adverise with khmeread Unnamed

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​បួន​បណ្ដាលឱ្យ​របួស​ពីរ​នាក់​នៅក្បែរ​ផ្សារ​ធំថ្មី ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​មួយគ្រឿង​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​និ​ច​បណ្ដាលឱ្យ​រងរបួស​ទាំង​សងខាង ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​មន្ទីរពេទ្យ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៥០​នាទី​យប់​ថ្ងៃទី​០៦ ​វិឆ្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៦​ កែង​ផ្លូវ​លេខ​៥៣ ស្ថិតក្នុង​សង្កាត់​ផ្សា​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​1FA-8339 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៦​ទិសដៅ​ពី​លិចទៅ​កើត​។​

    ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ចំណុច​បំបែក​ជា​បួន​ក៏ត្រូវ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ​1A-8404 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៣ ទិសដៅ​ពី​ពី​ត្បូង​ទៅ​ជើង​ជ្រុល​បុក​ពេញទំហឹង​បណ្ដាលឱ្យ​នារី​ដែល​ជិះ​ម៉ូតូ​ហុងដា​រងរបួស​ធ្ងន់​។ ​ចំណែក​យុវជន​ដែល​ជិះ​ម៉ូតូ​និ​ចរង​របួសស្រាល​។​

    ប្រភព​បាន​បន្តថា​ក្រោយពី​កើតហេតុ​រថយន្ដ​សង្គ្រោះបន្ទាន់​បាន​ទៅ​ដឹក​នារី​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់