adverise with khmeread 1

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៦ នេះ មាន​ទូក​ចំនួន ២៥៦ មក​ចូលរួម​ប្រណាំង​

    ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៦ នេះ មាន​ទូក​ចំនួន ២៥៦ មក​ចូលរួម​ប្រណាំង ដោយមាន​កីឡាករ​អុំទូក​សរុប​មាន​ចំនួន​ជាង ១៦.០០០ នាក់ ដោយ​មិន​រាប់បញ្ចូល​គណៈក​ម្មា​ការ និង​គ្រួសារ​កីឡាករ កីឡាការិនី​ទេ។​

    ចំណែក​ទីកន្លែង​ចំណតទូក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​កាណូត​នៅពេល​សម្រាក​គឺ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ស្ពាន​មិត្តភាព​កម្ពុជា ចិន (​ជ្រោយចង្វារ​)​ប្រមាណ ១០០​ម៉ែត្រ​, ឯ​កន្លែង​ប្រមូលផ្តុំ និង​ផ្គូរ​ទូក​ក្នុងពេល​ប្រកួត​មាន​ទីតាំង​ស្តិ​ត​នៅ​ប៉ែក​ខាងជើង​ត្រើយ​ខាងកើត​នៃ​ស្ពាន​មិត្តភាព កម្ពុជា ជប៉ុន (​ស្ថានីយ៍​បូមទឹក​)។​

    ទីលាន​ទឹក​ប្រណាំងទូក​មាន​បណ្តោយ ១.៧០០ ​ម៉ែត្រ ក្នុង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ហើយ​ការប្រកួត​មាន ២ ជើង​ដោយ​ផ្លាស់ប្តូរ​ខ្សែទឹក ក្នុង - ក្រៅ ម្តងម្នាក់​។​

    កម្ពស់​ទឹកទន្លេ​សាប​បាន​ព្យាករណ៍​នៅ​ថ្ងៃ​ប្រកួត​នា​ថ្ងៃទី១៣, ១៤ និង​ថ្ងៃទី​១៥ វិច្ឆិកា ទឹកទន្លេ​សាប​ចំណុច​មុខ​ព្រះបរមរាជវាំង​មាន​កម្ពស់ ៦,២០​ ម៉ែត្រ។​

    ចំពោះ​ការ​ស្នាក់នៅ​របស់​កីឡាករ កីឡាការិនី និង​ក្រុម​អ្នកដឹកនាំ​គឺ​ស្នាក់អាស្រ័យ​នៅក្នុង​មណ្ឌល​ចំនួន ៥ ទីតាំងនៅ​លើដី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប នៅជាប់​រង្វង់​មូល ព្រហ្ម​មុខ ៤ ខាងកើត​ស្ពាន​ជ្រាយ​ចង្វារ។​

    ទន្ទឹម​9​នោះ មានការ​ប្រគំ​តន្ត្រី​របស់​ស្ថានីយ៍ទូរទស្សន៍ និង ការសម្តែង​សិល្ប​:​របស់​ក្រសួង​វប្បធម៌ នៅ​ទីតាំង​នានា​មាននៅ កោះ​ពេជ្រ​, នៅ​សួន​មុខ​វត្ត​បុ​ទុម​វ​ត្តី​, នៅ​រមណីយដ្ឋាន​វត្តភ្នំ​, នៅ​លាន​ប្រជាធិបតេយ្យ និង​នៅ ទីលាន​នៃ​មណ្ឌល​ជា​កន្លែង​ស្នាក់នៅ​របស់​ចំណុះ​ទូក។​

    ចំណែក​ទូរទស្សន៍​ជាតិ​កម្ពុជា និង វិទ្យុជាតិ​កម្ពុជា ធ្វើការ​ផ្សាយ​ផ្ទា​ល់ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ឆ្នាំ ២០១៦ នេះ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

    សូម​លោកអ្នក​ជ្រាប និង​សូមជួយ​បន្ត​ផ្សាយ ដើម្បី​បានដឹង​ដល់​គ្រប់​សមាសភាព​ដែល​នឹងចូលរួម​បម្រើការ និង ចូលរួម​ក្នុងការ​ប្រណាំងទូក ង ទូក​មួង ក្នុង​ឆ្នាំ​២០១៦​នេះ៕ ( អត្ថបទ​និង​រូបភាព​ លោក​កឹម គុណ​វ​ឌ្ឍ​ អគ្គនាយក​ទ​.​ទ​.​ក​.)​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់