adverise with khmeread Untitled 1

ឪពុក​ឃើញ​ក្អែក​ទំ​លើ​បង្អួច សួរ​កូនប្រុស ដដែលៗ​បួន​ដង​ថា​នោះ​ជា​សត្វ​អ្វី​! កូនប្រុស​បែរជា​ជះ​កំហឹង​ដាក់​ឪពុក​ខ្លួន​យ៉ាង​ឈ្លើយ ប៉ុន្តែ​ពេល​គាត់​ហុច​កំណត់​ហេតុដែល​គាត់​សរសេរ​តាំងពី​កូនប្រុស​នៅ​តូច ឱ្យ​កូន​នោះ​អាន ទឹកភ្នែក​រលីងរលោង​ហូរ​ទប់​អត់​ជាប់​

    ​នៅ​ថ្ងៃមួយ លោកតា​វ័យ ៨០ ឆ្នាំ​ម្នា​ក់បាន​អង្គុយ​នៅលើ​សា​ឡុង​មួយ​ក្នុងផ្ទះ​របស់គាត់​ជាមួយ​កូនប្រុស​អាយុ ៤៥ ឆ្នាំ​របស់គាត់​ដែល​ទទួលបាន​ការអប់រំ​ដ៏​ខ្ពង់ខ្ពស់​។ រំពេច​នោះ សត្វ​ក្អែក​បានមក​ទំ​នៅលើ​បង្អួច​។​

​    ​ឪពុក​បាន​សួរ​កូនប្រុស​ថា "​តើ​នោះ​ជា​អ្វី​កូន​?" កូនប្រុស​បាន​ឆ្លើយតប​ថា "​បាទ​! វា​ជាស​ត្វ​ក្អែក​"​។ ប៉ុន្មាន​នាទី​ក្រោយមក ឪពុក​សួរ​កូនប្រុស​ជា​លើក​ទី​ពីរ​ថា "​តើ​នោះ​ជា​អ្វី​កូន​?" កូនប្រុស​បាន​ឆ្លើយថា " ពុក​ហ្អា៎​! ខ្ញុំ​ទើបតែ​ប្រាប់​ពុក​មិញ​ទេ​។ វា​ជាស​ត្វ​ក្អែក​"​។ មួយសន្ទុះ​ក្រោយមក ឪពុក​សួរ​កូនប្រុស​ជា​លើក​ទី​បី​ថា "​តើ​នោះ​ជា​អ្វី​កូន​"​។ នៅពេលនោះ ការបង្ហាញ​ភាព​ធុញទ្រាន់​បានឮ​តាមរយៈ​សំឡេង​របស់​កូនប្រុស ដោយ​រូបគេ​ឆ្លើយ​ដាក់​ឪពុក​ថា "​វា​គឺជា​សត្វ​ក្អែក សត្វ​ក្អែក សត្វ​ក្អែក ដឹង​នូវ​លោក​ពុក​អើយ​"​។ មួយសន្ទុះ​ក្រោយមកទៀត ឪពុក​សួរ​កូនប្រុស​ជា​លើក​ទី​បួន​ថា "​តើ​នោះ​ជា​អ្វី​កូន​?"​។​

​    ​លើក​នេះ កូនប្រុស​ម្នាក់​នោះបាន​ស្រែក​គំហក​ដាក់​ឪពុក​ថា "​ហេតុ​អី​ពុក​ឯង​សួរ​ខ្ញុំ​សំណួរ​ដដែលៗ​អ៊ីចឹង​? ខ្ញុំ​បាន​ប្រាប់​ពុក​ឯង​ហើយ​ថា វា​គឺជា​សត្វ​ក្អែក​។ តើ​ពុក​ឯង​អត់​ចេះ​ស្តាប់​ភាសា​មនុស្ស​ទេ​អី​?"​។​

​    ​មួយសន្ទុះ​ក្រោយមក ឪពុក​បាន​ចូលទៅក្នុង​បន្ទប់ ហើយ​ចេញ​មកវិញ​ជាមួយ​កំណត់ហេតុ​ដ៏​ចាស់​មួយ ដែល​គាត់​បាន​សរសេរ​ចាប់តាំងពី​កូនប្រុស​គាត់​កើត​។ នៅ​ទំព័រ​ដំបូង គាត់​បាន​សុំឱ្យ​កូនប្រុស​អាន​ទំព័រ​នោះ​។ នៅពេល​កូន​គាត់​អាន កថាខណ្ឌ​ដំបូង​ត្រូវបាន​សរសេរ​ដូចខាងក្រោម​។​

