Unnamed %282%29

បើករថយន្ត​ដេញ​គ្នាលេង! រេ​ពេញ​ផ្លូវ​ជ្រុលបុក​ម៉ូតូ​របួស​ ២ ​នាក់​ រួច​បន្ត​ទៅបុក​ទូ​ ATM ​មួយទៀត​​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​៣​គ្រឿង​បើក​ប្រដេញ​គ្នា​លេង​ពេញ​ផ្លូវ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ហើយ​រថយន្ត​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ​បាន​បន្ត​បើក​រត់គេច​រហូត​ទៅបុក​ម៉ា​ស៊ី​ន​ដក​ប្រាក់​របស់​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ខូ​ត​ខាត់​ទាំង​រថយន្ត​ទៅមុខ​លែងរួច​។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២​ ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៥ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ​កែង​ផ្លូវ​លេខ​១៧២ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    ប្រភព​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​ (​បា​ឡែ​ន​) ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-8647 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ។ ​ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1C-2685 ជិះ​ឌុប​គ្នា​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់ មិនទាន់​ស្គាល់ឈ្មោះ។​

    តាម​សាក្សី​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​៣​គ្រឿង​មិន​ចាំ​ម៉ាក​បើក​ប្រដេញ​គ្នា​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ​ពេលមកដល់​កែង​ផ្លូវ​លេខ​២១៤ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ឌុប​គ្នា​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាលឱ្យ​បុរស​អ្នក​ឌុប​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​ចំណែក​ស្ត្រី​អ្នកជិះ​ពីក្រោយ​របួស​រលាត់​ដៃជើង​ធ្ងន់​គួរសម​ដែរ។​

    សាក្សី​បន្តទៀតថា បន្ទាប់ពី​បុក​ម៉ូតូ​ហើយ​រថយន្ត​បង្ក​មិនបាន​ឈប់​ដោះស្រាយ​ទេ ​គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់​រហូតដល់​ផ្លូវ​លេខ​១៧២​រថយន្ត​បាន​បត់​ស្តាំ តែដោយសារ​ល្បឿន​រថយន្ត​លឿន​ទើប​ធ្វើឱ្យ​រថយន្ត​ជ្រុល​ទៅបុក​ម៉ា​ស៊ី​ន​ដក​ប្រាក់ ប្រា​សាក់​ដែល​នៅក្បែរនោះ​បែក​កញ្ចក់​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​ក៏​ខូ​ត​ខាត​ខ្ទេច​ទៅមុខ​លែងរួច​ដែរ។​

    ភ្លាមៗ​នោះគេ​ឃើញ​អ្នកបើកបរ​ចុះ​ពី​ក្នុង​រថយន្ត​រត់ឡើង​ជិះ​រថយន្ត​២​គ្រឿង​ផ្សេងទៀត​ដែល​បើក​ដេញ​គ្នា​នោះ​គេចខ្លួនបាត់។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២ ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន។ ​ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ៕

មតិយោបល់