adverise with khmeread 6

ជិះម៉ូតូ​ ​បុក​រថយន្ត​កុងតឺន័រ​ក្នុងទិសដៅបញ្ច្រាស់​គ្នា​ស្លាប់ ​២​ នាក់​ភ្លាម​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារតែ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ទៅបុក​ចំ​ពីមុខ​រថយន្ត​កុងតឺន័រ​ដែល​បើក​បញ្ច្រាស់​ទិស​គ្នា កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៥ វិច្ឆិកា​ ២០១៦ នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​៤ មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ បានឃើញ​ជនរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​សង់​ប៊ិច​១១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1D-3822  ជិះ​ឌុប​គ្នា ២​នាក់​ស្ថិតក្នុង​ភាពស្រវឹង តាម​បណ្តោយ​ផ្លូវជាតិ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ចំណែក​រថយន្ត​កុងតឺន័រ វិញ​ម៉ាក DAEWOO ពណ៌​ស្វាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-1671 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ៤​ ទិសដៅ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់ បោក​ផ្ទប់​ជាមួយនឹង​ក្បាល​រថយន្ត​បាក់ក ស្លាប់​ទាំង​២​នាក់​តែម្តង​។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ ទី​១ ទុយ សុភាព អាយុ៣១​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​ និង​ទី​២​មានឈ្មោះ អ៊ុក សុជាតិ អាយុ៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន មក​ធ្វើការ​វាស់វែង ម៉ូតូ​នឹង​រថយន្ត ដើម្បី​យកទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​គ្នា​ទៅតាម​ច្បាប់៕

 

adverise with khmeread

មតិយោបល់