adverise with khmeread 1

អស្ចារ្យ​មែនទែន​! លោកយាយ​ឥណ្ឌា​អាយុ ១០៥ ឆ្នាំ គ្មាន​កូន​រាប់សិប​ឆ្នាំ តែ​គាត់​ចិញ្ចឹម​កូនឈើ​ទុកជា​កូនបង្កើត រហូត​ក្លាយជា​ព្រៃ​មួយ​នៅ​តំបន់​ក្តៅ​ហួតហែង​

    ​ការដែល​មិនអាច​មានកូន​គឺជា​រឿង​ខូចចិត្ត​ខ្លាំង​សម្រាប់​ស្ត្រី​ដែល​ចង់​ពរ​ពោះ​។ ប៉ុន្តែ​ការ​គ្មាន​កូន​ក្នុង​តំបន់​ជនបទ​ឥណ្ឌា គឺ​រឹតតែ​រង​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សង្គម ដោយ​ពួកគេ​អាច​នឹងត្រូវ​មាក់ងាយ មើលថោក ឬ​ត្រូវ​បណ្តេញ​ចេញពី​គ្រួសារ​ទៀតផង​។ 

​    ​ពេល​លោកយាយ Saalumarada Thimmakka និង​ស្វាមី Sri Bikkala Chikkayya ដឹងថា​ខ្លួន​មិនអាច​មានកូន​បាន​បន្ទាប់ពី​រៀបការ​ជាមួយគ្នា ២៥ ឆ្នាំ គាត់​ក៏បាន​ដោះស្រាយ​បញ្ហា​គ្មាន​កូន​តាម​វិធី​មិនធម្មតា​មួយ​។ 

​    ​កសិករ​អត់​ចេះអក្សរ​មកពី Karnataka ភាគខាងត្បូង​ឥណ្ឌា​រូបនេះ​បាន​ដាំ​កូនឈើ​រាប់រយ​ដើម ដោយ​គាត់​ស្រោច​ទឹក និង​មើលថែ​ដូចជា​កូន​របស់គាត់​អ៊ីចឹង​។ 

​    ​លោកយាយ Thimmakka បាន​ប្រាប់ CNN ថា "​វា​ជា​វាសនា​របស់ខ្ញុំ​ដែល​គ្មាន​កូន​បែបនេះ​។ ដោយសារ​ហេតុនេះហើយ ទើប​យើង​ដាំ​ដើមឈើ និង​មើលថែទាំ​វា និង​ទទួលបាន​ពរជ័យ​ពី​វា​។ យើង​ចាត់ទុក​ដើមឈើ​ដូច​កូនបង្កើត​អ៊ីចឹង​"​។ 

​    ​កូន​ព្រៃរបស់​លោកយាយ​មាន​ដើមឈើ​ជិត ៣០០ ដើម ដែល​នេះ​ជា​សមិទ្ធផល​មិនគួរ​ឱ្យ​ជឿ​នៅក្នុង​តំបន់​រាំងស្ងួត​ដី​ហុយ​ស្ទើរតែ​គ្មាន​ភ្លៀង​នេះ​។ ព្រៃ​នេះ​លាតសន្ធឹង ៤ គីឡូម៉ែត្រ​ពី​មាត់​ផ្លូវ​រហូតដល់​ចុង​ភូមិ Hulikal និង ក្បែរ​ភូមិ Kudur​។ 

​    ​ការប្រឹងប្រែង​របស់លោក​យាយ​បានធ្វើឱ្យ​គាត់​ទទួលបាន​ពានរង្វាន់​ជាច្រើន​ក្នុងនាម​គាត់​ជា​អ្នក​បរិស្ថាន​និយម ហើយ​មាន​អង្គការ​មូលនិធិ​មួយ​ថែមទាំង​យកឈ្មោះ​របស់គាត់​ដាក់ឱ្យ​អង្គការ​ខ្លួន​ទៀតផង​។ លោកយាយ​តែង​ត្រូវគេ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ដាំ​ដើមឈើ​នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់