581a002dc0501befbc000017

Barcelona ឆ្លើយតប​ទៅនឹង​ការចាប់អារម្មណ៍​របស់​បិសាច​ក្រហម ដែល​ចង់​ទិញ Suarez ក្នុងតម្លៃ ១៣៥ លាន​ផោន​

    ​ប្រធាន​ក្លឹប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu បាន​ឆ្លើយតប​ទៅនឹង​ការបង្ហាញ​ចំណាប់អារម្មណ៍​របស់​បិសាច​ក្រហម Manchester United ក្នុងការ​ប៉ុនប៉ង​បោះ​ទឹកប្រាក់​ដ៏​មហិមា​ចំនួន ១៣៥​លាន​ផោន​ក្នុងការ​ផ្ទេរ Luis Suarez ដោយ​ទទូចថា តារាបាល់ទាត់​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ គឺ​រីករាយ​ក្នុងការ​ស្នាក់នៅ​ជាមួយ​ក្លឹប​អ្នកមាន​បុណ្យ​។​

​    ​Suarez បាន​ចាក​ចេញពី​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ Manchester United កំពុង​សម្លឹង​ទៅលើ​ការ​ល្បួង​យក​គាត់​ត្រឡប់​ទៅ​ទឹកដី​អង់គ្លេស​វិញ​ជាមួយនឹង​តម្លៃ​ផ្ទេរ​ដ៏​មាន​សក្តានុពល​កំណត់ត្រា​ពិភពលោក​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត​អេ​ស្ប៉ា​ញ Don Balon ។​

​    ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ហង្ស​ក្រហម Liverpool រូបនេះ បាន​ចាក​ចេញពី​ទឹកដី Anfield ក្នុងតម្លៃ​ផ្ទេរ ៧៥​លាន​ផោន ហើយ​ចាប់តាំងពី​ពេល​នោះមក​គាត់​បាន​ឆ្លងកាត់​ការ​ឈ្នះ​ពាន Champions League និង​លើក​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ចំនួន​ពីរ​រដូវ​កាល​ផ្ទួនៗ ដោយ​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៩៤​គ្រាប់ ក្នុងកា​បង្ហាញខ្លួន​ចំនួន ១៤៥​លើក​សម្រាប់ Barcelona ។​

​    ​មិន​ត្រឹមតែ​យោងទៅលើ​សេចក្តីរាយការណ៍​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ​ទេ ដែល​បាន​បញ្ជាក់ថា​បិសាច​ក្រហម​ទំនងជា​នឹង​នាំយក​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​មក​ទឹកដី​របស់ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​ភ្នាល់​ល្បែង​មួយចំនួន​ក៏បាន​ដាក់​ហាងឆេង 4/1 ផងដែរ សម្រាប់ Jose Mourinho ទិញយក Suarez​។​

​    ​បិសាច​ក្រហម​បច្ចុប្បន្ន បាន​ជាប់គាំង​ក្នុង​វិ​ប​ត្ត​ស្វែងរក​គ្រាប់​បាល់​កាលពីពេល​ថ្មីៗ​នេះ ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​មួយ​គ្រាប់​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ក្នុង Premier League ចំនួន​បួន​លើក​របស់​ពួកគេ​។ Suarez អាច​នឹង​ជា​តួអង្គ​ដ៏​ស័ក្តិសម​ម្នាក់​ដែល​អាច​រំដោះ​ឧបសគ្គ​នេះ​បាន​នៅឯ​ទឹកដី Old Trafford ៕

មតិយោបល់