Unnamed

ប៉ូលិស​ខេត្ត​ព្រះសីហនុ​បញ្ចេញមុខចោរប្លន់ប្រដាប់អាវុធ​ដ៏​សកម្ម ៣ នាក់

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បញ្ចេញ​របាយការណ៍​ក្រុមចោរប្លន់​ដ៏​សកម្ម​កន្លងមក​គឺមាន​សកម្មភាព​ប្លន់​ដោយ​អាវុធខ្លី កើតឡើង​ចំនួន ៤​លើក (​ប្លន់​យក​ម៉ូតូ​៣​លើក សម្រេច ២​លើក និង​ភ្ជង់​ប្លន់​យក​ទូរស័ព្ទដៃ បានសម្រេច​១​លើក) ឃាត់ខ្លួន​បាន​៣​នាក់​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី៧ ​វិច្ឆិកា​នេះ។​

    ប៉ូលិស​បានឱ្យដឹងថា ករណី​ទី​១-​នៅ​ថ្ងៃទី ២៥.០៦.២០១៦ ម៉ោង​២២​ និង​៥០​នាទី នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ ចំនួន​២​នាក់ បាន​ប្លន់​យក​ម៉ូតូ​ម៉ាក សេ​១២៤ សេរី​ឆ្នាំ​២០១៥ បានសម្រេច។ ​ជនរងគ្រោះ​ឈ្មោះ លីម មុំ ភេទ​ស្រី អាយុ​២២​ឆ្នាំ បាន​បាញ់ឱ្យ​របួស​ភ្លៅ ឈ្មោះ ពល សំ​មាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​អ្នកជិតខាង​មកជួយ)។

    ករណី​ទី​២-​នៅ​ថ្ងៃទី ១៩.១០.២០១៦ ម៉ោង​១៩​ និង៤០​នាទី នៅ​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​បាញ់​គំរាម ១ ​គ្រាប់ យក​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ ២០១៦ (​បានសម្រេច​)។ ​ជនរងគ្រោះ​ឈ្មោះ ស្រេង គឹម​សា​ង ភេទ​ស្រី អាយុ២៧​ឆ្នាំ។​

    ករណី​ទី​៣-​នៅ​ថ្ងៃទី ៣១.១០.២០១៦ ម៉ោង​៤​ និង​៣០​នាទី​ទៀបភ្លឺ នៅ​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ​ចំនួន​៣​នាក់ បានធ្វើ​សកម្មភាព ប្លន់​ភ្ជង់​យក​ម៉ូតូ តែ​មិនបាន​សម្រេច។ ជនរងគ្រោះ​ឈ្មោះ វ៉ាន់ សុ​ភី ភេទ​ស្រី អាយុ​២៩​ឆ្នាំ។​

    ករណី​ទី​៤-​នៅ​ថ្ងៃទី ០១.១១.២០១៦ ម៉ោង​០៤ ​និង​៤៥​នាទី​ទៀបភ្លឺ នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ មាន​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព ប្លន់​ភ្ជង់​យក​ទូរស័ព្ទដៃ​ម៉ាក I-phone 5s ១​គ្រឿង។ ​ជនរងគ្រោះ​ឈ្មោះ ​សូ ស្រី​ដា ​ភេទ​ស្រី ​អាយុ​២០​ឆ្នាំ​។​

    លទ្ធផល​កិច្ចប្រតិបត្តិការ  ដោយមាន​ការបញ្ជា​ដឹកនាំ​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេ​នី​យ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត។ កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ  ធ្វើការ​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ដោយ​យកចិត្តទុកដាក់​បំផុត រហូត​ឈានដល់​បង្ក្រាប​ស្ទើរ​ទាំងស្រុង ៤ ករណី​ប្លន់​ខាងលើ នៅ​យប់​ថ្ងៃទី​០៤.១១.២០១៦ ដោយ​ចាប់បាន​ជនសង្ស័យ​ដៃដល់ ចំនួន​៣​នាក់។​

    ជនសង្ស័យ​មានឈ្មោះ ទី១.ឈ្មោះ វី ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​មេខ្លោង​កាន់​កាំភ្លើង​ភ្ជង់​បាញ់​), ទី២.ឈ្មោះ ផល ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​សហចារី​)​ និងទី​៣.ឈ្មោះ វេ​ង រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​សហចារី​)​។​​ ជនសង្ស័យ​៣​នាក់​ខាងលើ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

    ដោយឡែក ២​នាក់​ទៀត​ឈ្មោះ ១.​ញឹម ប៌ុ​ន​ថេរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ  ជា​សហចារី  បច្ចុប្បន្នកំពុង​ឃុំខ្លួន នៅ​ពន្ធនាគារ ចាប់ខ្លួន​នៅ​ថ្ងៃទី​២៥.១០.២០១៦ ពីបទ​ចោរកម្ម (​ជនសង្ស័យ​ខាងលើ​សារភាពថា​ឈ្មោះ​ញឹក ប៊ុន​ថេ​នេះ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​នៅ​ថ្ងៃទី​២៥.៦.២០១៦)-២ ស្គាល់​អត្តសញ្ញាណ គេចខ្លួន កំពុង​តាម​ចាប់ ។​

    វត្ថុតាង​ចាប់យក​បាន​១.​ម៉ូតូ​ម៉ាក សេ​១២៥ សេរី​ឆ្នាំ ២០០៣ ឡើង​សេរី​ឆ្នាំ ២០១៤ ជា​មធ្យោបាយ​សម្រាប់ធ្វើ​សកម្មភាព​ប្លន់ ទាំង​៤​លើក។​២.​ទូរស័ព្ទដៃ I-phone 5s ចំនួន​១​គ្រឿង ជា​ផល​អំពើចោរកម្ម (​ប្លន់​ថ្ងៃទី​០១.១១.២០១៦)​។​

    សង្ខេប​ចម្លើយ​ខ្លី ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាន​សារភាព ការភ្ជង់​ប្លន់​៤​ករណី ខាងលើនេះ គឺ​បក្ខ​ពួកខ្លួនមានគ្នា​​៥​នាក់ ជា​អ្នកធ្វើ​សកម្មភាព ចំពោះ​ម៉ូតូ​២​គ្រឿង ដែល​ប្លន់​បានសម្រេច ពួកវា​ជិះ​តាមផ្លូវ នៅ​ស្រុក​ស្ទឹងហាវ ហើយ​ជិះ​តាមផ្លូវ​ព្រះសង្ឃរាជ ឡើងទៅ​ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃនប់ យកទៅលក់​នៅ​ផ្សា​ដី​ហុយ ទីក្រុង​ភ្នំពេញ។​

    ចំពោះ​អាវុធ​ខ្លីម៉ាក K59 ជនសង្ស័យ​ឈ្មោះ វី ដា បាន​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ផ្លូវដី​ហុយ ទីក្រុង​ភ្នំពេញ តំលៃ 500$  ពេល​សមត្ថកិច្ច​ចាប់ខ្លួន​យប់មិញ ភ័យ​ពេក​បោះចោល​តាមផ្លូវ (​កំពុង​រុករក​)។ ជនសង្ស័យ​ខាងលើ កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ៕

មតិយោបល់