adverise with khmeread Untitled 1

សិង្ហ​បុរី​ចាប់អារម្មណ៍​ខ្លាំង​លើ​សេវា​ហៅ​ម៉ូតូ​កង់​បី​នៅ​ភ្នំពេញ​តាមរយៈ​កម្មវិធី PassApp Taxi! តើ​លោកអ្នក​ដោ​ន​ឡូត​វា​ហើយ​ឬ​នៅ​?

    ​សម្រាប់​អ្នកដំណើរ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា មធ្យោបាយ​ម៉ូតូ​កង់​បី (Tuk-Tuk) គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​បន្ទាប់ពី​ម៉ូតូឌុប​។​

​    ​ម៉ូតូ​កង់​បី​ចរាចរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ហើយ​វា​មាន​ភាពងាយស្រួល​សម្រាប់​ប្រជាជន​ធ្វើដំណើរ​ទៅ​គោលដៅ​របស់ខ្លួន​។ មនុស្ស​ជាច្រើន​មាន​ភាពងាយស្រួល​ក្នុង​ការហៅ​ម៉ូតូ​កង់​បី​ជិះ ដោយ​គ្រាន់តែ​ងក់ក្បាល លើកដៃ ឬក៏​សម្លឹងមើល​អ្នកបើក​ម៉ូតូ​កង់​បី​ជាការ​ស្រេច​។ អ្នករកស៊ី​ខាង​នេះ​ភាគច្រើន​ស្គាល់​ទីតាំង​ច្បាស់ ហើយ​ពួកគាត់​អាច​ដឹក​អតិថិជន​ទៅគ្រប់​ទីកន្លែង​។​

​    ​ប៉ុន្តែ ម៉ូតូ​កង់​បី​ក៏បង្ក​បញ្ហា​ឈឺក្បាល​ដល់​មនុស្ស​មួយចំនួន​ផងដែរ ព្រោះ​នៅ​ផ្នែក​ស្ងាត់​មួយចំនួន​ក្នុង​ទីក្រុង គេ​កម្រ​ឃើញ​ម៉ូតូ​កង់​បី​ណាស់ ដែល​នេះ​ធ្វើឱ្យ​ប្រជាជន​ពិបាក​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​។ ហើយ​មួយទៀត ថ្លៃ​ធ្វើដំណើរ​ក៏​ជា​បញ្ហា​ប្រឈម​ផងដែរ​ព្រោះ​ម៉ូតូ​កង់​បី​ភាគច្រើន​មិនមាន​ម៉ែត្រ​វាស់​ដូច​តាក់ស៊ី​ម៉ែត្រ​ទេ​។ ដូច្នេះ នេះ​មានន័យថា តម្លៃ​ធ្វើដំណើរ​គឺ​អារកាត់​ដោយ​ការ​ទស្សន៍ទាយ ជាមួយ​អ្នកដំណើរ​ឱ្យ​ថ្លៃ​ដោយ​ពឹង​ផ្អែកទៅលើ​ទីកន្លែង​ជិត​ឆ្ងាយ​ដែល​ពួកគេ​គិតថា ស័ក្តិសម​នឹង​ឱ្យ​ប៉ុណ្ណោះ​។​

​    ​ប្រសិនបើ​អ្នកដំណើរ​ឱ្យ​ថ្លៃ​គួរសម អ្នកបើកបរ​នឹង​ដឹក​ពួកគេ​ទៅដល់​ទីតាំង​។ ជួនកាល​អ្នកដំណើរ​សុខ​ចិត្ត​ស្វែងរក​ម៉ូតូ​កង់​បី​ដទៃទៀត​ដោយសារ​ចរចា​តម្លៃ​មិនត្រូវ​។ រីឯ​ជនបរទេស​វិញ ដែល​មិនដឹង​ពី​បរិបទ​នៅ​ស្រុក​ខ្មែរ ងាយ​ជា​ជនរងគ្រោះ​ដោយសារ​រឿង​ថ្លៃ​នេះ​ណាស់​។​

