ​ឆ្លងផ្លូវ បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ទាំង​២​នាក់​ពីក្រោយ​ទាំង​កម្រោល និង​អូស​មនុស្ស ជាមួយ​ម៉ូតូ​ទៅតាម​រថយន្ត​ជាង​១០០​ម៉ែត្រ បណ្តាលឱ្យ​បុរស​ម្នា​ក់បាន​បាក់ ក​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​។​

    ចំណែក​បុរស​ម្នាក់ទៀត រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​សង្គ្រោះបន្ទាន់​របស់​អង្គភាព ៧១១ កងពល​លេខ​៧០ មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

    ជនរងគ្រោះ​សព​ឈ្មោះ  ហ៊ុ​ច អាយុ​២៦​ឆ្នាំ​ ​មុខរបរ​ជាងសំណង់​ស្នាក់នៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​កង​តា​ណឹ​ង ឃុំកង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម​។​

    រីឯ​ជនរងគ្រោះ​ដែល​រងរបួស ឈ្មោះ ស៊ូ​ន រ៉ា អាយុ២៤​ឆ្នាំ​ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ព្រៃ​សណ្តែក​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ មាន​ភូមិកំណើត​នៅ ភូមិ​ត្មាត​ពង ​ឃុំ​សំ​ប៊ូរ ស្រុក​រមាសហែក​ ខេត្តស្វាយរៀង។​

    ក្រោយពេល​កើតហេតុ ប៉ូលិស​ជំនាញ​ចរាចរណ៍​បានមក​វាស់វែង​ធ្វើ​កំណត់ហេតុ​ប្រគល់ សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត។​ ​រីឯ​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

adverise with khmeread

មតិយោបល់