adverise with khmeread 161809f8451886a4171b3c31d467a384

យី​ង​ឡាក់​សារភាព​ទាំង​ទឹកភ្នែក​នៅ​ចំពោះមុខ​កសិករ​ថា​គាត់​អត់លុយ​សង​រដ្ឋ​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ​ទេ រហូតដល់​ថ្នាក់​ប្រជាជន​នាំគ្នា​ជួយ​រៃ​លុយ​ជួយ​សង​ជួស​គាត់​ទៀត​

​    ​យោងតាម​កាសែត The Nation បានឱ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា បាន​សារភាព​ទាំង​ក្តុកក្តួល​ថា គាត់​ប្រហែលជា​មិនអាច​សង​សំណង​រដ្ឋប្បវេណី ៣៥ ពាន់​លាន​បាត (១ ពាន់​លាន​ដុល្លារ​) ដែល​កើតចេញពី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​ដែល​ញាំញី​ដោយ​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​លោកស្រី បានទេ​។ 

​    ​រដ្ឋាភិបាល​បច្ចុប្បន្ន​បានចេញ​បញ្ជា​រដ្ឋបាល​មួយ ដោយ​ស្វែងរក ២០ ភាគរយ​នៃ​ការខាតបង់​សរុប ដែល​កើតចេញពី​គម្រោង​ទិញស្រូវ​អង្ករ ដែលមាន​ចំនួន​ដល់​ទៅ ៣៥ ពាន់​លាន​បាត​។ 

​    ​អំឡុង​ការ​ទៅសួរសុខទុក្ខ​ប្រជាកសិករ​នៅ​ខេត្ត​ភាគ​ឦសាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​យី​ង​ឡាក់​ត្រូវបាន​កសិករ​ម្នាក់​សួរ​ក្នុង​ខេត្ត​ស៊ីសាកេត​ថា តើ​លោកស្រី​នឹងធ្វើ​អ្វី​ដើម្បី​ឆ្លើយតប​នឹង​បទបញ្ជា​រដ្ឋបាល​នេះ​។ 

​    ​ជាមួយ​ទឹកភ្នែក​រលីងរលោង លោកស្រី​និយាយថា "​ខ្ញុំ​មិនដឹងថា​រកលុយ​ឯណា​សង​ទេ​។ លុយ​នេះ​ច្រើនណាស់​"​។ លោកស្រី​យី​ង​ឡាក់ និង អ្នក​អមដំណើរ​របស់​គាត់​ក៏បាន​ទៅ​មើល​ខេត្ត អ៊ូ​ប៊ុន រ៉ាត់​ឆា​ថា​នី ផងដែរ កន្លែង​ដែល​លោកស្រី​និយាយថា លោកស្រី "​រំភើបចិត្ត​ខ្លាំង​រក​អ្វី​និយាយ​មិន​ចេញ​" ចំពោះ​ការផ្តល់ជូន​ប្រាក់​ពី​សំណាក់​កសិករ​ដើម្បី​ជួយ​លោកស្រី​សង​ផ្នែក​ខ្លះ​នៃ​សំណង​រដ្ឋប្បវេណី​។ 

​     លោកស្រី​យី​ង​ឡាក់​និយាយថា "​ខ្ញុំ​រក​ពាក្យ​និយាយ​មិន​ចេញ ពេលឮ​អំពី​ការផ្តល់ជូន​ប្រាក់​របស់​កសិករ​។ កសិករ​សព្វថ្ងៃ​រងទុក្ខវេទនា​រួចទៅហើយ ហើយ​ការរង​ទុក្ខ​របស់​ពួកគេ​គឺ​ធំធេង​ជាង​ទុក្ខ​របស់ខ្ញុំ​ទៅទៀត​។ ប៉ុន្តែ​ពួកគេ​នៅតែមាន​ការអាណិតអាសូ​រ​ចំពោះ​ខ្ញុំ និង​ផ្តល់ប្រាក់​បរិច្ចាគ​ជួយ​ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​បង្ហាញ​បំណងល្អ និង​ចិត្តល្អ​ចំពោះ​ខ្ញុំ​។ ខ្ញុំ​ក៏​សូម​គាំទ្រ​ខាង​ស្មារតី​ដល់​អ្នក​ទាំងអស់គ្នា​វិញ​ដែរ​"​។ 

​    ​ប្រភព​ជិតស្និទ្ធ​នឹង​លោកស្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​ថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ទៅ​ខេត្ត​អ៊ូ​ប៊ុន រ៉ាត់​ឆា​ថា​នី ដើម្បី​ជួយ​កសិករ ដោយ​ទិញស្រូវ​អង្ករ​ពី​កសិករ​ជាមួយ​គម្រោង​លក់​អង្ករ​ក្នុង​ក្រុង​បាងកក​។ 

​    ​ប្រភព ដែល​និយាយថា​គម្រោង​នេះ​គឺ​លោកស្រី​យី​ង​ឡាក់​ជា​អ្នកចេញលុយ​ផ្ទាល់ខ្លួន បាន​លើកឡើងថា "​ប្រសិនបើ​គម្រោង​នេះ​ជោគជ័យ លោកស្រី​នឹង​រៀបចំ​ឱ្យ​កសិករ​លក់​អង្ករ​របស់​ពួកគេ​ដោយផ្ទាល់​ទៅ​ក្រុង​បាងកក​។ លោកស្រី​នឹង​ផ្តល់​កន្លែង​ដល់​ពួកគេ​ដើម្បី​លក់​អង្ករ​"​។​

​    ​យោងតាម​ប្រភព លោកស្រី​ជ្រើសរើស​ខេត្ត​អ៊ូ​ប៊ុន រ៉ាត់​ឆា​ថា​នី ព្រោះ​វា​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ភាគ​ឦសាន ដែល​បាន​ច្រូតកាត់​ស្រូវ​រួចរាល់​មុនគេ​៕ 

adverise with khmeread

មតិយោបល់