​    ​ប៉ុន្តែ​រឿង​ដ៏​ឈឺក្បាល​ទាំងនេះ​ប្រហែលជា​នឹង​ផ្លាស់ប្តូរ​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយ​កម្មវិធី​ទូរស័ព្ទ PassApp Taxi ដែលជា​កម្មវិធី​កុ​ម្ម៉ុ​ង​ម៉ូតូ​កង់​បី​ដែល​ទើបតែ​ចេញ​ជា​ផ្លូវការ​នៅ​ទីក្រុង​ភ្នំពេញ​។ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​នៅ​អាមេរិក កម្មវិធី​នេះ​ត្រូវបាន​ណែនាំ​ទៅកាន់​ប្រជាជន​កម្ពុជា​ដោយ​អ្នកដំណើរ​មិន​សប្បាយចិត្ត​ម្នាក់ ដែល​ចង់ឱ្យ​ម៉ូតូ​កង់​បី​ទាំងអស់​មាន​លក្ខណៈ​ងាយស្រួល និង​អ្នកដំណើរ​មិនសូវ​ឈឺក្បាល​។​

​    ​អ្នកដំណើរ​មិន​សប្បាយចិត្ត​និង​ជា​ម្ចាស់​កម្មវិធី​នោះ​គឺ​លោក ប៉ុប និ​មុ​ល វ័យ ៣៤ ឆ្នាំ​មកពី​ខេត្តកំពង់ចាម បាន​និយាយថា "​គ្មាន​នរណាម្នាក់​ចង់​ចរចា​ថ្លៃ​នោះទេ​។ មនុស្ស​រាល់គ្នា​ចង់បាន​ការ​ជិះ​ដ៏​ងាយស្រួល​មួយ និង​បង់ថ្លៃ​ដោយ​យោងតាម​ចម្ងាយ​ដែល​ពួកគេ​ធ្វើដំណើរ​"​។​

​    ​ដូច​អ្នកធ្វើដំណើរ​ឯទៀត​ដែរ ឪពុក​កូន​មួយ​រូបនេះ​ខកចិត្ត​ជាមួយ​សេវាកម្ម​ម៉ូតូ​កង់​បី​ដ៏​អន់​។ អ្នករត់​ម៉ូតូ​កង់​បី​ខ្លះ​ហាក់​បង្ហាញ​ឥរិយាបថ​ឈ្លើយ​ចំពោះ​គាត់ រីឯ​អ្នក​ផ្សេងទៀត បដិសេធ​ជូន​គាត់​ទៅ​គោលដៅ​ព្រោះ​គាត់​មិន​ព្រម​បង់ថ្លៃ​សេវា​ដែល​ត្រូវ​អ្នក​ដឹក​ទាមទារ​អំឡុងពេល​វេលា​ដ៏​មមាញឹក​។ ទោះយ៉ាងណា បន្ទាប់ពី​គាត់​ឆ្លងកាត់​បទពិសោធន៍​នេះ​ប៉ុន្មាន​លើក គាត់​សម្រេចចិត្តថា រឿងនេះ​មិនត្រូវ​ឱ្យមាន​ទៀតឡើយ​។​

​    ​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ចេញ​លើ​ទីផ្សារ PassApp Taxi មាន​អ្នកប្រើប្រាស់​ដល់​ទៅ ២០០ នាក់​ទៅហើយ​។ អ្នករត់​ម៉ូតូ​កង់​បី​ជាង ១០០ នាក់​បាន​ចុះឈ្មោះ​កម្មវិធី​នេះ និង​ចំនួន​អ្នកដំណើរ​ក៏​កំពុង​កើនឡើង​។ លោក​និ​មុ​ល បាន​និយាយថា "​មនុស្ស​ប្រហែល ២០ នាក់​ប្រើប្រាស់​កម្មវិធី​នេះ​ជា​រៀងរាល់ថ្ងៃ ដែល​ភាគច្រើន​ជា​ជនបរទេស​"​។​

