adverise with khmeread 1

លោកតែម ម៉ឺន បកស្រាយពីរឿងកីឡាករ ប្រដាល់ ឡៅ ចន្ទ្រា ដែលសម្តែងការមិនពេញចិត្រកីឡាជាតិលើកទី១

​    ​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មានប្រសាសន៍​បកស្រាយ ពី​រឿង​កីឡាករ​ប្រដាល់ ឡៅ ចន្ទ្រា ដែល​បាន​បង្ហោះ​វីដេអូ​មួយ​លើ​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ខ្លួន បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា ជាតិ លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ហើយ​បាន​ពេបជ្រាយ​ដល់​មេដាយមាស​ដែល ឡៅ ចន្ទ្រា ដណ្តើមបាន​ថា​មាន​ប្រាក់រង្វាន់​ត្រឹម​៣០​ម៉ឺន​រៀល ហើយក៏​បាន​សើចចំអក​ដល់ ប្រាក់រង្វាន់​តិចតួច ហើយ​និយាយថា​មេដាយមាស​នោះ​ថា​ជា​មេដាយ​ដែក​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ នេះ​ថា កាលពី​ម្សិលមិញ ថ្នាក់ដឹកនាំ​សហព័ន្ធ​ប្រដាល់​បាន​កោះហៅ​កីឡាករ ឡៅ ចន្ទ្រា និង​គ្រូបង្វឹក​របស់ខ្លួន គឺ​លោក ហង្ស ស៊ឺន មកជួប​ជុំគ្នា​ដើម្បី​ស្វែងរក​មូលហេតុ​ពី​ការលើកឡើង​ចំអក​បែបនេះ​។

​    ​នៅក្នុង​កិច្ចប្រជុំ​នោះ ដោយ​លោក​បាន​អះអាងថា កីឡាករ ឡៅ ចន្ទ្រា បាន​សារភាព​នូវ​ទោសកំហុស​របស់ខ្លួន ដោយ​ថ្លែង​សារ សុំទោស​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ ហើយ​ក៏បាន​បង្ហោះ​សារ​តាមរយៈ​បណ្តាញ​ទំនាក់ ទំនង​សង្គម​របស់ខ្លួន​វិញ​ដែរ​។​

​    ​លោក​បាន​ពន្យល់ថា សហព័ន្ធ​បាន​មើលឃើញថា នេះ​កំហុស​អ​ចេតនា​របស់​ឡៅ​ចន្ទ្រា ហើយ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ប្រដាល់ យើង​មិនត្រូវ​ឃើញ​គ្នា​មាន​កំហុស​ហើយ យើង​ទម្លាក់កំហុស ឬ​ដាក់បន្ទុក​ឲ្យ កាន់តែ​ធ្ងន់ធ្ងរ​នោះឡើយ គឺ​យើង​ត្រូវ​អប់រំ​ណែនាំ​ឲ្យ​ដើរ​តាម​ផ្លូវត្រូវ​វិញ​។ ពីព្រោះ​លោក​ចាត់ទុកថា "​យើង​ជា អាណាព្យាបាល​យើង​ត្រូវ​បំផុសស្មារតី​ឲ្យ​កីឡាករ​រូបនេះ ក៏ដូចជា​កីឡាករ​នានា​ឲ្យ​ចេះ​ប្រើពាក្យ​ពេចន៍​ណា​ដែល សមរម្យ មាន​វិជ្ជាជីវៈ ក្រមសីលធម៌​ខ្ពស់ ពិសេស​គឺ​ក្នុងនាម​ជា​កីឡាករ​ជម្រើសជាតិ​ទៀតសោត គឺ​ត្រូវ​និយាយ អ្វី​ត្រូវ​និយាយ​ក្នុង​ស្មារតី​ជាតិ​ជាធំ​"​។

