adverise with khmeread 1

យី​ង​ឡាក់​ក្លាយជា​អ្នកលក់​អង្ករ​ជួស​កសិករ​

    ​នាយករដ្ឋមន្ត្រី​ដែល​ទាហាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​ពី​អំណាច លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​នាំយក​អង្ករ​ទៅ​លក់​ឱ្យ​អ្នកដើរ​ផ្សារ​សម្បូរ​លុយ​រាប់រយ​នាក់​កាលពី​ថ្ងៃ​សៅរ៍ ទី ៥ វិច្ឆិកា ក្នុង​ចំណាត់ការ​ចុងក្រោយ​បំផុត​របស់​លោកស្រី​ដើម្បី​យក​ប្រៀប​ឈ្នះ​លើ​ការខិតខំ​របស់​រដ្ឋាភិបាល​យោធា ដើម្បី​គាំទ្រ​ដល់​កសិករ ដែល​រងគ្រោះ​ដោយសារ​ការធ្លាក់​ថ្លៃ​អង្ករ​។ 

​    ​ការធ្លាក់​ថ្លៃ​អង្ករ​នេះ​បាន​បង្កឱ្យមាន​ការបារ​ម្ភ​ខ្លាំង​ឡើង​ទូទាំង​តំបន់​ជនបទ​របស់​ថៃ និង​បានធ្វើឱ្យ​របប​យោធា​ខ្នះខ្នែង​ដាក់ចេញ​កញ្ចប់​ថវិកា​ស​ង្គ្រោះ និង​ទប់ស្កាត់​កោលាហល​ដែល​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ 

​    ​លោកស្រី​យី​ង​ឡាក់ ដែល​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​ស្រី​ត្រូវបាន​ផ្តួលរំលំ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ក៏បាន​ក្តាប់​ឱកាស​ប្រមូលផ្តុំ​កសិករ​ឱ្យ​គាំទ្រ​ពីក្រោយ​លោកស្រី​ផងដែរ​។ កសិករ​គឺជា​មូលដ្ឋាន​គាំទ្រ​ស្នូល​របស់​រជ្ជកាល​នយោបាយ​របស់​គ្រួសារ​ថាក់ស៊ីន​។ 

​    ​ក្នុង​សប្តាហ៍​នេះ លោកស្រី​យី​ង​ឡាក់​បានធ្វើ​ដំណើរ​ទៅ​ខេត្ត​ភាគ​ឦសាន​ដើម្បី​ទិញ​អង្ករ​ជាច្រើន​ពី​កសិករ​ដែល​កំពុង​ជួប​ទុក្ខវេទនា​។ 

​    ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​តម្លើង​តូប​មួយ​ក្នុង​កន្លែង​ចត​ឡាន​មួយកន្លែង​ក្នុង​ក្រុង​បាងកក​ដើម្បី​លក់​អង្ករ​ដល់​ក្រុម​អ្នកគាំទ្រ​ដែល​ស្រឡាញ់​លោកស្រី​។ 

​    ​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​តម្រង់​ជួរ​គ្នា​ទិញ​អង្ករ​យ៉ាង​សប្បាយរីករាយ​ពី​លោកស្រី​យី​ង​ឡាក់ ដោយ​អង្ករ​មួយ​គីឡូក្រាម គិតថ្លៃ ២០ បាត​។​

​    ​អ្នករត់​តាក់ស៊ី​អាយុ ៦០ ឆ្នាំឈ្មោះ Umaporn Kaewthongkha បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​ខ្ញុំ​នៅទីនេះ​ដើម្បី​ទិញ​អង្ករ​ពី​លោកស្រី​យី​ង​ឡាក់​។ ខ្ញុំ​ធ្វើ​ដូច្នេះ​ដើម្បី​ជួយ​គាត់ ព្រោះ​គាត់​ជួយ​យើង​។ គាត់​មាន​ចិត្តល្អ សម្រស់​ស្រស់ស្អាត និង​ជួយ​អ្នកក្រ​ពេល​គាត់​អាចជួយ​បាន​"​។​

​    ​បច្ចុប្បន្ន​លោកស្រី​យី​ង​ឡាក់​កំពុង​ប្រឈម​ជាប់គុក ១០ ឆ្នាំ និង​សង​រដ្ឋ ១ ពាន់​លាន​ដុល្លារ​ជុំវិញ​ការដាក់ចេញ​គោលនយោបាយ​ស្រូវ​អង្ករ​របស់​រដ្ឋការ​លោក​ស្រី ដែល​ពួក​រដ្ឋអាជ្ញា​និយាយថា ពោរពេញ​ទៅដោយ​អំពើពុករលួយ និង​ធ្វើឱ្យ​រដ្ឋ​ខាត​រាប់ពាន់​លាន​ដុល្លារ​។ 

​    ​ប៉ុន្តែ​ខណៈដែល​ពួកយោធា​រករឿង​លោកស្រី​យី​ង​ឡាក់​ជុំវិញ​គម្រោង​ទិញស្រូវ​អង្ករ​ដែល​ធ្វើឱ្យ​ខាត​លុយ​រដ្ឋ រដ្ឋាភិបាលយោធា​ខ្លួនឯង​ក្នុង​សប្តាហ៍​នេះ​បែរជា​អនុម័ត​ឥណទាន ១,៣ ពាន់​លាន​ដុល្លារ​ស្រដៀង​គម្រោង​របស់លោក​ស្រី​យី​ង​ឡាក់​ដែរ ដើម្បី​ធ្វើ​សំ​វិធាន​ធន​ទប់ទល់​ការធ្លាក់​ថ្លៃ​អង្ករ​​៕ 

 

adverise with khmeread
ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់