​     ទោះយ៉ាងណា អ្នករត់​ម៉ូតូ​កង់​បី​ជាច្រើន​មិន​យល់ស្រប​ចំពោះ​តម្លៃ​កំណត់​នៃ​ការដឹក​ភ្ញៀវ​ឡើយ​។ អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ សុខ​ឃុន ដែល​បាន​រកស៊ី​របរ​នេះ​អស់​រយៈពេល​ប្រាំ​ឆ្នាំ បាន​និយាយថា "​ខ្ញុំ​មិន​ចូលចិត្ត​កម្មវិធី​នេះ​ទាល់តែសោះ​។ ខ្ញុំ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ជាមួយ​ប្រព័ន្ធ​ដែលមាន​ស្រាប់​សព្វថ្ងៃនេះ​។ ជនបរទេស​ឱ្យ​ខ្ញុំ​ច្រើនៗ​"​។ រីឯ​មិត្តភក្តិ​គាត់​ម្នាក់ទៀត​បាន​និយាយថា "​ខ្ញុំ​មិន​ចង់​ប្រើ​កម្មវិធី​នេះឡើយ ព្រោះ​ខ្ញុំ​ត្រូវការ​រកលុយ​បន្ថែមទៀត​"​។​

​    ​បច្ចុប្បន្ន តម្លៃ​ម៉ូតូ​កង់​បី​ហាក់​មាន​ភាពខុសគ្នា​រវាង​ជនបរទេស និង​ជនជាតិខ្មែរ​ផ្ទាល់ ជាមួយ​ប្រជាជន​ខ្មែរ​បង់លុយ​តិចជាង​បរទេស​។ ទោះយ៉ាងណា ជាមួយ​កម្មវិធី PassApp Taxi មនុស្ស​រាល់គ្នា​នឹង​បង់​ស្មើភាព​គ្នា​។​

​    ​អ្នកដំណើរ​ត្រូវ​តម្រូវឱ្យ​បង់ថ្លៃ​ចំនួន ៣០០០ រៀល​សម្រាប់​មួយ​គីឡូម៉ែត្រ​ដំបូង​។ បន្ទាប់មក ម៉ែត្រ​វាស់​នឹង​កំណត់​ទារ​ថ្លៃ ៧០ រៀលរាល់ ៥០ ម៉ែត្រ​។ ដោយ​គ្រាន់តែ​ទម្លាក់ Drop Pin លើ​ទីតាំង​ដែល​ចង់ទៅ អ្នកដំណើរ​ក៏​អាច​មើលឃើញ​ពី​ពេលវេលា​ប៉ាន់ស្មាន​ក្នុង​ការដឹក​ទៅដល់​ទីតាំង និង​ថ្លៃ​សេវា​ផងដែរ​។​

​    ​លោក​និ​មុ​ល បាន​និយាយថា "​អ្នកដំណើរ​អាច​ទទួល​បាន​វិក្កយបត្រ​តាមរយៈ​អ៊ីមែល​ផងដែរ​។ ប្រសិនបើ​ពួកគេ​ចង់​តវ៉ា យើង​មាន​លេខ​ទំនាក់ទំនង​ដែល​ពួកគេ​អាច​តេ​បាន​។ អ្នកបើកបរ​ដែល​បង្ហា​ញ​អត្ត​ច​រិ​ក​មិន​សមរម្យ​នឹងត្រូវ​បាន​ផ្អាក​ពី​សេវា​កម្មនេះ​"​។​

​    ​អ្នករត់​ម៉ូតូ​កង់​បី​ដែល​ប្រើ​កម្មវិធី​នេះ នឹង​កាត់​ភាគរយ​ចំនួន ១០ ភាគរយ​នៃ​ថ្លៃ​ធ្វើដំណើរ​មួយ​ជើងៗ​។ ទោះយ៉ាងណា សេវាកម្ម​នេះ​គឺ​ឥតគិតថ្លៃ​សម្រាប់​ពូៗ​រត់​ម៉ូតូ​កង់​បី​រហូតដល់​ឆ្នាំក្រោយ ខណៈ​លោក​និ​មុ​ល​នឹង​ទាក់ទង​អ្នករកស៊ី​ម៉ូតូ​កង់​បី​ឱ្យ​ងាក​មកប្រើប្រាស់​កម្មវិធី​របស់គាត់​។​

