កំពង់ធំ ៖ សង្ឃដៃដល់មួយអង្គត្រូវបានចាប់ផ្សឹកចាត់ការតាមច្បាប់បន្ទាប់ពីប្រើហិង្សាយកកាំបិតកាប់លើសង្ឃមួយអង្គរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី៦ វិច្ឆិកានេះ វេលាម៉ោង១១ និង៣០នាទីនៅក្នុងបរិវេណវត្តចំណាក់ ស្ថិតក្នុងភូមិចំណាក់ ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ប៉ូលិសនិយាយថា អំពើហិង្សាដោយចេតនាបង្កឡើងដោយព្រះសង្ឃនាម រិន វុធទី អាយុ១៨វស្សា បច្ចុប្បន្នគង់ក្នុងវត្តកើតហេតុ និងមានទីលំនៅៗភូមិក្រោមផ្តិល ឃុំប្រឡាយ មាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានយកកាំបិតកាប់លើព្រះសង្ឃនាម ឌុច សុហេង អាយុ១៧វស្សា បច្ចុប្បន្នគង់នៅវត្តកើតហេតុ និងមានទីលំនៅៗភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប៉ូលិសបន្តថា មូលហេតុទំនាស់ពាក្យសំដីគ្នា និងមានទំនាស់គ្នាជាញឹកញាប់កន្លងមកផង។ ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងចៅអធិការវត្ត និងខាងធម្មការផ្សឹក ហើយធ្វើការឃាត់ខ្លួនសង្ឃល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ ចំណែកសង្ឃរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់៕