​    ​លោក​ពន្យល់​ទៀតថា លើ​លោក​យើង​នេះ កីឡា​ត្រូវបាន​ចែកចេញជា​៣ កម្រិត​ធំៗ ហើយ​នៅ​កម្ពុជា​យើង​គឺមាន​តែ​២​ប៉ុណ្ណោះ គឺ​កីឡា​ស្ម័គ្រចិត្ត និង​ពាក់កណ្តាល​អាជីព​ដែល​កីឡាករ កីឡាការិនី​ពាក់កណ្តាល​អាជីព​នៅ​កម្ពុជា​សំដៅ​ទៅលើ​ក្រុម​ជម្រើសជាតិ​នោះ​ហើយ​។

​    ​ដូច្នេះហើយ​លោក​ស្នើសុំ ឲ្យ​មហាជន​នានា ជាពិសេស​គឺ​អ្នកលេង​ហ្វេ​ស​ប៊ុ​កយល់​ពី​ការពិត​ទាំងនេះ​។

​    ​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ ដែរ​គឺមាន​រដ្ឋអំណាច​ខាង​កីឡា​គ្រប់គ្រង​ពីលើ​ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវ ជន និង​កីឡា​ជាដើម ដែល​សហព័ន្ធ​សា​ម៉ី​មិនមែន​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ខ្លួនឯង​នោះទេ ។​ពោលគឺ​អនុវត្តតាម​គោល ការណ៍​ថ្នាក់ដឹកនាំ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​។​

​    ​កន្លងមក​លោក​តែម ម៉ឺន ក៏​ធ្លាប់បាន​រង​នូវ​ពាក្យ​ចោទប្រកាន់​ជាច្រើន​ផងដែរ​ទាក់ទង​ទៅនឹង​ការផ្តល់ ប្រាក់រង្វាន់​នេះដែរ ប៉ុន្តែ​បាន​អះអាងថា ប្រាក់រង្វាន់​ចំនួន​៣០​ម៉ឺន​រៀល សម្រាប់​មេដាយមាស កីឡា​ជាតិ ផ្នែក កីឡាប្រដាល់​នេះ មិនមែនជា​ប្រាក់​តម្លៃ​ខ្លួន​នោះទេ ។​ប៉ុន្តែ​វា​ជា​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ពី​ជាតិ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​អ្នកសម្រេច រីឯ​សហព័ន្ធ​ទាំងអស់​រ៉ាប់រង​តែ​លើ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ ។​

​    ​ដូច្នេះហើយ​លោក​ស្នើសុំ​ឲ្យ​មហាជន​ទាំងអស់​មេត្តា​យល់​ពី​ការពិត​ទាំងអស់នេះ​ផង​។ ប្រធាន​សហព័ន្ធ​ប្រដាល់​រូបនេះ​បាន លើក​ឧទាហរណ៍​ថា មេដាយមាស ប្រាក់ ឬ​សំរិទ្ធ​ដូចជា​ស៊ី​ហ្គេម និង​ទ្វីបអាស៊ី មិន​ដែលមាន​ប្រាក់ឧបត្ថម្ភ​ពី​ការ ប្រកួត​នោះឡើយ គឺ​មានតែ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​ប្រទេស​រៀងខ្លួន​ប៉ុណ្ណោះ​។ មេដាយ​ដែល​ដណ្តើម បាន​ពី​ជាតិ​នីមួយៗ​នោះ​គឺជា​កិត្តិយស និង​មោ​ធ​ទ​ន​ភាព​របស់​ជាតិ​នីមួយៗ មិនអាច​កាត់ថ្លៃ​បានឡើយ​។​

​    ​ជា​ចុងក្រោយ​លោក​តែម ម៉ឺន បញ្ជាក់ថា​ថ្មី​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ ថ្វីត្បិតតែ​ត្រូវបាន​រៀបចំ ឡើងជា​លើក​ទី​១​មែន ប៉ុន្តែ​វា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ ដើម្បី​ធ្វើ​ឲ្យ មាន​ភាពជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់ នៅ​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ខាងមុខ​៕​

 

adverise with khmeread

មតិយោបល់