adverise with khmeread 1

ព័ត៌មានលម្អិតទាក់ទងស្នេហាត្រីកោណឈានដល់ការបាញ់សម្លាប់លោកផ្កាយ ២

    ភ្នំពេញ ៖ ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​នៅក្នុង​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) បណ្តាលឱ្យ​ស្លាប់​និង​របួស​មនុស្ស ចំនួន​ ៣ ​នាក់ កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១០ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ចុងក្រោយ​គឺ​ស្លាប់​ទាំង ​៣​ នាក់​ (​ស្រី​ម្នាក់​)។​

    ហេតុការណ៍​បាញ់ប្រហារ​គ្នា​នេះ ស្ថិតនៅ​ទីតាំង ផ្ទះ​លេខ​២៤​ ផ្លូវ​លេខ​៥៥៤​ កែង​ផ្លូវ​លេខ​៣១៣ ​ក្រុមទី​៣៧ ភូមិ​១០ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​ ដែល​ជំហាន​ដំបូង​សមត្ថកិច្ច​ថា ​"​ជា​ករណី​ទំនាស់​"។ ប៉ុន្តែ​សាក្សី​នានា​បញ្ជាក់ថា ទំនាស់​ខាងលើនេះ​ផ្តើមចេញពី ​"​បញ្ហា​ស្នេហា​ត្រីកោណ​"។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា អ្នក​ដែល​ស្លាប់​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុំ សុភា (មិនមែនឈ្មោះ អ៊ុំ សុធាទេ) ភេទ​ប្រុស អាយុ​​ ៣​៦ ​ឆ្នាំ ប្រធាន​នាយកដ្ឋាន ធនធានមនុស្ស​NPMEC ស្នាក់នៅផ្ទះលេខ៨៧ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ស្លាប់នៅក្នុងអគារជាន់ទី២,​ ២-​លោក​អនុ​សេនីយ៍ឯក សែន រដ្ឋា​ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរកងការពារលោកស័ក្ដិ៥ម្នាក់ ស្នាក់នៅភូមិអូរចារ ឃុំអន្លូងវែង ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់ (បានបាញ់សម្លាប់លោកផ្កាយ២ និងនារីរងគ្រោះរួចហើយបាញ់សម្លាប់ខ្លួនឯង) និង​៣-​ស្ត្រីរងគ្រោះឈ្មោះ សេង​ ម៉ាលីណា អាយុ​​ ៣៥ ​ឆ្នាំ មុខរបរលេខា មានឋានន្តរស័ក្ដិអនុសេនីយ៍ទោ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២១៧ សង្កាត់-ខណ្ឌដង្កោ ស្លាប់នៅមន្ទីរពេទ្យលោកសង្ឃ។​

    ប៉ូលិសបន្តថា ​ជនរងគ្រោះឈ្មោះ អ៊ុំ សុភា មានទំនាក់ទំនងសេ្នហាជាមួយជនរងគ្រោះ សេង ម៉ាលីណា ហើយជនបង្កឈ្មោះ សែម រដ្ឋា ក៏បានស្រលាញ់ ជនរងគ្រោះឈ្មោះ សេង ម៉ាលីណា ដែរ ព្រមទាំងសុំ រៀបការ។ ដំបូងនាងយល់ព្រម តែក្រោយមកបដិសេធវិញ ទើបជនបង្កខឹងនឹងជនរងគ្រោះឈ្មោះ អ៊ុំ សុភា។ 

    លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៨ និង៤៥នាទី ជនបង្កបានជួបជនរងគ្រោះឈ្មោះ អ៊ុំ សុភា នៅកន្លែងធ្វើការជាន់ទី២ ក៏ដកកាំភ្លើងបាញ់ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ហើយជនបង្ក បានរត់ឡើងទៅជាន់ទី៥ ចូលបន្ទប់ជនរងគ្រោះ សេង ម៉ាលីណា ហើយបាញ់ជនរងគ្រោះរបួស ហើយក៏ បាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់នោះ។ បន្ទាប់មក​នារី​រងគ្រោះ​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​លោកសង្ឃ។ ​សរុប​ករណី​ហេតុការណ៍​បាញ់ប្រហារ​គ្នា​គឺ​ស្លាប់​ទាំង​៣​នាក់៕

ជនរងគ្រោះលោក អ៊ុំ សុភា កាលនៅរស់

ជនដៃដល់កាលនៅរស់

adverise with khmeread

មតិយោបល់