Untitled 1

Ashley Cole បញ្ចប់​អាជីព​របស់ Steven Gerrard ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល​

    ​អតីត​តារាបាល់ទាត់​របស់​តោ​ខៀវ Chelsea កីឡាករ Ashley Cole បានបញ្ចប់​អាជីព​ក្នុង​ក្រុម LA Galaxy ដ៏​មាន​សក្តានុពល​របស់​វីរបុរស​ហង្ស​ក្រហម Liverpool កីឡាករ Steven Gerrard បន្ទាប់ពី​បាន​ភ្លាត់ស្នៀត​ឱ្យ​ខក​បាល់​ប៉េ​ណា​ល់​ទី​ដ៏​មាន​សារៈសំខាន់​មួយ ក្នុង​ដំណើរ​ប្រជែង​ពាន​លី​ក Western Conference វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងជំនួប​ជាមួយនឹង Colorado Rapids​។​

​    ​ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល ១-០ នាំមុខ​ដោយ Colorado  Rapids បន្ទាប់ពី Galaxy បានឈ្នះ​ក្នុងការ​ប្រកួត​ជើង​ទីមួយ ១-០ កាលពី​ពីរ​សប្តាហ៍​មុន នាំឱ្យ​ការប្រកួត​ឈានទៅដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដើម្បី​រកមើល​ថា​នរណា​នឹង​ឆ្លងទៅ​វគ្គ​បន្ទាប់​។​

​    ​វីរបុរស​របស់​ហង្ស​ក្រហម Gerrard ដែល​បាន​ផ្លាស់​ចូលក្នុង​នាទី​៧៦ បាន​ចាប់​តួនាទី​ជា​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដំបូង​គេ និង​ធ្វើបាន​សម្រេច​យ៉ាង​ងាយស្រួល​។​

​    ​ប៉ុន្តែ​ក្តី​ស្រមៃ​របស់គាត់​ត្រូវបាន​រលាយ បន្ទាប់ពី Tim Howard អាច​សង្គ្រោះ​គ្រាប់​បាល់​ចេញពី​ជើង​របស់ Ashley Cole ។ រឿង​មួយ​នេះ​ប្រហែលជា​ធ្វើឱ្យ​អតីត​ខ្សែការពារ​ស្លាប​របស់​តោ​ខៀវ Cole មាន​អារម្មណ៍​ខកចិត្ត​មិន​ស្ទើរ​នោះឡើយ ដែល​គាត់​បាន​ចូលរួមចំណែក​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​អតីត​មិត្ត​រួម​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស Gerrard ជា​លើកចុងក្រោយ នៅឯ Galaxy បន្ទាប់ពី​បាន​ចូលរួម​ជាមួយនឹង​ក្រុម​របស់​អាមេរិក​មួយ​នេះ​កាលពី​ឆ្នាំមុន​។​

​    ​នេះ​គឺជា​ប្រកួត​ចុងក្រោយ​បំផុត​របស់ Steven Gerrard សម្រាប់ LA Galaxy បន្ទាប់ពី​វីរបុរស​ប្រចាំ​ទឹកដី Anfield រូបនេះ បានប្រកាស​នៅលើ​បណ្តាញ​សង្គម Instagram មុន​ការប្រកួត​មួយ​នេះ​ថា គាត់​នឹង​បញ្ចប់​អាជីព​របស់គាត់​នៅឯ LA Galaxy ពេលដែល​រដូវ​កាល​នៅ MLS ត្រូវបាន​បញ្ចប់​។​

​    ​យ៉ាងណាក្តី Gerrard ក៏បាន​បង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន​ថា គាត់​នឹង​ដើរ​តាម​គន្លង​របស់ Beckham ដែល​គាត់​នឹងចូលរួម​លេង​ជាមួយនឹង​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប មុននឹង​ប្រកាស​ព្យួរ​ស្បែកជើង​ពី​អាជីព​បាល់ទាត់​របស់ខ្លួន​៕

មតិយោបល់