​    ​"​នៅថ្ងៃនេះ កូនប្រុស​តូច​របស់ខ្ញុំ​បាន​អង្គុយ​នៅលើ​សា​ឡុង ហើយ​រំពេច​នោះ សត្វ​ក្អែក​បានមក​ទំ​លើ​បង្អួច​។ កូនប្រុស​ខ្ញុំ​បាន​សួរ​ខ្ញុំ ២៣ ដង​ថា​តើ​នោះ​ជា​អ្វី ហើយ​ខ្ញុំ​បាន​ឆ្លើយតប​កូន​ខ្ញុំ​ទាំង ២៣ ដង​ថា វា​ជាស​ត្វ​ក្អែក​។ ខ្ញុំ​បាន​ឱប​កូន​ខ្ញុំ​ទាំង​ក្តី​ស្រឡាញ់​គ្រប់​ពេលដែល​កូន​ខ្ញុំ​សួរ​ខ្ញុំ​នូវ​សំណួរ​ដដែលៗ​ចំនួន ២៣ ដង​។ ខ្ញុំ​មិនមាន​អារម្មណ៍​ធុញទ្រាន់​នោះទេ ប៉ុន្តែ​ខ្ញុំ​កាន់តែ​ស្រឡាញ់​កូនប្រុស​តូច​របស់ខ្ញុំ​"​។​

​    ​ក្រោយ​អាន​ចប់ កូនប្រុស​ស្រក់​ទឹកភ្នែក នឹក​ដល់​កំហុស​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ដាក់​អ្នកមានគុណ​។ 

​    ​ខណៈ​កូនតូច​សួរ​គាត់ ២៣ ដង​ថា "​តើ​នោះ​ជា​អ្វី​ពុក​?" ឪពុក​មិនមាន​អារម្មណ៍​ធុញទ្រាន់​ឡើយ​ក្នុងការ​ឆ្លើយតប​នូវ​សំណួរ​ដដែលៗ​ចំនួន ២៣ ដង ហើយ​នៅថ្ងៃនេះ គ្រាន់តែ​ឪពុក​សួរ​កូនប្រុស​របស់ខ្លួន​នូវ​សំណួរ​ដដែលៗ​ចំនួន​បួន​ដង​សោះ រូបគេ​ក៏​ធុញទ្រាន់​ទៅហើយ​។​

​    ​ប្រសិនបើ​ឪពុកម្តាយ​របស់​យើង​កាន់​តែមាន​វ័យ​ជរា កុំ​បង្អាក់​ទឹកចិត្ត​របស់​ពួកគាត់ ឬក៏​មើលទៅ​កាន់​ពួកគាត់​ជា​អំ​រែក​ដ៏​ធំ​មួយ ប៉ុន្តែ​ត្រូវ​និយាយ​ទៅកាន់​ពួកគាត់​នូវ​ពាក្យ​ល្អៗ ធ្វើអំពើ​ល្អជា​មួយ​ពួកគាត់ ហើយ​ត្រូវ​គិតដល់​ពួកគាត់​ជានិច្ច​។ ចាប់ពី​ថ្ងៃនេះ​តទៅ យើង​ត្រូវ​និយាយថា "​ខ្ញុំ​ចង់ឃើញ​ឪពុកម្តាយ​របស់ខ្ញុំ​រីករាយ​ជា​រៀងរហូត​។ ពួកគាត់​បាន​មើលថែ​ខ្ញុំ​តាំងពី​តូចក្រូចឆ្មា​រហូតដល់​ធំ​ប៉ុន​ក្រូចថ្លុង​។ ពួកគាត់​តែង​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ​។ ពួកគាត់​បាន​ឆ្លង​ព្យុះភ្លៀង​ជាច្រើន​ដើម្បី​ជួយ​ខ្ញុំ​ឱ្យមាន​អនាគត​ល្អ និង​មុខមាត់​ក្នុងសង្គម​ដូច​សព្វថ្ងៃនេះ​។ ខ្ញុំ​នឹង​បម្រើ​ឪពុកម្តាយ​ចាស់ៗ​របស់ខ្ញុំ​ជាទី​គាប់ចិត្ត​បំផុត​។ ខ្ញុំ​នឹង​និយាយ​ពាក្យ​ល្អៗ​ដាក់​គាត់ មិន​ថា​ពួកគាត់​បង្ហាញ​ឥរិយាបថ​យ៉ាងណាក៏ដោយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់