Unnamed %282%29

ក្រសួងទេសចរណ៍​ឈ្នះ​ក្រសួង​សង្គមកិច្ច ៤-៣ ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​ស្ថាប័ន​

    ភ្នំពេញ ៖ ក្រុម​ក្រសួងទេសចរណ៍​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បន្ទាប់ពី​បាន​យកឈ្នះ​ដោយ​លទ្ធផល ៤​ទល់​៣ នៅក្នុង​ការប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល​F នៃ​ព្រឹត្តិការណ៍​កីឡា បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន លើក​ទី​៤ រដូវ​កាល ២០១៦ កាលពី​យប់មិញ នៅ​ទីលាន​Premium Sport Club​។​

    ២​ប្រកួត​របស់​ក្រសួងទេសចរណ៍ ឈ្នះ​ទាំងពីរ​ប្រកួត មាន​៦​ពិន្ទុ ឈរលើ​កំពូល​តារាង ខណៈ​២​ប្រកួត របស់​ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្មើ​១​ប្រកួត និង​ចាញ់​១​ប្រកួត ទើបនឹង​មាន​១​ពិន្ទុ ប៉ុណ្ណោះ​។ ចំណែកឯ​១​ប្រកួត​ទៀត ក្នុង​ពូ​ល F នេះ កាលពី​យប់មិញ​ដែរ គឺ​ក្រុម​ក្រសួងយុត្តិធម៌ និង​អង្គភាព ប្រឆាំង​អំពើពុករលួយ ចែកគ្នា​ម្នាក់​១​ពិ​ន្ទ បន្ទាប់ពី​បាន​រក្សា​លទ្ធផល​ស្មើគ្នា ១​ទល់​១​។​

    សម្រាប់​ពូ​ល​F នេះ​ក្រុម​ក្រសួងទេសចរណ៍​នឹងត្រូវ​បាន​ឡើងទៅ​វគ្គ​ខ្វែង​ពូ​ល​ដោយ​ស្វ័យប្រវត្តិ​ហើយ បើ ទោះបីជា​ក្រុម​មួយ​នេះ​នៅសល់​មួយ​ប្រកួត​ទៀត​ទោះ​ចាញ់ ឬ​ឈ្នះ​ក៏ដោយ​។​

    កីឡាករ តុ​ប បញ្ញា តំណាង​ក្រុម​ក្រសួងទេសចរណ៍​បាន​ប្រាប់ រស្មី​ហង្ស​មាស HDTV ថា ក្រុម​ក្រសួង ទេសចរណ៍​ធ្វើបាន​ល្អ​កាលពី​២​ប្រកួត​កន្លងទៅ បន្ទាប់ពី​មានការ​លើកទឹកចិត្ត​ពី​លក ថោង ខុន​។​

    កីឡាករ​តំណាង​រូបនេះ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា “​យើង​រំពឹងថា​ក្រុម​នឹងធ្វើ​បានល្អ​នៅ​ប្រកួត​នៅ​វគ្គ​បន្តទៀត ជាពិសេស​យើង​នឹង​ប្តេជ្ញា​ថា​បាន​ឡើងដល់​វគ្គ​ដល់​៨​ក្រុម​ចុងក្រោយ ឬ​វគ្គ​១​ភាគ​៤ បើទោះបីជា​បណ្តា​ក្រុម ដែល ចូលរួម​សុទ្ធតែ​ជាខ្លាំងៗ​ក៏ដោយ​”​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ត្រូវបាន​រៀបចំឡើង បាន​៤​ឆ្នាំ​ហើយដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់ កម្ពុជា FFC ក្នុង​គោលបំណង​ផ្តល់ឱកាស​ល់ដ​ល់​កីឡាករ​ជា​មន្ត្រីរាជការ​មកពី​ក្រសួង និង​ស្ថាប័ន​នានា​បាន លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​រិត​ចំណង​សាមគ្គីភាព​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែម ជា ពិសេស​គឺ​ក្នុង​ស្មារតី​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

មតិយោបល់