1

មហាសេដ្ឋី​លុយ​ពាន់​លាន​ចិន​សុខចិត្ត​កាត់បន្ថយ​ប្រាក់ខែ​ខ្លួនឯង​នៅសល់ ១ សេន លុយ​យ័ន ក្រោយ​ក្រុមហ៊ុន​ខាត​ឡុងចុង​ធ្ងន់ធ្ងរ​

​    ​មហាសេដ្ឋី​ពាន់​លាន និង​ជា​ប្រធាន​ក្រុមហ៊ុន​ចិន LeEco គឺ​លោក Jia Yueting បាន​ទទួលស្គាល់ថា ក្រុមហ៊ុន​បច្ចេកវិជ្ជារ​បស់​គាត់​អស់​លុយ​ដើម្បី​ទ្រទ្រង់​ការខាតបង់​ក្នុង​មុខ​ជំនួញ​ផ្សេងៗ រាប់​ចាប់ពី​រថយន្ត​អគ្គីសនី​រហូតដល់​ទូរស័ព្ទ SmartPhone ទៀតហើយ​។​

​    ​នៅក្នុង​លិខិត​ដ៏​វែង​មួយ​ទៅកាន់​បុគ្គលិក ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​រូបនេះ​បាន​សុំទោស​ដល់​ម្ចាស់​ភាគហ៊ុន​ទាំងអស់ ហើយ​បាន​សន្យាថា នឹង​កាត់​ប្រាក់ចំណូល​របស់ខ្លួន​មក​ត្រឹម ១ យ័ន (០,១៥ ដុល្លារ​) បន្ថយល្បឿន​នៃ​ការពង្រីក​មិនបាន​ប្រយោជន៍​របស់​ក្រុមហ៊ុន LeEco និង​នាំ​ក្រុមហ៊ុន​ឆ្ពោះទៅរក​កំណើន​សន្សឹមៗ​ឡើងវិញ​។​

​    ​LeEco គឺជា​ក្រុមហ៊ុន​សាជីវកម្ម​ដ៏​ធំ​មួយ ដែល​មានមុខ​ជំនួញ​ជាច្រើន រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា រថយន្ត ទូរស័ព្ទ SmartPhone និង​ទូរទស្សន៍​។ ក្រុមហ៊ុន​នេះ​បាន​ស្វះ​ស្វែងរក​មូលនិធិ​ជាច្រើន​ដើម្បី​ដាក់​លើ​ការវិនិយោគ​ដ៏​ប្រថុយប្រថាន មាន​ចាប់ពី​រោងចក្រ​រថយន្ត​អគ្គីសនី​នៅ​រដ្ឋ Nevada រហូតដល់​ការ​ទិញយក​រោងចក្រ​ផលិត​ទូរទស្សន៍ Vizio Inc នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា តម្លៃ ២ ពាន់​លាន​ដុល្លារ​។​

​    ​ក្រុមអ្នកវិភាគ​បានចាប់ផ្តើម​ចោទសួរ​ពី​ការរំពឹងទុក​រយៈពេល​វែង​របស់​ក្រុមហ៊ុន LeEco ដោយ​ផ្តល់នូវ​ភាព​ស្រអាប់​ជុំវិញ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន និង​ការពឹង​ផ្អែកទៅលើ​ឥណទាន​របស់​ម្ចាស់​ភាគហ៊ុន​។​

​    ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Leshi Internet Information & Technology Corp និង Coolpad Group Ltd ដែល​លោក Jia ជា​អ្នកគ្រប់គ្រង​មានការ​ផ្លាស់ប្តូរ​បន្តិច​បន្តួច​បន្ទាប់ពី​ការលក់​ចេញ​នៅ​ថ្ងៃ​ចន្ទ​។ ក្រុមហ៊ុន Coolpad ដែល​ដំឡើង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន LeEco អម​ជាមួយ​ម៉ាក​របស់​ខ្លួនឯង​ផងដែរ បាន​ធ្លាក់ចុះ​ជិត ១៨ ភាគរយ​កាលពី​ថ្ងៃ​ចន្ទ​ដែល​នេះ​ជា​កម្រិត​ទាប​បំផុត​របស់ខ្លួន​ជាង​បី​ឆ្នាំ​មកនេះ​។ រីឯ​ក្រុមហ៊ុន Leshi បាន​កើនឡើង​តិចជាង ១ ភាគរយ ជាការ​កត់សម្គាល់​ពី​ឆ្នាំ​ដ៏​តានតឹង​ខាង​ចំណូល​បំផុត​កាលពី​ថ្ងៃ​ចន្ទ​៕

ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់