បាត់ដំបង ៖ ជនជាតិយួន២៩នាក់ត្រូវបានប៉ូលិសអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះពិនិត្យនិងឃាត់ខ្លួនដែលជ្រកកោនតាមរោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សង្ស័យឆ្លងដែនចូលស្រុកខ្មែរខុសច្បាប់។
លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា មានជនជាតិយួនដែលលួចឆ្លងដែនខុសច្បាប់ជាច្រើននាក់មករស់នៅតាមគោលដៅធ្វើសិប្បកម្មធំៗក្នុងទីក្រុងភ្នំពេញ ហើយថ្មីៗនេះអ្នកទាំងនោះបានច្រាលពីភ្នំពេញយ៉ាងច្រើនចូលមកកាន់បណ្តារោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង។
លោក ឃុន សំបូរ បន្តថា ប្រតិបត្តិការចុះពិនិត្យនិងឃាត់ខ្លួនជនជាតិយួនគ្មានលិខិតស្នាមបញ្ជាក់ពីអត្តសញ្ញាណគ្រប់គ្រាន់នេះត្រូវបន្តធ្វើនៅទូទាំងខេត្តបាត់ដំបងតែម្តង។ ជាក់ស្តែងពេលនេះកម្លាំងជំនាញបានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិយួនលើ៣គោលដៅធំៗជាជំហានដំបូង ក្នុងនោះមានភូមិសាស្ត្រភូមិចិន២កន្លែង ភូមិវត្តរំដួល២កន្លែង ភូមិពោធិវង្ស១កន្លែង និងភូមិរំចេក១ ចំនួន៣កន្លែងក្នុងក្រុងបាត់ដំបង សរុបទាំងអស់ចំនួន២៩នាក់ ក្នុងនោះមានស្រីចំនួន៥ផងដែរ។
ជនជាតិយួនដែលបានឃាត់ខ្លួនខាងលើកម្លាំងជំនាញកំពុងសាកសួរអត្តសញ្ញាណ បើជនណាម្នាក់មិនមានឯកសារត្រឹមត្រូវស្របច្បាប់ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ស្រុកកំណើតវិញ។ រីឯជនដែលមានឯកសារគ្រប់គ្រាន់ក្នុងការរស់នៅត្រូវឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញដែរ៕