​    ​បច្ចុប្បន្ន លោក​និ​មុ​ល​សហការ​ជាមួយ​សមាគម​ម៉ូតូ​កង់​បី​ធំ​បំផុត​នៅ​កម្ពុជា គឺ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែលមាន​ម៉ូតូ​កង់​បី​ជាង ៦.០០០ ក្រោម​ឆ័​ត្រ​របស់ខ្លួន​ក្នុង​ក្រុងភ្នំពេញ​។ សហគ្រិន​រូបនេះ​ក៏​នឹង​ពិចារណា​ព​ង្រឹ​ក​សេវាកម្ម​នៅ​ខេត្តសៀមរាប និង​ព្រះសីហនុ​នៅ​ថ្ងៃ​អនាគត​ផងដែរ​។​

​    ​ក្រៅពី​ប្រយោជន៍​មុខ​ជំនួញ លោក​និ​មុ​ល​សង្ឃឹមថា កម្មវិធី PassApp Taxi នឹង​ជួយ​ជំរុញ​ដល់​ផ្នត់គំនិត​អ្នករត់​ម៉ូតូ​កង់​បី និង​ផ្លាស់ប្តូរ​សេវាកម្ម​ម៉ូតូ​កង់​បី​នៅ​កម្ពុជា​។​

​    ​លោក​បាន​និយាយថា "​ពួកគាត់​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​។ ពួកគាត់​នឹង​គិតថា ប្រសិនបើ​ពួកគាត់​មិន​ផ្លាស់ប្តូរ ហើយ​ប្រើប្រាស់​ម៉ូតូ​កង់​បី​ម៉ែត្រ នោះ​ពួកគេ​នឹង​មិនមាន​អតិថិជន​។ កម្ពុជា​នឹង​ផ្លាស់ប្តូរ​។ កម្ពុជា​នឹង​ក្លាយជា​ទីតាំង​ដ៏​ល្អ​សម្រាប់អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។ គ្មាន​ការកេងបន្លំ​ទៀតឡើយ​"​។​

​    ​យ៉ាងណាក្តី​លោក​និ​មុ​ល នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​។ អ្នករត់​ម៉ូតូ​កង់​បី​ភាគច្រើន​មិនអាច​និយាយ​ភាសា​អង់គ្លេស​ដើម្បី​ទំនាក់ទំនង​ជាមួយ​ជនបរទេស ហើយ​ពួកគាត់​ខ្លះ​មិន​អាចមក​ទីតាំង​តាម​ពេល​កំណត់​ដោយសារ​ប្រព័ន្ធ GPS បង្ហាញ​ទីតាំង​មិន​ច្បាស់ ឬក៏​ពួកគេ​ជិះ​តាមផ្លូវ​វាង​ឆ្ងាយ​។ អ្នកខ្លះ​ភ្លេច​បើក​ម៉ែត្រ​នៅ​ចំណុច​ដឹក​ភ្ញៀវ​។​

​    ​លោក​និ​មុ​ល​កំពុងធ្វើការ​លើ​បញ្ហា​នេះ ដោយ​គាត់​និយាយថា "​ខ្ញុំ​នឹង​បណ្តុះបណ្តាល​ដល់​អ្នកបើក​បរ​របស់ខ្ញុំ ដោយ​បង្ហាញ​ពួកគាត់​ពី​របៀប​ប្រើប្រាស់​កម្មវិធី និង​របៀប​បម្រើភ្ញៀវ​។ នៅ​ចុង​ឆ្នាំនេះ កម្ម​វី​ធី​នេះ​នឹង​អាច​មើលឃើញ​អក្សរ​ខ្មែរ​។​

​    ​គាត់​បានបញ្ចប់​សេចក្តី​ថា "​ខ្ញុំ​ចង់ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ទំនើប​។ អ្នកដំណើរ​នឹងមិន​បារម្ភ​អំពី​ការ​តថ្លៃ ឬក៏​គិតថ្លៃ​កាប់សាច់​ស្រស់ៗ​ទេ​"៕

​ដកស្រង់​ចេញពី​វេ​ប​សាយ​សិង្ហ​បុរី channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់