ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងមួយគ្រឿង បានបើកចុះពីលើស្ពានព្រះមុនីវង្សថ្មីហើយដាច់ហ្វ្រាំងជ្រុលទៅបុករបាំងថ្មសួនច្បារបណ្តាលឱ្យជាប់ខឿនស្ពានទៅមុខលែងរួច កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត ស្តិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ5A-1473 ធ្វើដំណើរចុះពីស្ពានព្រះមុនីវង្សថ្មីទៅត្រើយខាងកើត។
ខណៈមកដល់គល់ស្ពានក៏បានបួងចង្កូតមកឆ្វេងបំណងឡើងទៅស្ពានច្បារអំពៅចាស់វិញក៏ដាច់ហ្វ្រាំងជ្រុលចង្កូតទៅបុករបាំងថ្មឡើងខឿនស្ពានទៅមុខលែងរួចតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅរង់ចាំដោះស្រាយពេលក្រោយ។
សមត្ថកិច្ចបានបញ្ជាក់ថាទីតាំងខាងលើមានគ្រោះថ្នាក់ជាញឹកញាប់ដោយសារតែរថយន្តដែលបើកចុះពីលើស្ពានមកដាច់ហ្វ្រាំង ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង៕
