adverise with khmeread 1

ប៉េអឹម​ឃាត់ខ្លួន​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ម្នាក់ រឿង​ជំពាក់​ប្រាក់​ទិញ​គ្រឿងសំណង់​ជាង​២០​ម៉ឺន​ដុល្លារ​

    កំពត ៖ លោក អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា គឺ​លោក នាក់ សំបូរ អាយុ​ជាង​៣០​ឆ្នាំ ត្រូវបាន​កម្លាំង​មន្ទីរ​យុ​ត្តិ​ធ​ម៍​អាវុធហត្ថ​ខេត្តកំពត ចាប់ខ្លួន រឿង​ជំពាក់​ប្រាក់​អ្នកលក់​គ្រឿងសំណង់​រហូតដល់​ជាង​២០​​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​កសាង​វត្ត​មួយ​នៅ​ខេត្តកំពត ដើម្បី​ចង់បាន​ងារ​ជា​ឧកញ៉ា​។​

    លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​អាវុធហត្ថ​ខេត្តកំពត និង​ជា​ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍ បានឱ្យដឹងថា រហូតមកដល់​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ ​លោក នាក់ សំបូរ កំពុង​ស្ថិតក្រោម​ការសួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តកំពត​នៅឡើយ​។​

    លោក ហែម ចាន់​ដា​រ៉ា បានឱ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ជាង​១១​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​ត្រពាំង​រាំង​ ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឃុំខ្លួន​ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក ហុង សុ​គុណ​វ​ឌ្ឍ​នា ចៅក្រម​ស៊ើប​សួរ នៃ​សាលាដំបូង​ខេត្តកំពត ពីបទ​"​រំលោភ​លើ​ទំនុកចិត្ត​"​។​

    មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​បង្ហើប​ឱ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ដែលជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ បាន​ធ្វើឡើង​ដោយសារតែ​គាត់ បាន​ទៅ​ទិញ​គ្រឿងសំណង់​របស់គេ យកទៅ​កសាង​វត្ត​រហូតដល់​ជាង​២០​​ម៉ឺ​ន​ដុល្លារ តែ​មិន​ព្រម​សង​។​

    មន្ត្រី​ក្រសួង​ធម្មការ​ម្នាក់ បាន​ឱ្យដឹងថា លោក នាក់ សំបូរ ពិត​ជាមាន​តួនាទី ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ ពិតប្រាកដ​មែន តែ​ទើបនឹង​ទទួលបាន​ព្រះរាជក្រឹត្យ តែងតាំង​នាពេល​ថ្មីៗ​នេះ​ទេ​។​

    បើតាម​មន្ត្រី​ដដែល​នេះ លោក នាក់ សំបូរ ពីមុន​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​ប្រទេស​ថៃ ហើយ​ក្រោយមក​ត្រូវបានតែងតាំង​ជា​ជំនួយការ​លោក មិន ឃិន អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ។ ​តែ​ក្រោយពេល​លោក មិន ឃិន ទទួលមរណៈភាព​ទៅ ស្រាប់តែ​ទៅ​រត់ការ បាន​រហូត​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​តែម្តង​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

    មន្ត្រី​រូបនេះ បាន​បន្តទៀតថា លោក នាក់ សំបូរ រូបនេះ បាន​អួត​ប្រាប់​គេឯង​ពេញ​ក្រសួង រឿងរ​កស៊ី ជាពិសេស​នាំ​ឈ្មួញ​ថៃ​មក​ទិញ​ដី​នៅ​ស្រុក​ខ្មែរ​ជា​ហូរហែរ ហើយក៏​ធ្លាប់បាន​ប្រកាសប្រាប់​គេឯង​ថា មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង​ទៀតផង​។​

    ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​រូបនេះ បានធ្វើ​ឡើងខណៈ​ដែល​លោក​បាន​ចេញពី​កម្មវិធី ប្រារព្ធ​ខួប​ថ្ងៃ​ឯករាជ្យ ៩ វិច្ឆិកា ហើយ​ទៅ​ខេត្តកំពត ជាមួយ​មន្ត្រី​ស្ថានទូត​ថៃ ដើម្បី​ចូលរួម​បុណ្យកឋិន​៕

adverise with khmeread

មតិយោបល់